ពេទ្យ​ទេវតា​លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ទទួលមរណភាព​

1409
ចែករម្លែក
  • 455
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ទទួលមរណភាព​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​ជន្មាយុ​៧១​ឆ្នាំ នៅ​ប្រទេស​ស្វី​ស​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​។

លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​ (រូបឯកសារ)

​លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​បានប្រកាស​លាលែង​ពី​តំណែង តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ចុះ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៨​។ មូល​ហេតុដែល​ប្រកាស​លាឈប់​នេះ ដោយសារ​លោក​វេជ្ជបណ្ឌិត Beat Richner ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​។​

​លោក​Beat Richner ប្រគល់​តំណែង​តួនាទី​ទៅ​ឲ្យ​លោក​វេជ្ជបណ្ឌិត Peter Studer ដែលជា​អនុប្រធាន​មន្ទីរពេទ្យ​នាពេល​បច្ចុប្បន្ន​។
​បច្ចុប្បន្ន​មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​បុគ្គលិក​កំពុង​បំរើ​ការងារ​ចំនួន​ពីរពាន់​ប្រាំ​រយ​នាក់​។​

​លោក​វេជ្ជបណ្ឌិត Beat Richner មាន​វ័យ ៧១​ឆ្នាំ​គឺជា​ជនជាតិ​ស្វី​ស​។ ដំបូង​ឡើយ​លោក Beat Richner បានធ្វើ​ការអោយ​កាកបាទក្រហម​ប្រទេស​ស្វី​ស​។ តែ​ក្រោយ មក​លោក​ត្រូវបាន​បញ្ជូនមក​ធ្វើការ​នៅ​កម្ពុជា​ចន្លោះ​ឆ្នាំ ១៩៧៤​ដល់​ឆ្នាំ ១៩៧៥​។ តែ​លោក​ត្រូវ​បង្ខំ​ចេញទៅ​ប្រទេស​កំណើត​វិញ នៅពេលដែល​ខ្មែរក្រហម​បាន​ចូលមក​កាន់កាប់​ប្រទេស​កម្ពុជា ។ ហើយ​នៅក្នុង ១៩៩១ លោក Beat Richner បាន​ត្រឡប់មក​កម្ពុជា និង​សុំ​ឲ្យ​រដ្ឋាភិបាល​សាងសង់​មន្ទីរពេទ្យ​គន្ធបុប្ផា​ឡើងវិញ បន្ទាប់ពី​មន្ទីរពេទ្យ​មួយ​នេះ​រង​ការបំផ្លិចបំផ្លាញ​។​

​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​ពលរដ្ឋ​និយម​ហៅ​ជាទូទៅ​ថា ពេទ្យ​ទេវតា​ដែល​ព្យាបាល​កុមារ​ខ្មែរ​រាប់ម៉ឺន​នាក់​ក្នុង​មួយឆ្នាំៗ​ឥត​ថ្លៃ​នោះ គិត​រហូតមក​ដល់ពេលនេះ មាន​អាយុកាល ២៥​ឆ្នាំ​ហើយ បន្ទាប់ពី​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ឆ្នាំ ១៩៩២​។ មួយផ្នែក​ដើម្បី​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ក្នុង​មួយថ្ងៃ​ចំណាយ ១២​ម៉ឺន​ដុល្លារ​នោះ​លោក​វេជ្ជបណ្ឌិត Beat Richner បាន​សម្ដែង​សិល្បៈ​តាមរយៈ​ការលេង​សូរ​ឡូ ឬ​កូដវីយូឡុង ដើម្បី​ប្រមែប្រមូល​ថវិកា​ជួយ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​។​

លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​ (រូបឯកសារ)

​ក្រៅពីនេះ​ថវិកា​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា រដ្ឋាភិបាល​ស្វី​សបាន​ផ្ដល់ជំនួយ ៤​លាន​ដុល្លារ​នៅ​រៀងរាល់ឆ្នាំ​។ រដ្ឋាភិបាល​កម្ពុជា​ជិត ១០​លាន​ដុល្លារ​នៅ​រៀងរាល់ឆ្នាំ​។ ដោយ​ក្នុងនោះ​នៅ​ឆ្នាំ ២០១៥ រដ្ឋាភិបាល​កម្ពុជា​បង្កើន​ថវិកា​វិភាគទាន​ជា​សាច់ប្រាក់​ចំនួន ២​លាន​ដុល្លារ​អាមេរិក​។ ហើយ​ឆ្នាំ ២០១៦​រដ្ឋាភិបាល​បង្កើន​ថវិកា​វិភាគទាន​ជា​សាច់ប្រាក់​រហូតដល់ ៦​លាន​ដុល្លារ​ដើម្បី​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ បច្ចុប្បន្ន​មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​ប្រាំ​ទីតាំង​ភ្នំពេញ ៤​ទីតាំង និង​សៀម​រាម ១​ទីតាំង​។

​សូមបញ្ជាក់ថា គិត​ត្រឹម​ឆ្នាំ ២០១៦ មន្ទីរពេទ្យ​គន្ធបុប្ផា​ចំណាយ​ថវិកា​អស់​ជាង ៥០០​លាន​ដុល្លារ​ក្នុងការ​ព្យាបាល​កុមារ​។ ហើយ ២៤​ឆ្នាំ​មកនេះ​មន្ទីរពេទ្យ​គន្ធបុប្ផា​ព្យាបាល​កុមារ​ចំនួន 16​លាន​នាក់​។ ក្នុងនោះ 1.6​លាន​នាក់​ស្ថិតនៅក្នុង​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​។​ក្នុង​មួយខែៗ​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ភ្នំពេញ និង​នៅ​សៀមរាប បាន​ជួយ​ពិនិត្យ ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​ជា​កុមារ​ជាង ៨​ម៉ឺន​នាក់​៕ ល​

#