ពេជ្រ ម្ទេសខ្មាំង និង មឿង ភេ​ច​ជួបគ្នា​ម្ដងទៀត​

1105
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: អ្នក​ប្រដាល់​កម្ពុជា ពេជ្រ ម្ទេសខ្មាំង ក្លិប​អា​រុណ​រះ​កីឡា បានទទួល​ស្វាគមន៍​ការសង​សឹក​របស់​អ្នក​ប្រដាល់​ថៃ មឿង ភេ​ច (Moeurng Phich) លើស​ង្វៀន Boostrong Fighter on Fire នៅ​ព្រឹក​ថ្ងៃទី​៩​កញ្ញា​នេះ​។​

​នេះ​ជាការ​សងសឹក​មួយ​ដែល​គេ​ជឿថា ជាការ​ងារ​ធ្ងន់​មួយ​សម្រាប់ មឿង ភេ​ច​។ កាលពី​ថ្ងៃទី​២៥​សីហា អ្នក​ប្រដាល់​ទាំង​២​រូបនេះ ជួប​ប្រកួត​គ្នា​ម្ដង ហើយដោយ​ពេជ្រ ម្ទេសខ្មាំង ជា​អ្នកឈ្នះ​។ សម្រាប់​ជំនួប​សងសឹក​លើក​នេះ ទំនងជា មឿង ភេ​ច ត្រៀមខ្លួន​បានល្អ​ជាង​លើក​មុន មិនតែប៉ុណ្ណោះ​គេ​បានដឹង​ពី​របៀប​វ៉ៃ​របស់​ម្ទេសខ្មាំង​។ ហេតុនេះ ការប្រកួត​ទំនងជា​ល្អមើល​ជាការ​ជួបគ្នា​លើក​ទី​១​។​

​ចំពោះ​ម្ទេសខ្មាំង គេ​ក៏បាន​ត្រៀមខ្លួន​ល្អ​ជាង​លើក​មុន​ដែរ​មិនតែប៉ុណ្ណោះ គេ​បាន​អះអាងថា គេ​នឹងធ្វើ​ឲ្យ​ការប្រកួត​នេះ កាន់តែ​អស្ចារ្យ​ជាង​មុន​ទៅទៀត​។ គេ​និយាយថា គេ​រីករាយ និង​ស្វាគមន៍​ចំពោះ​ការប្រកួត​នេះ​។​

​ម្ទេសខ្មាំង​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៤​ដង ឈ្នះ​៨៣​ដង ចាញ់​១០​ដង និង​ស្មើ​ពិន្ទុ ១​ដង​។ ចំពោះ មឿង ភេ​ច វិញ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៧​ដង ឈ្នះ​៤៨​ដង ចាញ់​៩​ដង​។ ជួបគ្នា​លើក​ទី​២​នេះ​មាន​អ្វី​ប្រែប្រួល​ឬទេ​?

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ម៉ន ព្រំ​ម៉ាញ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ប្រកួត​ជាមួយ ស៊ូ វណ្ណៈ ក្លិប​នាគរាជ​មានជ័យ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០​គីឡូក្រាម​។​

​ព្រំ​ម៉ាញ ពេលខ្លះ​វ៉ៃ​បានល្អ​មែន​ទេ តែ​ពេលខ្លះ​វ៉ៃ​អន់​ខ្លាំង​សម្បើម​ណាស់​។ ចំពោះ ស៊ូ វណ្ណៈ វិញ​ការ​វ៉ៃ​ចេញ​របស់គេ​មិនសូវ​ជា​ច្បាស់​ឡើយ ឯ​ចិត្ត​របស់គេ​វិញ​ធំ​នៅពេល​ជួប​គូប្រកួត​ខ្សោយ​ជាង តែបើ​គូប្រកួត​ខ្លាំង ឬក៏​ស្ថានភាព​ប្រកួត​តឹងតែង​នោះ គឺ​យ៉ាប់​តែម្ដង​។ ការប្រកួត​មួយ​នេះ ព្រំ​ម៉ាញ ទំនងជា​មានឱកាស​ឈ្នះ​ច្រើនជាង​ហើយ​។​

​សំរោង ភក្ដី ក្លិប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ហ៊ឹម គឹម​រៀង ក្លិប​តា​ព្រហ្ម​មានជ័យ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម​។​

​សំរាំង ភក្ដី​មិនមែនជា​អ្នក​ប្រដាល់​ដែល​អាច​មើលស្រាល​បាន​នោះទេ តែ​ជួប​ជាមួយ ហ៊ឹម គឹម​រៀង ទំនងជា​លំបាក​ហើយ​។ សម្រាប់​អ្នកលេង​ភ្នាល់​លុយ​គេ​ចាប់យក ហ៊ឹម គឹម​រៀង ត​លុយ​ទៀត​ឯណោះ​។​

​អៀ​ប ធា ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ប្រកួត​ជាមួយ ធា វាសនា ក្លិប​ខេត្ត​រតនគីរី ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦០​គីឡូក្រាម​។ ឡុង ណង​សៅ ក្លិប​សាល​វ័​ន្ដ​កីឡា ប្រកួត​ជាមួយ អេ ពិសិដ្ឋ ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម​៕ ល​