ពេជ្រ ម្ទេស​ខ្មាំង សំលៀង​កណ្ដាប់ដៃ ស្វាគមន៍​អ្នក​ប្រដាល់​ថៃ​

690
ចែករម្លែក

ដោយ​:​រ៉ូ​ហ្សា
​ភ្នំពេញ​: លើ​សង្វៀន Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍ នា​ព្រឹក​ថ្ងៃទី​១៦ ធ្នូ ខាងមុខនេះ អ្នក​ប្រដាល់​កម្ពុជា ពេជ្រ ម្ទេស​ខ្មាំង ក្លិប​អា​រុណ​រះ​កីឡា ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ផាត ឡេ​ឆា (Phat Lerchha) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ ទើបតែ​មក​ប្រកួត លើ​សង្វៀន​នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ​ទេ ហើយក៏​មិន​មាន​នរណា ដឹងថា គេ​ល្អ ឬក៏​ខ្សោយ​នោះដែរ ។ ចំណែក​អ្នក​ប្រដាល់​កម្ពុជា ម្ទេសខ្មាំង​វិញ គេ​ជា​អ្នកខ្លាំង ក្នុងចំណោម​អ្នកខ្លាំង ហើយ​គេ​ក៏​ជា​អ្នក​ប្រដាល់​ជម្រើសជាតិ​សាកល​ដែរ មិនតែប៉ុណ្ណោះ គេ​ធ្លាប់​ដណ្ដើមបាន មេដាយសំរិទ្ធ ពី​ស៊ី​ហ្គេម វិញ្ញាសា​ប្រដាល់​សាកល​ទៀតផង ។ ម្ទេស​ខ្មាំង មាន​ប្រវត្តិ​ប្រកួត ចំនួន ៩៥ ដង ឈ្នះ ៨៣ ដង ចាញ់ ១១ ដង និង​ស្មើ​ពិន្ទុ ១ ដង ។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ ផាត ឡឹ​ឆា វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន ៦៧ ដង ឈ្នះ ៥៨ ដង ចាញ់ ៩ ដង ។ ជំនួប​មួយ​នេះ មិនដឹងថា នរណា​ឈ្នះ​-​ចាញ់​នោះទេ តែ​ប្រសិនបើ ផាត ឡេ​ឆា ឈ្នះ ពេជ្រ ម្ទេស​ខ្មាំង នោះ ក៏​ទ្រមខ្លួន​ដែរ ។​

​ចំពោះ​ការប្រកួត រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ សរ សូរ ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជា​មួយ​អ្នក​ប្រដាល់ សាត ស៊ី​ណង ក្លិប​ទ័ព​ឆ័ត្រយោង​៩១១ ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​។ ពួកគេ ទោះបី​មិន​សូវ​មាន​ឈ្មោះ បោះ​សម្លេង​ក៏ពិតមែន តែ​ពួកគេ​វ៉ៃ បានល្អ ក្លាហាន តែ​គេ​ប្រើ​កម្លាំង​ខ្ជះខ្ជាយ​បន្តិច ដោយសារ​តែ​ចង់​ឈ្នះ ខ្លាំងពេក ។ ដល់​គូប្រកួត​មិន​ដួល បែរ​ជា​ចង់​ដួល​ខ្លួនឯង​ទៅវិញ ។ ជំនួប​រវាង​អ្នក​ប្រដាល់ ទាំង ២ រូបនេះ ប្រាកដ​ជា​ល្អមើល ឯ​រឿង​ចាញ់​-​ឈ្នះ មិន​អាច​ទាយ​មុន​បាន​ឡើយ ។​

​លន បញ្ញា សមាគម​ប្រដាល់ ក្រសួង​ការពារជាតិ ប្រកួត​ជា​មួយ អ្នក​ប្រដាល់ ពុទ្ធ សំបូរ ក្លិប​ពុទ្ធ​សេរី​វង្ស ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ពួកគេ​ទាំង​២​រូបនេះ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង វ័យក្មេង ចិត្តធំ​ដូចគ្នា ។ គេ​មាន​របៀប​វ៉ៃ ប្រហាក់ប្រហែលគ្នា មិនតែប៉ុណ្ណោះ កម្លាំង​របស់​ពួកគេ ក៏​មិន​លើស​គ្នា​ដែរ​។ ជំនួប​នេះ រវាង​អ្នកចាញ់ និង អ្នកឈ្នះ ប្រាកដ​ជា​ទ្រមខ្លួន​ដូចគ្នា ។​

​ពុទ្ធ ប៊ុន​ម៉ៅ ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ជា​មួយ​អ្នក​ប្រដាល់ ចិត្រ សុ​ភី ក្លិប​រស្មី​ភូមិ​គាប ខេត្ត​បន្ទាយមានជ័យ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v

#