ពួក​ឧទ្ទាម​យេ​ម៉ែន​ដោះលែង​នាវា​កូរ៉េខាងត្បូង​និង​អា​រ៉ា​ប៊ី​សា​អូឌីត​

246
ចែករម្លែក

​ក្រសួងការបរទេស​កូរ៉េខាងត្បូង​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២០​វិច្ឆិកា​ថា នាវិក​ចំនួន ១៦ នាក់​រួមទាំង​ជនជាតិ​កូរ៉េខាងត្បូង ២ នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន នៅពេល​នាវា​ទាំង ៣ របស់​ពួកគេ​ត្រូវបាន​រឹបអូស​យក​ដោយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​កាលពី​ចុង​សប្តាហ៍ ត្រូវបាន​ដោះលែង​។​

​ក្រសួង​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​នាវា​និង​សមាជិក​នាវិក​ដែល​ត្រូវបាន​ចាប់​និង​ឃុំខ្លួន​នៅក្នុង​ប្រទេស​យេ​ម៉ែន​ត្រូវបាន​ដោះលែង​ទាំងអស់​”​។​

​ក្រសួង​បាន​បន្ថែមថា នាវា​ទាំងនោះ​គឺមាន​នាវា​កូរ៉េខាងត្បូង ២ គ្រឿង​និង​នាវា​ស្ទូច​ដោត​ទង់ជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​មួយគ្រឿង​។​

​កាលពី​ថ្ងៃ​អង្គារ​ពួក​ឧទ្ទាម​ហ៊ូ​ធី​បាន​ទទួលស្គាល់ថា​ពួកគេ​បាន​រឹបអូស​នាវា​ចំនួន ៣ នៅក្នុង​សមុទ្រ​ក្រហម​នៅ​ចម្ងាយ​ប៉ុន្មាន​បួន​ប្រាំ​គីឡូម៉ែត្រ​ពី​កោះ​អឹ​កបាន​ស្ថិតនៅ​ភាគ​ខាងលិច​នៃ​រដ្ឋធានី​សា​ណា ដែល​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​នេះ​។​

​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​ចំពេល​មាន​ភាព​ស្ងាប់​ស្ងាត់​ការវាយប្រហារ​របស់​ពួក​ហ៊ូ​ធី​ទៅលើ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត ខណៈ​មន្ត្រី​មួយរូប​នៃ​ទីក្រុង​រី​យ៉ា​ត​បាន​និយាយថា ព្រះរាជាណាចក្រ​មួយ​នេះ​បាន​បង្កើត “​ច្រក​បើកចំហ​មួយ​” ជាមួយ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​ក្នុង​គោលបំណង​បញ្ចប់​ជម្លោះ​ដែលមាន​រយៈពេល​បួន​ឆ្នាំ​។​

​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​បាន​ប្រយុទ្ធ​ប្រឆាំងនឹង​រដ្ឋាភិបាល​យេ​ម៉ែន​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​អស់​រយៈពេល​ជាង ៤ ឆ្នាំ​នៅក្នុង​សង្គ្រាម ដែល​បាន​រុញច្រាន​ប្រទេស​នេះ​ឱ្យ​ជិត​ធ្លាក់​ក្នុង​ភាពអត់ឃ្លាន​។​

​មួយឆ្នាំ​បន្ទាប់ពី​ពួក​ហ៊ូ​ធី​ដណ្តើម​កាន់កាប់​រដ្ឋធានី​សា​ណា អា​រ៉ា​ប៊ី​សា​អូឌីត អារ៉ាប់​រួម​អេ​មី​រ៉ា​ត និង សម្ព័ន្ធមិត្ត​របស់​ពួកគេ​បានធ្វើ​អន្តរាគមន៍​ក្នុង​ជម្លោះ​នេះ​ដើម្បី​គាំទ្រ​ដល់​ប្រធានាធិបតី អា​បេ​ដ្រាប​បូ ម៉ាន់​សួ ហា​ឌី​។​

​ចាប់តាំងពី​ឆ្នាំ ២០១៥ មក​មនុស្ស​រាប់ម៉ឺន​នាក់​ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល​ត្រូវបាន​សម្លាប់​នៅក្នុង​ជម្លោះ ដែល​បាន​បង្កឱ្យមាន​វិបត្តិ​មួយ ដែល​អង្គការសហប្រជាជាតិ​បាន​ហៅថា វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​របស់​ពិភពលោក​៕ ដោយ៖ កញ្ញាដាលីស

ពួក​ឧទ្ទាម​ហ៊ូ​ធី​បាន​ទទួលស្គាល់ថា​ពួកគេ​បាន​រឹបអូស​នាវា​ចំនួន ៣ នៅក្នុង​សមុទ្រ​ក្រហម​នៅ​ចម្ងាយ​ប៉ុន្មាន​បួន​ប្រាំ​គីឡូម៉ែត្រ​ពី​កោះ​អឹ​ក