ពេទ្យ​រោគ​ស្ត្រី​ម្នាក់​ត្រូវ​ប៉ូលិស​សួរនាំ ក្រោយ​ជាប់ចោទ​ពីបទ​លួច​បង្កប់​កាមេរ៉ា​ថត​អ្នកជំងឺ​លក់ ឱ្យ​គេហទំព័រ​សិច​

196
ចែករម្លែក

​វេជ្ជបណ្ឌិត​ផ្នែក​រោគ​ស្ត្រី​ម្នា​ក់នៅ​ប្រទេស​អ៊ុយ​ក្រែ​ន បាន​ជាប់ចោទ​ពី​លួច​បង្កប់​កាមេរ៉ា​ថត គ្រឿងក្នុង​របស់​អ្នកជំងឺ​ស្រីៗ ហើយ​លក់​ឱ្យទៅ​គេហទំព័រ​សិច ឬ porn website​។​
​ ​
ប៉ូលិស​បាន​សួរនាំ​វេជ្ជបណ្ឌិត វី​យ៉ា​ឆេ​ស្លា​វ ទ្រី​ប៉ូល​កូ (Dr Vyacheslav Tripolko)​បន្ទាប់ពី​ស្ត្រី​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឃើញ​រូប​ខ្លួន​ដែល​កំពុង​ពិនិត្យមើល​គ្រឿងក្នុង​បែកធ្លាយ​លើ​គេហទំព័រ​សិច​។​
​ ​
​ជា​លទ្ធផល ប៉ូលិស​បាន​រកឃើញ​កាមេរ៉ា​មួយ​លួច​បង្កប់​ក្នុង​គ្លីនិក Odessa Clinic​របស់គាត់​ដែល ស្ថិតក្នុង​ក្រុង​អូ​ដេ​សា (Odessa) ប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​។
​ ​
យោងតាម​សេចក្ដីរាយការណ៍​ឱ្យដឹងថា នៅក្នុង​វីដេអូ​នោះ​ដែល​បាន​បែកធ្លាយ​លើ​គេហទំព័រ​សិច​ដ៏​ពេញនិយម​នោះ​មាន​ស្ត្រី​រាប់សិប​នាក់ ដែល​បានឱ្យ​ពេទ្យ​ពិនិត្យមើល​គ្រឿងក្នុង​។
​ ​
​ប្រសិនបើ​ដូច​ការចោទប្រកាន់​មែន គាត់​ត្រូវ​ប្រឈមមុខ​ជាប់ពន្ធនាគា​រ​​អតិបរមា ៧ ឆ្នាំ​។ ទោះជា​យ៉ាងណា គ្រូពេទ្យ​ដ៏​មាន​ប្រជាប្រិយ និង​គួរឱ្យ​គោរព​រូបនេះ​មិនត្រូវ​បាន​ឃាត់ខ្លួន​ទេ ប៉ុន្តែ​អាជ្ញាប័ណ្ណ​របស់គាត់​ត្រូវបាន​ដកហូត ក្រោយពី​ផ្ទុះ​រឿងអាស្រូវ​នេះ​។​
​ ​
វេជ្ជបណ្ឌិត​ដែល​រង​ការចោទប្រកាន់​ខាងលើ​បាន​អះអាងថា ប្រាកដ​ជាមាន​គ្រូពេទ្យ​ផ្នែក​រោគ​ស្ត្រី​ផ្សេងទៀត​ដែល​ប្រជែង​គាត់ ជា​អ្នក​បង្កប់​កាមេរ៉ា​ក្នុង​គ្លីនិក​របស់គាត់​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ និង​បញ្ចប់​អាជីព​របស់គាត់​៕