ពួក​អាវកាក់​ពណ៌​លឿង​ជាង​៨​ម៉ឺ​នាក់​ចេញមក​តវ៉ា​នៅ​ទីក្រុង​៦ ទោះជា​ប្រធានាធិបតី​ចាប់ផ្តើម​ការតស៊ូ​មតិ​ថ្នាក់ជាតិ​

238
ចែករម្លែក
  • 19
    Shares

​ធនាគារ​មួយ​រង​ការវាយប្រហារ អាគារ​រដ្ឋ​មួយ​ត្រូវបាន​បំផ្លាញ​និង​កុប​កម្មបាន​ផ្ទុះឡើង​នៅជាប់​ផ្នូរ​សព​អធិរាជ​ណាប៉ូឡេអុង បូ​ណា​ប៉ាត៍ ខណៈ​ពួក​អាវកាក់​ពណ៌​លឿង​​ប្រមាណ​៨៤.០០០​នាក់​ចេញមក​តវ៉ា​ទាមទារ​ដល់​ចុង​សប្តាហ៍​ទី​១០​។​

​ពួក​អ្នក​តវ៉ា​បាន​ចោល​ផាវ ដប​និង​ដុំថ្ម​ដាក់​ប៉ូលិស​ដែល​បាន​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក ទឹក​និង​កាំភ្លើង​គ្រាប់​ជ័រ ព្រមទាំង​ដំបង​ដើម្បី​រុញច្រាន​ពួកគេ​។​

​យោងតាម​តួលេខ​ផ្លូវការ បាតុកម្ម​ធំ​បំផុត​កាលពី​ថ្ងៃ​សៅរ៍​បានកើត​ឡើង​នៅ​ក្រុង​ទូ​លូ​សភាគ​ខាងត្បូង ដោយមាន​មនុស្ស​ប្រមាណ​១០.០០០​នាក់​ចូលរួម​។​បាតុកម្ម​បាន​​ប្រែជា​ហិង្សា​នៅពេល​ល្ងាច ខណៈ​ពួក​បាតុករ​បាន​វាយបំផ្លាញ​ធនាគារ​មួយ​និង​ហាង​ទំនិញ​។​

​មនុស្ស​៨​នាក់​បាន​រងរបួស​និង​២៣​នាក់​ត្រូវ​ចាប់ខ្លួន​។​

​បាតុកម្ម​ក៏មាន​នៅ​ក្រុង​ប័​រ​ដូ​,​លី​យ៉ុង​និង​ម៉ា​សី ខណៈ​អាគារ​រដ្ឋ​ត្រូវបាន​វាយប្រហារ​នៅ​ក្រុង​អង់​ហ្គែ​រ​។​នៅ​ក្រុងប៉ារីស បាតុករ​ខ្លះ​បាន​សែង​ក្តារ​មឈូស​ក្លែងក្លាយ តំណាង​​អោយ​មនុស្ស​១០​នាក់​ដែល​បាន​ស្លាប់​ក្នុងអំឡុង​ការតវ៉ា​ពេលកន្លងមក​។​

​សូមបញ្ជាក់ថា បាតុកម្ម​នេះ​ផ្តើមចេញពី​ផែនការ​ដំឡើង​ពន្ធ​ប្រេងម៉ាស៊ូត​របស់​ប្រធានាធិបតី អេ​ម​ម៉ា​នុយ​អែល ម៉ា​ក្រុង ដែល​ត្រូវបាន​អ្នក​តវ៉ា​ប្រឆាំង​ចោទប្រកាន់ថា មិន​អើ​​ពើ​អ្នកក្រីក្រ កម្មករនិយោជិត​វណ្ណៈ​កណ្តាល​ដែល​ពឹង​លើ​យានជំនិះ​ផ្ទាល់ខ្លួន​ដើម្បី​ធ្វើដំណើរ​ចូលមក​ធ្វើការ​តាម​ទីក្រុង​ខណៈ​ការចំណាយ​លើ​ជីវភាព​កំពុង​ជួប​បញ្ហា​ស្រាប់​។​​តែ​បន្ទាប់ពី​រដ្ឋាភិបាល​បារាំង​លុបចោល​ផែនការ​ដំឡើង​ពន្ធ​ប្រេង និង​ធ្វើ​សម្បទាន​មួយចំនួនទៀត​ដើម្បី​ជួយ​ប្រជាជន​ចំណូល​ទាប ការតវ៉ា​ទាមទារ​របស់​ពួក​ដែល​ហៅ​ខ្លួន​​ឯង​ថា​«​ចលនា​អាវកាក់​ពណ៌​លឿង​» មិន​ត្រូវបាន​បញ្ឈប់​ទេ​។​

​ការ​ងើប​ប្រឆាំង​រដ្ឋាភិបាល​បែបនេះ​បាន​បង្ក​ការបំផ្លិចបំផ្លាញ​នៅ​ទីក្រុង​ប៉ារីស​និង​នៅតាម​ទីក្រុង​នានា​របស់​បារាំង ដោយ​ធ្វើឱ្យ​អង្រួន​ដល់​សេដ្ឋកិច្ច​និង​ជំទាស់​នឹង​សិទ្ធិ​​អំណាច​របស់គាត់​។​

​ប្រធានាធិបតី​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង កាលពី​ថ្ងៃអាទិត្យ​ទី​១៣​មករា​បានចាប់ផ្តើម​ការតស៊ូ​មតិ​ថ្នាក់ជាតិ​រយៈពេល​៣ ខែ​ដែល​គាត់​សង្ឃឹមថា​អាច​លុបបំបាត់​ភាពចលាចល​របស់ “​ចលនា​អាវកាក់​ពណ៌​លឿង​” ជាមួយ​សារលិខិត​មួយ​ផ្ញើ​ទៅ​ប្រជាជន​បារាំង ដែល​ក្នុងនោះ​គាត់​បាន​សន្យា​ស្តាប់​គំនិត​ថ្មីៗ ប៉ុន្តែ​ប្រកាន់ខ្ជាប់​នឹង​របៀបវារៈ​កំណែទម្រង់​សេដ្ឋកិច្ច​ស្នូល​របស់គាត់​៕ដោយ៖វាសនា