ពួក​អ្នកវិភាគ​និយាយថា គូសត្រូវ​ទាំងពីរ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ប្រហែល​កំពុង​ស្វះ​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​

486
ចែករម្លែក
  • 276
    Shares

​ដោយ​បង្ហាញខ្លួន​មួយថ្ងៃ​បន្ទាប់ពី​គូប្រជែង​របស់គាត់​បាន​វិល​ត្រឡប់មក​ស្រុក​វិញ​ជាមួយ​ការទទួល​ការស្វាគមន៍​យ៉ាងខ្លាំង​ពី​មហាជន លោក​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​បាន​ថ្កោលទោស​គូប្រជែង​របស់គាត់​នៅក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​៥​មីនា​នៅ​ពិធី​យោធា​មួយ ប៉ុន្តែ​មិនបាន​និយាយ​ចំឈ្មោះ​មេដឹកនាំ​គណបក្សប្រឆាំង​លោក​ហ្វ័​ន ក្វា​យ​ដូ​ទេ​។ ទន្ទឹមនឹង​នេះដែរ បុរស​ដែល​និយាយថា​គាត់​គឺជា​ប្រធានាធិបតី​ស្របច្បាប់​បាន​បង្កើន​យុទ្ធនាការ​របស់គាត់​ដើម្បី​ផ្ដួលរំលំ​លោក​ម៉ា​ឌូ​រ៉ូ​ជាមួយនឹង​ការអំពាវនាវ​សុំ​ការគាំទ្រ​ពី​សហជីព​បុគ្គលិក​រដ្ឋ ដែល​ពឹងផ្អែក​ខ្លាំង​ទៅលើ​មូលនិធិ​របស់​រដ្ឋាភិបាល​។​

​ឈុត​ឆាក​ប្រជែង​គ្នា​រវាង​អ្នក​ទាំងពីរ ដែលជា​ភស្តុតាង​នៃ​ការបែកបាក់​នៅក្នុង​ប្រទេស បាន​កើតឡើង​នៅពេលដែល​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​និង​ពិភពលោក​កំពុង​រង់ចាំ​មើល​ចំណាត់ការ​បន្ទាប់​របស់​គូសត្រូវ​ទាំងពីរ​នាក់ ដែល​អាចជា​ការតស៊ូ​អំណាច​អូស​បន្លាយពេល​យូរ​។ ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ម៉ា​ឌូ​រ៉ូ​ក្នុង​ការមិន​ចេញ​ចំណាត់ការ​ណាមួយ​លើ​លោក​ក្វា​យ​ដូ​ពេល​គាត់​វិលត្រឡប់​មក​វ៉េ​ណេ​ស៊ុយ​អេ​ឡា​វិញ​កាលពី​ថ្ងៃ​ចន្ទ​បាន​ឆ្លុះបញ្ចាំង​ពី​សម្ពាធ​ដ៏​ខ្លាំងក្លា​ដែល​ម៉ា​ឌូ​រ៉ូ​កំពុង​ប្រឈម និង​ប្រហែលជា​ការប៉ាន់ប្រមាណ​មួយ​ថា មានតែ​ការអត់ធ្មត់​ទេ​ទើប​ជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​បំផុត​សម្រាប់​ពេល​បច្ចុប្បន្ននេះ​។​

​ទោះយ៉ាងណា លោក​ម៉ា​ឌូ​រ៉ូ​នៅតែមាន​ភាព​មានះ​ក្នុង​ពិធីបុណ្យ​រំលឹក​ខួប​លើក​ទី​ប្រាំមួយ​នៃ​ការស្លាប់​របស់លោក​យូ​ហ្គោ ឆា​វ៉េ​ស ដែលជា​មេដឹកនាំ​និង​ជា​អ្នក​ណែនាំ​របស់លោក​។ លោក​បាន​និយាយថា​ក្រុម​អ្នកគាំទ្រ​រដ្ឋាភិបាល​នឹងធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​សៅរ៍ “​ជា​ថ្ងៃ​នៃ​ការ​ប្រឆាំងនឹង​ពួក​ចក្រពត្តិនិយម​” នៅក្នុង​សុន្ទរកថា​របស់លោក និង​ជាការ​វាយបក​ទៅលើ​ផែនការ​របស់លោក​ក្វា​យ​ដូ ដែល​គាំទ្រ​ដោយ​អាមេរិក​ក្នុងការ​ធ្វើបាតុកម្ម​ទូទាំងប្រទេស​នៅ​ថ្ងៃ​ដដែល​នោះ​។​

​លោក​ម៉ា​ឌូ​រ៉ូ​ក៏បាន​បំពាក់​មេដាយ​ដល់​សមាជិក​នៃ​កងកម្លាំង​សន្តិសុខ​ដែល​ចូលរួម​នៅក្នុង​ការបង្ក្រាប​លើ​បរាជ័យ​របស់លោក​ក្វា​យ​ដូ​នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ​ដើម្បី​នាំយក​ជំនួយ​មនុស្សធម៌​ទៅកាន់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ពី​ប្រទេស​ប្រេ​ស៊ី​ល​និង​កូ​ឡុំ​ប៊ី​ផងដែរ​។ លោក​ម៉ា​ឌូ​រ៉ូ​បាន​ពណ៌នា​អំពី​ការប៉ុនប៉ង​ដឹក​ជំនួយ​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ថា​ជា​ផ្នែក​មួយ​នៃ​ផែនការ​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក​។​

​ប៉ុន្មាន​ម៉ោង​មុននេះ លោក​ក្វា​យ​ដូ​បាន​និយាយថា​មន្ត្រីប៉ូលិស​បាន​ស្ថិតក្នុង​ចំណោម​អ្នក​ដែល​នៅក្នុង​កិច្ចប្រជុំ​មួយ​ដែល​លោក​បាន​ធ្វើឡើង​ជាមួយ​ពួក​មេដឹកនាំ​សហជីព​បុគ្គលិក​សាធារណៈ​ដែល​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការឧបត្ថម្ភ​ធន​ពី​រដ្ឋាភិបាល​របស់លោក​ម៉ា​ឌូ​រ៉ូ​ដើម្បី​ដំណើរការ​ទៅមុខ​នៅក្នុង​ប្រទេសមួយ​ដែល​កំពុង​ជួប​អតិផរណា​ខ្ពស់​និង​កង្វះខាត​ស្បៀងអាហារ​និង​វត្ថុ​ចាំបាច់​ផ្សេងៗ​ទៀត​។​

​លោក​ក្វា​យ​ដូ​បាន​និយាយ​បន្ទាប់ពី​កិច្ចប្រជុំ​មួយ​នៅ​ការិយាល័យ​របស់​សមាគម​វិស្វករ​នៅ​ទីក្រុង​កា​រ៉ា​កាស​ថា “​យើង​នឹង​លែង​សហការ​ជាមួយ​របប​ផ្តាច់ការ​តទៅទៀត​ហើយ​”​។ លោក​បាន​ជំរុញ​ឱ្យ​កម្មករនិយោជិត​រដ្ឋាភិបាល​ត្រៀម​រៀបចំ​ធ្វើ​កូដកម្ម ទោះបីជា​គ្មាន​កាលបរិច្ឆេទ​ត្រូវបាន​ផ្តល់ឱ្យ​ក៏ដោយ ហើយ​លោក​បាន​និយាយថា អាទិភាព​ជាបន្ទាន់​គឺ​ជំរុញ​បង្កើត​ច្បាប់​មួយ ដែល​ធានា​សិទ្ធិ​របស់​បុគ្គលិក​សាធារណៈ​។​

​ប្រធានសភា​អាយុ ៣៥ ឆ្នាំ​រូបនេះ​បាន​និយាយថា លោក​នឹង​កោះប្រជុំ​សភា​នៅ​ថ្ងៃ​ពុធ​ទី​៦​មីនា​នេះ​ដើម្បី​ធ្វើ​ពង្រាងច្បាប់​នេះ​។

​លោក​ក្វា​យ​ដូ​និង​អ្នកគាំទ្រ​របស់លោក​និយាយថា ការជាប់ឆ្នោត​ឡើងវិញ​របស់លោក​ម៉ា​ឌូ​រ៉ូ​កាលពី​ឆ្នាំមុន​គឺ​គ្មាន​សុពលភាព​ទេ ដូច្នេះ​បានន័យថា មេដឹកនាំ​សភា​រូបនេះ​ក្លាយជា​ប្រធានាធិបតី​បណ្តោះអាសន្ន​។ យ៉ាងហោចណាស់ ចៅក្រម​តុលាការ​កំពូល​ម្នាក់​ដែល​គាំទ្រ​លោក​ម៉ា​ឌូ​រ៉ូ​បាន​ចោទប្រកាន់​លោក​ក្វា​យ​ដូ​ថា​ដណ្តើម​អំណាច​ដោយ​ខុសច្បាប់ ជាហេតុ​ធ្វើឱ្យ​លោក​ក្វា​យ​ដូ​ប្រឈមមុខ​នឹង​ការចាប់ខ្លួន​គ្រប់ពេល​។

​ខណៈ​វត្តមាន​របស់លោក​ក្វា​យ​ដូ​ទំនងជា​បន្ថែម​សន្ទុះ​ដល់​យុទ្ធនាការ​រយៈពេល​ខ្លី​របស់លោក​សម្រាប់​ការផ្លាស់ប្តូរ​នយោបាយ លោក​ម៉ា​ឌូ​រ៉ូ​បានបង្ហាញ​ភាពខ្លាំង​អត់ធន់ និង​នៅតែ​កាន់កាប់​ស្ថាប័នរដ្ឋ​ទាំងអស់ រួមទាំង​ក្រុមមន្ត្រី​យោធា​កំពូលៗ​ដែល​ស្មោះត្រង់​នឹង​រូបលោក​។ អ្នកវិភាគ​មួយចំនួន​បាន​ប៉ាន់ប្រមាណ​ថា ភាគី​ទាំងពីរ​ប្រហែលជា​ពិចារណា​ចរចា​នៅក្រោយ​ឆាក​សម្រាប់​ជា​វិធី​មួយ​ដើម្បី​បញ្ចប់​ការប្រឈមមុខ​ដាក់គ្នា​៕ ដោយ៖ កញ្ញាដាលីស

លោក​ក្វា​យ​ដូ​វិលត្រឡប់​មក​វ៉េ​ណេ​ស៊ុយ​អេ​ឡា​វិញ​ដោយ​គ្មាន​ការចាប់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ