ពួក​ឧទ្ទាម​ហេស​ប៊ូ​ឡា​ប្តេជ្ញា​វាយ​ជ្រៅ​ចូល​ទឹកដី​អ៊ីស្រាអែល ប្រសិនបើ​ប្រទេស​នេះ​វាយ​លើ​ខ្លួន​ម្តងទៀត​

4154
ចែករម្លែក

​ប្រមុខ​ក្រុម​ឧទ្ទាម​ហេស​ប៊ូ​ឡា​លោកហាស​សាន់ ណា​ស្រា​ឡា​បាន​គំរាម​កាលពី​ថ្ងៃ​ចន្ទ​ទី​២​កញ្ញា​ថា​នឹង​វាយប្រហារ “​ជ្រៅ​” ចូល​ទឹកដី​អ៊ីស្រាអែល ពោលគឺ​មួយថ្ងៃ បន្ទាប់ពី​បាញ់​ដាក់គ្នា​នៅតាម​ព្រំដែន​លី​បង់ និង អ៊ីស្រាអែល បង្កឱ្យមាន​ការបារម្ភ​ថា​ជម្លោះ​អាច​នឹង​កាន់តែ​ធំ​ឡើង​រវាង​គូបដិបក្ខ​នេះ​។​

​ការប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃអាទិត្យ​គឺមាន​រយៈពេល​ខ្លី​ទេ ហើយ​បាន​កើតឡើង​មួយ​សប្តាហ៍​បន្ទាប់ពី​ភាព​តានតឹង​ពេញ​មួយ​សប្តាហ៍ រួមទាំង​អ្វីដែល​ចលនា​ស៊ី​អ៊ី​ត​លី​បង់​គាំទ្រ​ដោយ​អ៊ីរ៉ង់​នេះ​ពណ៌នា​ថា​ជាការ​វាយប្រហារ​ដោយ​ដ្រូ​ន​អ៊ីស្រាអែល​ទៅលើ​បន្ទាយ​បៃ​រូត​របស់ខ្លួន​។​

​អ៊ីស្រាអែល​មិនបាន​ទទួលស្គាល់​ការវាយប្រហារ​នោះទេ ប៉ុន្តែ​បាន​ចោទប្រកាន់​ក្រុម​ហេស​ប៊ូ​ឡា​និង​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​ថា​បាន​ឃុបឃិត​គ្នា​ដើម្បី​ផលិត​មី​ស៊ី​លប​ញ្ជា​ទិស​នៅលើ​ទឹកដី​លី​បង់​។​

​លោក​ណា​ស្រា​ឡា​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា “​គ្មាន​ខ្សែបន្ទាត់​ក្រហម​ទៀត​ទេ​” នៅក្នុង​ការប្រឈមមុខ​ដាក់គ្នា​របស់​ហេស​ប៊ូ​ឡា​ជាមួយ​អ៊ីស្រាអែល​។​

​លោក​បាន​និយាយថា​ហេស​ប៊ូ​ឡា​នឹង​ឆ្លើយតប​ចំពោះ​ការវាយប្រហារ​របស់​អ៊ីស្រាអែល​បន្ថែមទៀត​ជាមួយនឹង​ការ​វាយ​ចូល​ជ្រៅ​ក្នុង​ទឹកដី​អ៊ី​ស្រា​អ៊ែ​ល​និង​មិនមែន​ត្រឹមតែ​នៅតាម​ព្រំដែន​នោះទេ​។​

​លោក​បាន​និយាយថា “​ប្រសិនបើ​អ្នក​វាយប្រហារ​យើង ព្រំដែន ទាហាន​និង​ទីលំនៅ​របស់​អ្នក រួមទាំង​អ្នក​ដែល​នៅលើ​ព្រំដែន​និង​អ្នក​ដែល​នៅ​ជ្រៅ​ក្នុងប្រទេស​អ៊ីស្រាអែល នឹងរង​ការគំរាមកំហែង​និង​ក្លាយជា​គោលដៅ​។ ប្រសិនបើ​មានការ​ឈ្លានពាន​ណាមួយ​ប្រឆាំងនឹង​ប្រទេស​លី​បង់ វា​នឹង​មិនមាន​ព្រំដែន​អន្តរជាតិ​ទៀត​ទេ​” ។​

​លោក​និយាយ​បែបនេះ​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ និយាយថា​ប្រទេស​របស់លោក “​ត្រៀមលក្ខណៈ​គ្រប់​សេណា​រី​យ៉ូ​”​។

​លោ​កណេ​តាន់​យ៉ា​ហ៊ូ​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា “​យើង​នឹង​បន្តធ្វើ​អ្វីៗ​ដែល​ចាំបាច់​ដើម្បី​រក្សា​សន្តិសុខ​អ៊ីស្រាអែល​នៅ​សមុទ្រ នៅលើ​ដីគោក និង​លើ​ដែនអាកាស ហើយ​យើង​នឹង​បន្តធ្វើ​ចំណាត់ការ​ប្រឆាំងនឹង​ការ​គំរាម​របស់​មី​ស៊ី​ល​បញ្ជា​ទិស​”៕ ដោយ៖ កញ្ញាដាលីស