ពួក​អាល់​កៃ​ដា​ព្រមាន “​ដាក់ទណ្ឌកម្ម​” មី​យ៉ាន់​ម៉ា ជុំវិញ​បញ្ហា​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​

248

​ពួក​សកម្មប្រយុទ្ធ​អាល់​កៃ​ដា​បាន​អំពាវនាវ​ឱ្យមាន​ការគាំទ្រ​ដល់​ក្រុម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​របស់​មី​យ៉ាន់​ម៉ា​ដែល​កំពុង​ប្រឈម​នឹង​ការបង្ក្រាប​ដោយ​កងកម្លាំង​សន្តិសុខ​ដែល​បាន​បញ្ជូន​ជនភៀសខ្លួន​ប្រហែល ៤០ ម៉ឺន​នាក់​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស ដោយ​ព្រមាន​ថា មី​យ៉ាន់​ម៉ា​នឹង​ប្រឈម “​ការដាក់ទណ្ឌកម្ម​” ចំពោះ “​ឧក្រិដ្ឋកម្ម​” របស់ខ្លួន​។​

​ការចាកចេញ​របស់​ជ​ន​ភៀសខ្លួន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ពី​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​កាន់សាសនា​ពុទ្ធ​ភាគច្រើន​នេះ ត្រូវបាន​បង្កឡើង​ដោយ​ការឆ្លើយតប​យ៉ាងខ្លាំង​ក្លា​របស់​កងកម្លាំង​សន្តិសុខ​ទៅនឹង​ការវាយប្រហារ​ជា​បន្តបន្ទាប់​របស់​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ទៅលើ​ប៉ុស្តិ៍​ប៉ូលិស​និង​ទីតាំង​កងទ័ព​នៅ​ភាគ​ខាងលិច​ប្រទេស​នេះ​កាលពី​ថ្ងៃទី ២៥ ខែសីហា​។​

​ក្រុម​អ៊ីស្លាម​និយម​នៅ​ពីក្រោយ​ការវាយប្រហារ​ថ្ងៃទី ១១ ខែកញ្ញា​ឆ្នាំ ២០០១ លើ​សហរដ្ឋអាមេរិក​នេះ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ជំរុញ​ឱ្យ​ប្រជាជន​មូស្លីម​នៅ​ជុំវិញ​ពិភពលោក​គាំទ្រ​ដល់​បងប្អូន​មូស្លីម​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ជាមួយ​ជំនួយសម្ភារៈ អាវុធ និង “​ការគាំទ្រ​ផ្នែក​យោធា​” ។​

​ក្រុម​អាល់​កៃ​ដា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការប្រព្រឹត្ត​ដ៏​សាហាវ​លើ​បងប្អូន​មូស្លីម​របស់​យើង​… មិន​អាចឱ្យ​រួចខ្លួន​ដោយ​គ្មាន​ការដាក់ទណ្ឌកម្ម​បានឡើយ​។ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ត្រូវតែ​ភ្លក្ស​នូវ​អ្វីដែល​បងប្អូន​មូស្លីម​របស់​យើង​បាន​ភ្លក្ស​”​។​

​មី​យ៉ាន់​ម៉ា​និយាយថា​កងកម្លាំង​សន្តិសុខ​របស់ខ្លួន​កំពុង​ចូលរួម​នៅក្នុង​យុទ្ធនាការ​ស្របច្បាប់​ប្រឆាំងនឹង “​ពួក​ភេរ​វករ​” ដែល​ខ្លួន​បាន​បន្ទោស​ចំពោះ​ការវាយប្រហារ​ទៅលើ​ប៉ុស្តិ៍​ប៉ូលិស​និង​កងទ័ព​និង​លើ​ជន​ស៊ីវិល​។​

​រដ្ឋាភិបាល​បាន​ព្រមាន​អំពី​ការវាយប្រហារ​ដោយ​គ្រាប់បែក​នៅតាម​ទីក្រុង​នានា ហើយ​ការអំពាវនាវ​របស់​ក្រុម​អាល់​កៃ​ដា​ទំនងជា​ធ្វើឱ្យមាន​ការព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​។​

​ក្រុម​អាល់​កៃ​ដា​បាន​និយាយថា “​យើង​សូម​អំពាវនាវ​ដល់​បង​ប្អូន​មូស្លីម​ទាំងអស់​នៅ​បង់​ក្លា​ដែ​ស ឥណ្ឌា ប៉ា​គី​ស្ថាន និង​ហ្វីលីពីន​ឱ្យទៅ​ប្រទេស​ភូមា ដើម្បី​ជួយ​បងប្អូន​មូស្លីម និង​ដើម្បី​រៀបចំ​ការត្រៀម​លក្ខណៈ​និង​ការបណ្តុះបណ្តាល​ចាំបាច់​ដើម្បី​ទប់ទល់​នឹង​ការគាបសង្កត់​បែបនេះ​”៕ ដោយ៖ កញ្ញាដាលីស

ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាង​រាប់សែន​នាក់​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា​ទៅ​បង់​ក្លា​ដែ​ស