ហាង​កាហ្វេ​ហ្វីលីពីនមួយ​បង្កើត​ទុយោ​បឺត​ចេញពីស្លឹកដូង​

524
ចែករម្លែក

​ម្ចាស់​ហាង​កាហ្វេ​មួយ​នៅ​កោះ​សាយ​អា​ហ្គៅ (Siargao) ក្នុងប្រទេស​ហ្វីលីពីន បាន​ដាក់ចេញ​វិធីសាស្ត្រ​ការពារ​បរិស្ថាន​មួយ ដោយ​ប្រើប្រាស់​ស្លឹកដូង​ធ្វើជា​ទុយោ​បឺត​ជំនួស​ឱ្យ​ប្លា​ស្ទិ​ក​។

​ការផ្លាស់ប្តូរ​របស់​ម្ចាស់​ហាង​កាហ្វេ​មួយ​នេះ​ឆ្ពោះទៅរក​ការ​អនុវត្ដ​ដើម្បី​ការពារ​បរិស្ថាន​គឺ​ស្របគ្នា​ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល​ដើម្បី​បញ្ចប់​ការបំពុល​ដោយ​ប្លា​ស្ទិ​ក ជា​បញ្ហា​មួយ​ដែល​បាន​រីក​រាលដាល​ដល់​មហាសមុទ្រ​និង​ជីវិត​សត្វ​សមុទ្រ​។​

​លោកស្រី​សា​រ៉ា ទីវ (Sarah Tiu) អាយុ ៣៧ ឆ្នាំ ជា​អ្នកគ្រប់គ្រង​ហាង​កាហ្វេ Cafe Editha ក្នុង​ទីក្រុង​ដា​ប៉ា (Dapa) នៃ​ខេត្ត​ស៊ូ​រី​ហ្គៅ​ឌែ​ល​ណត (Surigao del Norte) បាន​ប្រាប់​វេ​ប​សាយ Inquirer.net ថា លោកស្រី​បានសម្រេច​ចិត្ត​ប្រើប្រាស់​ទុយោ​បឺត​ធ្វើ​ពី​ស្លឹកដូង បន្ទាប់ពី​ដើរលេង​កម្សាន្ត​ជាមួយ​គ្រួសារ​របស់លោក​ស្រី​ទៅកាន់​តំបន់​ខូ​រី​ហ្គី​ដ័​រ (Corregidor) នៅលើ​កោះ​សាយ​អា​ហ្គៅ​។​

​លោកស្រី​ធី​វ​បាន​និយាយថា “​យើង​បាន​ទិញ​ដូង​ស្រស់ ហើយ​ពួកគេ​បាន​កាត់​ស្លឹកដូង​ធ្វើជា​ទុយោ​បឺត​។ ដូច្នេះ​យើង​បាន​សុំឱ្យ​ពួកគេ​បង្រៀន​យើង​ពី​របៀប​ធ្វើ​ទុយោ​ស្លឹកដូង ពីព្រោះ​យើង​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​គំនិត​នេះ​”​។​

​ដោយសារ​លោកស្រី​តែងតែ​ចង់​លុបបំបាត់​ការប្រើ​ប្លា​ស្ទិ​ក​នៅក្នុង​ហាង​របស់​លោកស្រី លោកស្រី​បាន​រៀបរាប់​ពី​ការប្រើប្រាស់​ជម្រើស​ផ្សេង​ជាច្រើន​ជំនួស​ប្លា​ស្ទិ​ក​។​

​លោកស្រី​បាន​និយាយថា “​យើង​បាន​ព្យាយាម​ប្រើ​ទុយោ​អ៊ី​ណុ​ក​និង​ទុយោ​ក្រដាស ប៉ុន្តែ​អតិថិជន​របស់​យើង​មិន​ចង់​ប្រើ​វា​ទេ​”​។​

​លោកស្រី​បានចាប់ផ្តើម​អនុវត្ត​ការប្រើ​ទុយោស្លឹកដូង​នៅក្នុង​ហាង​កាហ្វេ​កាលពី​សប្តាហ៍​មុន ហើយ​ថែមទាំង​បាន​ចែករំលែក​រូបថត​មួយចំនួន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ទៀតផង​។​

​ក្នុង​ផុស​របស់​លោកស្រី​កាលពី​ថ្ងៃទី ២៤ មេសា លោកស្រី​លីវ​សរសេរថា ទុយោស្លឹកដូង​ងាយស្រួល​ធ្វើ និង អាចរំលាយ​ចោល​បាន​។

​គំនិត​ច្នៃប្រឌិត​របស់​ហាង​កាហ្វេ​នេះ​បាន​ទាក់ទាញ​ការកោតសរសើរ​ពី​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ជាច្រើន​នាក់​។

​ផុស​របស់​លោកស្រី​លីវ​មាន​អ្នក​ចុច​ចូលចិត្ត​ជាង ១៤.០០០ ដង ចុង​បញ្ចេញមតិ​ជាង ១.១០០ ដង និង ចុច​ចែករំលែក​ជាង ២៥.០០០ ដង គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី​២៩ មេសា​នេះ​៕ ដោយ៖ កញ្ញាដាលីស

ហាង​កាហ្វេ Cafe Editha នៅ​ហ្វីលីពីន​ប្រើ​ទុយោ​ស្លឹកដូង​ជំនួស​ប្លា​ស្ទិ​ក