ពួក​អឺរ៉ុប​មើលទៅ​ចិន​ជា​ដៃគូ​សកល​, ចំពោះ​សហរដ្ឋ​អាម៉េរិក​របស់​ត្រាំ​គឺ​មើលរំលង​

170
ចែករម្លែក

​នៅពេល​ប្រធានាធិបតី​បារាំង​ចង់យក​ក្តីកង្វល់​របស់​អឺរ៉ុប​ទៅកាន់​ឆាក​ពិភពលោក​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ឬ​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ លោក​លែង​តេ​ទូរស័ព្ទ​ទៅរក​វ៉ាស៊ីនតោន​ទៀតហើយ គឺ គាត់​ហោះ​ទៅ​ទីក្រុង​ប៉េកាំង​វិញ​ម្តង​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានាធិបតី​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង​ទៅកាន់​ប្រទេស​ចិន​នៅ​សប្តាហ៍​នេះ​បង្ហាញថា សហរដ្ឋ​អាម៉េរិក​កំពុង​ប្រឈម​នឹង​ហានិភ័យ​ឈរ​នៅក្រៅ​ឆាក​ពិភពលោក​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​។ ឱកាស​តែមួយ​អាច​និយាយ​ពាក្យ​ច្រើន​រាប់មិនអស់ ៖ ប្រធានាធិបតី​ចិន​លោក​ស៊ី ជិន​ពីង​បាន​ភ្លក្ស​ស្រា​បារាំង ដែល​រដ្ឋបាល​ត្រាំ​ថ្មីៗ​នេះ​បាន​ដំឡើង​ពន្ធ​ថ្មី​យ៉ាងច្រើន​សម្បើម​។​

​លោក​ម៉ា​ក្រុង​បានបង្ហាញ​ខ្លួន​គាត់​ជា​អ្នកការទូត​សម្រាប់​សហភាព​អឺរ៉ុប​មួយ​ទាំងមូល ដោយបាន​ពាំនាំ​សារ​ថា ប្លុក​នេះ​បោះបង់ចោល​លោក​ត្រាំ ដែល​មិន​លាក់បាំង​ការ​មើលងាយ​របស់គាត់​ចំពោះ​ពហុភាគី​និយម​។​

​ខណៈ​រដ្ឋបាល​ត្រាំ​ចាប់ផ្តើម​ដំណើរការ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​ឆ្នាំ ២០១៥ បារាំង​និង​ចិន​បានចេញ “​សេចក្តីអំពាវនាវ​ទីក្រុង​ប៉េកាំង​” កាលពី​ថ្ងៃ​ពុធ​ទី​៦​វិច្ឆិកា​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ពិភពលោក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​និង​ការពារ​ជីវចម្រុះ​កាន់តែ​ប្រសើរ​។ ប្រទេស​ទាំងពីរ​សម្តែង​ការសោកស្តាយ​ចំពោះ​ការដកខ្លួន​របស់​សហ​រដ្ឋ​អាម៉េរិក​។​

​លោក​ម៉ា​ក្រុង​និយាយថា “​ការជ្រើសរើស​យក​ភាព​ឯកោ​របស់​ប្រទេសមួយ​មិនអាច​ផ្លាស់ប្តូរ​ទិសដៅ​របស់​ពិភពលោក​បានទេ​។ វា​បានត្រឹមតែ​នាំឱ្យ​បាត់បង់​ឱកាស​ខ្លួនឯង​ប៉ុណ្ណោះ​”​។​

​ខណៈដែល​ប្រធានាធិបតី​ចិន​បាន​ភ្លក្ស​ស្រា​និង​សាច់គោ​គុណភាព​ខ្ពស់​របស់​បារាំង​នៅឯ​ពិព័រណ៍​នាំចូល​មួយ​ក្នុង​ទីក្រុង​សៀង​ហៃ លោក​ម៉ាក្រូ​បាន​ជំរុញឱ្យមាន​ការបើក​ទីផ្សារ​ចិន​កាន់តែ​ទូលំទូលាយ​ចំពោះ​ផលិតផល​អឺរ៉ុប​។​

​លោក​ម៉ា​ក្រុង​បាន​ប្រាប់​អ្នកកាសែត​ថា “​ខ្ញុំ​គិតថា​គាត់​បាន​ស្គាល់​រសជាតិ​ស្រា Languedoc​។ គាត់​មិន​ធ្លាប់​ស្គាល់​ស្រា​នេះ​ទេ ប៉ុន្តែ​គាត់​ចូលចិត្ត​វា​។ គាត់​បាន​ភ្លក្ស​ស្រា​បុរាណ Burgundy និង Bordeaux ផងដែរ​”​។

​លោក​ស៊ី​និយាយថា មេដឹកនាំ​ទាំងពីរ​កំពុង​បញ្ជូន “​សញ្ញា​ខ្លាំងក្លា​មួយ​ទៅកាន់​ពិភពលោក​អំពី​ការប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​ពហុភាគី​និយម​និង​ពាណិជ្ជកម្ម​សេរី​ក៏ដូចជា​ការធ្វើការ​ជាមួយគ្នា​ដើម្បី​កសាង​សេដ្ឋកិច្ច​បើកទូលាយ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ម៉ា​ក្រុង (​ឆ្វេង​) ចាប់ដៃ​លោក​ស៊ី បន្ទាប់ពី​ពិធី​ចុះ​ហេ​ត្ថ​លេខា​នៅ​មហា​វិមាន​ប្រជាជន​ចិន​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ពុធ