ពួក​ឧទ្ទាម​យេ​ម៉ែន​និយាយថា​ដ្រូ​ន​របស់​ពួកគេ​វាយប្រហារ​ចំ​ឃ្លាំង​គ្រាប់​នៅ​ព្រលានយន្តហោះ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​

401
ចែករម្លែក

​ក្រុម​ឧទ្ទាម​ហ៊ូ​ធី (Houthi) របស់​យេ​ម៉ែន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២១​ឧសភា​ថា ពួកគេ​បាន​បញ្ជា​យន្តហោះ​ដ្រូ​ន​ដឹក​គ្រាប់បែក​ចូលទៅ​ក្នុងប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដោយ​ផ្ដោត​គោលដៅ​ទៅលើ​ព្រលានយន្តហោះ​មួយ​ដែលមាន​មូលដ្ឋាន​យោធា ជាការ​វាយប្រហារ​មួយ​ដែល​ទទួលស្គាល់​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត ខណៈ​ភាព​តានតឹង​នៅ​មជ្ឈិមបូព៌ា​នៅតែមាន​ខ្ពស់​រវាង​អ៊ីរ៉ង់​និង​សហរដ្ឋអាមេរិក​។​

​គេ​មិន​ច្បាស់​ទេ​ថា​តើ​មាន​អ្នករងរបួស​ឬ​ទំហំ​នៃ​ការខូចខាត​មាន​កម្រិត​ប៉ុនណា​នោះ​។​

​ការវាយប្រហារ​នៅ​ទីក្រុង​ណា​ច​រ៉ា​ន់ (Najran) ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បានកើត​ឡើង ខណៈពេលដែល​អ៊ីរ៉ង់​បានប្រកាសថា​ខ្លួន​បាន​បង្កើន​សមត្ថភាព​ផលិត​អ៊ុយ​រ៉ានី​ញ៉ូ​ម​ដល់​ទៅ​បួន​ដង ក្នុង​គ្រា​មាន​ភាព​តានតឹង​ជាមួយ​អាមេរិក ដែល​គូសបញ្ជាក់​ដោយ​ការគំរាមកំហែង​និង​ការ​ចម្អកឡកឡឺយ​ដាក់គ្នា​ទៅវិញទៅមក​កាលពី​ថ្ងៃ​ចន្ទ​នៅលើ Twitter រវាង​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​និង​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​។​

​ស្របពេល​ជាមួយគ្នា​នោះដែរ ប្រធានាធិបតី​អ៊ីរ៉ង់​លោកហាស​សាន់ រូ​ហា​នី ត្រូវបាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារសារព័ត៌មាន IRNA ថា បាន​ប្រាប់​ក្រុម​បុព្វ​ជិត​ថា លោក​កំពុង​ស្វែងរក​ការពង្រីក​អំណាច​ប្រតិបត្តិ​សម្រាប់​សឹកសង្គ្រាម​ដើម្បី​ដោះស្រាយ​ជាមួយ “​សង្គ្រាម​សេដ្ឋកិច្ច​” ដែល​បង្កឡើង​ដោយ​ការដកខ្លួន​របស់​រដ្ឋ​បាល​ត្រាំ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ និង ការបង្កើន​ទណ្ឌកម្ម​របស់​អាមេរិក​។​

​ក្រុមមន្ត្រី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បានធ្វើការ​គូសបញ្ជាក់ថា សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​នឹង​ត្រូវបាន​បង្កើន​ត្រឹមតែ​កម្រិត ៣,៦៧ ភាគរយ​ដែល​កំណត់​នៅក្រោម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​ជាមួយ​ពួក​មហាអំណាច​ពិភពលោក ដែល​ធ្វើឱ្យ​វា​អាច​ប្រើ​បាន​សម្រាប់តែ​រោងចក្រ​ថាមពល ប៉ុន្តែ​នៅ​ឆ្ងាយ​ពីអ្វី​ដែល​ចាំបាច់​សម្រាប់​គ្រាប់​បរមាណូ​។​

​ប៉ុន្តែ​តាមរយៈ​ការបង្កើន​ផលិតកម្ម​បែបនេះ អ៊ីរ៉ង់​ឆាប់ៗ​នេះ​នឹង​ហួស​ពី​ដែន​កំណត់​ស្តុក​ដែល​កំណត់ដោយ​កិច្ចព្រមព្រៀង​នេះ​។ រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​បានកំណត់​កាលបរិច្ឆេទ​ត្រឹម​ថ្ងៃទី ៧ កក្កដា​សម្រាប់​អឺរ៉ុប​ដើម្បី​កំណត់​លក្ខខណ្ឌ​ថ្មី​សម្រាប់​កិច្ចព្រមព្រៀង​នេះ​ឬ​មិន​អ៊ីចឹង​ទេ​អ៊ីរ៉ង់​នឹង​បង្កើន​ការផលិត​អ៊ុយ​រ៉ានី​ញ៉ូ​ម​ឱ្យដល់​កម្រិត​កៀក​នឹង​ការផលិត​គ្រាប់​បរមាណូ​នៅ​មជ្ឈិមបូព៌ា​ដែល​កំពុង​ចង់​ផ្ទុះ​សង្គ្រាម​រួចជាស្រេច​មួយ​នេះ​។ សហរដ្ឋអាមេរិក​បាន​ដាក់ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​និង​នាវា​ផ្ទុក​យន្តហោះ​ទៅកាន់​ឈូង​សមុទ្រ​ពែ​ក្ស​ជុំវិញ​ការគំរាមកំហែង​ដែល​មិន​បញ្ជាក់​ច្បាស់​ពី​អ៊ីរ៉ង់​៕ ដោយ៖ កញ្ញាដាលីស

ពួក​ឧទ្ទាម​ហ៊ូ​ធី​និយាយថា​ដ្រូ​ន​របស់​ពួកគេ​បាន​វាយ​លើ​ព្រលានយន្តហោះ​យោធា​មួយ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ថ្ងៃ​អង្គារ​នេះ