ពេល​បើក​វេទិកា​ទើប​ដឹងថា​អ្នក​នៅក្បែរ​ព្រំប្រទល់​ខេត្តកំពត​-​កែប ជួប​ការលំបាក​បញ្ហា​ដែន​គ្រប់គ្រង​មិន​ច្បាស់លាស់​

592
ចែករម្លែក

ដោយ​: បូកគោ / កំពត​: ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​ព្រំប្រទល់​រវាង​ខេត្តកំពត និង​ខេត្ត​កែប ជួប​ការលំបាក​ជា​យូរ​មកហើយ​លើ​បញ្ហា​ធ្វើឯកសារ​ផ្សេងៗ ព្រោះតែ​ការកំណត់​ដែន​គ្រប់គ្រង​រដ្ឋបាល​មិនទាន់​ច្បាស់លាស់​។​

​ក្នុង​អង្គ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តកំពត​ប្រព្រឹត្តឡើង​ក្នុង​បរិវេណ​វត្ត​ត្រពាំង​ជ្រៃ ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​បាន​ត្អូញត្អែរថា​អ្នករស់នៅ​ក្បែរ​ព្រំប្រទល់​រវាង​ខេត្តកំពត និង​ខេត្ត​កែប​ជួប​បញ្ហាលំបាក​មួយចំនួន​យូរ​ឆ្នាំ​មកហើយ ពិសេស​ការធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី លិខិតបញ្ជាក់​លំនៅស្ថាន សំបុត្រកំណើត ព្រមទាំង​លិខិតស្នាម​ផ្សេងៗ​ព្រោះតែ​ភាពមិនច្បាស់លាស់​ផ្នែក​ដែន​គ្រប់គ្រង​រៀងខ្លួន​។ ជាមួយ​បញ្ហា​នោះដែរ ក្នុងករណី​មាន​អំពើចោរកម្ម​កើតឡើង​ពុំមាន​កម្លាំង​ខាង​ខេត្ត​ណា​ជួយ​អន្តរា​គម​ទេ​។ ប៉ុន្តែ​បើ​មាន​បទល្មើស ដូចជា​បូម​ខ្សាច់ ឬ​សកម្មភាព​ខុសច្បាប់​ដែល​ត្រូវ​រឹបអូស ឬ​ផាក​វិន័យ​នោះ​សមត្ថកិច្ច​ចេញមក​ដល់​ភ្លាម​។

​ឆ្លើយតប​ចំពោះ​បញ្ហា​លើ លោក​ទន់ ចន្ថា សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​លោកស្រី យូ សុគន្ធ អភិបាលរង​ខេត្តកំពត​បានបញ្ជាក់​ថា​រដ្ឋបាល​ខេត្តកំពត​នឹង​ជំរុញ​កិច្ចសហការ​រក​ដំណោះស្រាយ​ជាមួយ រដ្ឋបាលខេត្ត​កែប ពិសេស​អាជ្ញាធរ​រវាង​ស្រុក​ជាប់​ព្រំប្រទល់​នៃ​ខេត្ត​ទាំងពីរ​ដើម្បី​កំណត់​ដែល​រដ្ឋបាល​ឱ្យបាន​ច្បាស់លាស់​នាពេលខាងមុខ​។ ពិតណាស់ ការបន្ត​ភាពមិនច្បាស់លាស់​អំពី​ភូមិសាស្ត្រ ក៏ដូចជា​ដែន​គ្រប់គ្រង​នេះ​នឹង​បង្កក្តី​លំបាក​សម្រាប់​ប្រជាពលរដ្ឋ ពិសេស​ការចុះវាស់វែង​ដី​ដើម្បី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដូច​បងប្អូន​បានលើកឡើង​នោះ​៕