ពួក​ឧទ្ទាម​អ៊ីស្លាម​ហ្វីលីពីន​ប្តគល់​អាវុធ​ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​

184
ចែករម្លែក

​ពួក​ឧទ្ទាម​អ៊ីស្លាម​នៅក្នុង​ប្រទេស​ហ្វីលីពីន​កាន់សាសនា​កាតូលិក​បានចាប់ផ្តើម​ប្រគល់​កាំភ្លើង​របស់​គេ​ទៅ​អោយ​អ្នកត្រួតពិនិត្យ​ឯករាជ្យ​មកពី​បរទេស​កាលពី​ថ្ងៃ​សៅរ៍ ជា​ផ្នែក​នៃ​​សន្ធិសញ្ញា​មួយ​ក្នុង​បំណង​បញ្ចប់​ការបះបោរ​ផ្តាច់ខ្លួន​ចំណាស់​រាប់​ទសវត្សរ៍​មួយ​ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​ប្រមាណ​១៥០.០០០​នាក់​។​

​មាន​តែ​សមាជិក​ឧទ្ទាម​តែ​ជាង​១​ពាន់​នាក់​នៅ​ភាគ​ខាងត្បូង​ប្រទេស​បាន​ប្រគល់​សព្វាវុធ​៩៤០​ដើម​ក្នុង​ថ្ងៃ​តែមួយ ដែល​ជា​ការចាប់ផ្តើម​ដំណើរការ​រំសាយ​អាវុធ​ជា​បណ្តើរៗ​មួយ​​ដើម្បី​ប្រែក្លាយ​កងកម្លាំង​ឧទ្ទាម​ធំ​បំផុត​របស់​ប្រទេស​ទៅ​ជា​គណបក្ស​នយោបាយ​រៀបរយ​មួយ​។​

​យុទ្ធជន​នៃ​ក្រុមរ​ណ​ស្សិរ​រំដោះ​អ៊ីស្លាម​ម៉ូ​រ៉ូ​(MILF)​ដែល​បាន​ប្រគល់​អាវុធ​និង​ត្រូវ​រំសាយ​កាលពី​ថ្ងៃ​សៅរ៍ តំណាង​ជំហាន​ដំបូង​ជា​និមិត្តរូប​មួយ​ឆ្ពោះ​ទៅ​ការរំសាយ​ចោល​កងកម្លាំង​៤០.០០០​នាក់​របស់​MILF​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​។​

យុទ្ធជន​ឧទ្ទាម​នៅ​ហ្វីលីពីន កំពុង​ប្រគល់​អាវុធ​របស់​គេ​នៅ​ក្នុង​ដំណើរការ​មួយ​ដែល​មាន​បំណង​ប្រែក្លាយ​ក្រុម​MILF​ទៅ​ជា​គណបក្ស​នយោបាយ​រៀបរយ​មួយ​។​ពួក​MILF​ត្រូវ​​រំសាយ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​

​ប៉ាយ​សាល អាប់​ឌុល​ឡា បា​ហ្គុន​ដាង យុទ្ធជន​ជើងចាស់​ដែល​បាន​ប្រយុទ្ធ​ជាង​១០០​លើក​ទល់​នឹង​កងកម្លាំង​រដ្ឋាភិបាល​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា «​សង្គ្រាម​បាន​​ចប់​…​ខ្ញុំ​អត់​មាម​សល់​អាវុធ​ទេ​»​។​

​ប្រមាណ​២​ភាគ​៣​នៃ​យុទ្ធជន​នៃ​ក្រុម​រណ​ស្សិរ​រំដោះ​អ៊ីស្លាម​ម៉ូ​រ៉ូ​នេះ ត្រូវ​រំសាយ​នៅ​ដំណាក់កាល​ដំបូង​នៃ​ដំណើរការ​រំសាយ​នេះ តែ​វា​ត្រូវ​ចំណាយ​ពេល​ដើម្បី​ទទួលផល​ដោយសារតែ​មាន​​ការ​គំរាម​រាល់ថ្ងៃ​។​

​គ្រាប់បែក​បង្កប់​នៅក្នុង​ទោចក្រយានយន្ត​ចត​ចោល​បាន​ផ្ទុះ​នៅ​ជិត​ផ្សារ​មួយ​នៅ​ទីប្រជុំជន​អ៊ី​ស៊ូ​ឡាន កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ នៅ​ពេល​តែ​ប៉ុន្មាន​ម៉ោង​មុន​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ​​ឌុយ​ទែត បាន​ទៅ​ធ្វើ​ជា​សាក្សី​នស​ពិធី​រំសាយទ័ព​នៅ​ជិត​នោះ​។​

​ប៉ូលិស​បាន​និយាយថា មនុស្ស​៨​នាក់​បាន​រងរបួស​នៅក្នុង​ការវាយប្រហារ ដែល​ក្រោយមក​ត្រូវបាន​អះអាង​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​។​

​សូមបញ្ជាក់​ថា យុទ្ធជន​MILF​ប្រមាណ​១​ភាគ​៣ ត្រូវ​ប្រគល់​អាវុធ​និង​រំសាយ​នៅ​៨​ខែ​ទៅ​មុខ ដោយ​ពួកគេ​ម្នាក់ៗ​ទទួលបាន​ប្រាក់​១​លាន​ប៉េសូ​(១៩.០០០​ដុល្លារ​) អាហារូបករណ៍ ការ​​ធានារ៉ាប់រង​សុខភាព​និង​ការបណ្តុះបណ្តាល​ក្លាយ​ជា​ជន​ស៊ីវិល​អាច​ផលិត​និង​រកស៊ី​បាន​។​

​ចំណែក​ពួក​ឧទ្ទាម​ណា​ដែល​ជាប់​បទល្មើស​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​សកម្មភាព​បះបោរ​កន្លង​មក​ក៏​នឹង​ត្រូវ​លើកលែង​ទោស និង​អ្នក​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​អាច​ហាត់​ចូលរួម​​ក្នុង​កងកម្លាំង​សន្តិសុខ នេះ​បើ​តាម​ការអះអាង​របស់​ទីប្រឹក្សា​ប្រធានាធិបតី​៕​ដោយ​៖​វាសនា​

#