ពេល​ពលរដ្ឋ​បង្កើន​ការចាប់អារម្មណ៍ ទើប​ជំនាញ​មានគំនិត​ចងក្រង​ឯកសារ ស្តីពី​កីឡា​ប្រណាំង​គោ​អូស​រនាស់​

1752
ចែករម្លែក
  • 82
    Shares

ដោយ​: បូកគោ / កំពត​: ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ប្រជាពលរដ្ឋ​កាន់តែ​បង្កើន​ការចាប់អារម្មណ៍ ចំពោះ​កីឡា​ប្រណាំង​គោ​អូស​រនាស់​ដែល​ចាស់ព្រឹទ្ធាចារ្យ បាន​រក្សា​ទុកជា​យូរ​មកហើយ​។ ជា​ទម្លាប់​ថ្ងៃមួយ​កើត​នៃ​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ គណៈកម្មការ​វត្ត​ជុំ​ក្រៀល ស្រុក​ទឹកឈូ​តែង​រៀបចំ​ល្បែង​កម្សាន្ត​នេះ ដើម្បី​បន្ថែម​ភាពសប្បាយ​រីករាយ​។

​ឆ្លើយតប​ចំពោះ​ការចាប់អារម្មណ៍​លើ​ប្រភេទ​កីឡា​កេរដំណែល​ដ៏​យូរលង់​នោះ មន្ត្រី​ជំនាញ​នឹងសិក្សា​ចងក្រង​ខ្លឹមសារ​ពាក់ព័ន្ធ​ការប្រណាំង​គោ​អូស​រនាស់ ដើម្បី​ទុកឱ្យ​អ្នកជំនាន់ក្រោយ​បានដឹង​ពី​អត្ថន័យ​។​

​ជួប​សម្ភាសន៍​ដោយ​ភាព​ចៃដន្យ​នៅ​ទីលានប្រណាំង​គោ​អូសរ​នាស់នា​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨ លោក ពៅ រតនៈ ប្រធានការិយាល័យ​អភិវឌ្ឍន៍​វប្បធម៌​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពត​បាន​រៀបរាប់ថា​រៀងរាល់ឆ្នាំ​លោក​តែង​មក​ទស្សនា​កីឡា​ប្រណាំង​គោ​អូស​រនាស់​មិន​ខកខាន​ឡើយ តែ​ជា​លក្ខណៈ​លម្ហែ​កម្សាន្ត​ដោយ​ក្រុមគ្រួសារ​ប៉ុណ្ណោះ​។ លោក​ក៏​មិន​ភ្លេច​ក្នុងការ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​បន្តិចបន្តួច​ដើម្បី​ឧបត្ថម្ភ​កម្មវិធី​សប្បាយ​សម្រាប់​ថ្ងៃបុណ្យ​ប្រពៃណីជាតិ​ដែរ​។ ពាក់ព័ន្ធ​នឹង​កីឡា​ប្រណាំង​គោ​អូស​រនាស់​វិញ
​លោ​ប្រធានការិយាល័យ​បាន​បញ្ជាក់ថា​ការប្រណាំង​គោ​អូស​រនាស់​ជា​លក្ខណៈ​ល្បែង​ប្រពៃណី​ខ្មែរ​ដែល​អ្នក​ឃុំ​ជុំ​ក្រៀល​បាន​ប្រកាន់យក​តាំងពី​ដូនតា​មក​។ ពិតណាស់ ការ​រំលឹក​ព្រឹត្តិការណ៍​នៃ​កីឡា​ប្រណាំង​គោ​នេះ​ឡើង​ដើម្បី​អភិរក្ស​ផង និង​ផ្សព្វផ្សាយ​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ដឹងផង​។ លោក​ពៅ រតនៈ​បាន​បន្តថា​ផ្អែក​តាម​ការសិក្សា​គ្រប់​មូលដ្ឋាន​នៅ​ទូទាំង​ខេត្តកំពត ប្រពៃណី​ប្រណាំង​គោ​អូស​រនាស់​មានតែ​នៅ​មូលដ្ឋាន​នេះ​ទេ​។ ពួកគាត់​តែង​ធ្វើឡើង​រាល់​ឆ្នាំ​គឺ​ក្នុង​ថ្ងៃមួយ​កើត​នៃ​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ដើម្បីឱ្យ​ភ្ញៀវ​មក​ទស្សនា​កម្សាន្ត​។ តទៅ ការិយាល័យ​ជំនាញ​នឹងសិក្សា​ចងក្រង​ខ្លឹមសារ​ពាក់ព័ន្ធ​ការប្រណាំង​គោ​អូស​រនាស់​បំណង​ទុកឱ្យ​អ្នកជំនាន់ក្រោយ​បាន​យល់​ពី​អត្ថន័យ និង​មូល​ហេតុដែល​បុព្វបុរស​បង្កើត​ល្បែង​កីឡា​មួយ​ប្រភេទ​នេះ​ឡើង​។​

​លោក​សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​មានប្រសាសន៍ថា​អ្នក​ឃុំ​ជុំ​ក្រៀល​មាន​កីឡា​ប្រពៃណី​លេង​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​គឺ​ការប្រណាំង​គោ​អូស​រនាស់​។ ក្នុងករណី​ដែល​មន្ត្រី​ជំនាញ​ផ្នែក​អភិរក្ស​ល្បែង​កីឡា​ប្រពៃណី​គាំទ្រ និង​លើកទឹកចិត្ត​ពលរដ្ឋ​ឱ្យ​បង្កើន​កិច្ច​ថែរក្សា​ជាប់លាប់ នោះ​ថ្ងៃក្រោយ​សហគមន៍​អាច​រកប្រាក់​ចំណូល​បន្ថែ​ម​តា​រយៈ​ការប្រកួត​បង្ហាញជូន​ភ្ញៀវ​មើល​កម្សាន្ត​ដោយ​មិនចាំបាច់​ដល់ពេល​បុណ្យទាន​ទេ​។ នៅ​ប្រទេស​អេ​ស្ប៉ា​ញ​គេ​រក្សាបាន​នូវ​ប្រភេទ​កីឡា​គោ​តូ​រ៉ូ​ដើម្បី​សម្តែង​ជូន​ភ្ញៀវ​ដោយ​មិន​គិតពី​រដូវ​កាល​ឡើយ​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​កីឡា​ប្រណាំង​គោ​របស់​អ្នក​ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ជា​ប្រពៃណី​មួយ​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​សហគមន៍ ហើយ​លោក​សូម​កោតសរសើរ​នូវ​ការចូលរួមរ​បស់បង​ប្អូន​ដែល​បាន​ថែរក្សា​ប្រពៃណី​ទំនៀមទម្លាប់​របស់​ដូនតា​។ នោះ​ជាការ​ធ្វើដំណើរ​មួយ​ជំហាន​ដែលជា​រឿង​មួយ​ប្រពៃ​ដោយ​បង្វែ​ប្រភេទ​កីឡា​នេះ ឆ្ពោះទៅ​លក់​ឱ្យ​វិស័យ​ទេសចរណ៍ ព្រោះ​ជា​ផលិតផល​ដ៏​ល្អ ក្នុងករណី​រៀបចំ​បាន​ត្រឹមត្រូវ មាន​កម្មវិធី​ច្បាស់លាស់​ឈានទៅ​ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ជិត​ឆ្ងាយ​មកកាន់​សហគមន៍​ពួកគាត់​។

​លោក​សយ ស៊ី​ណុល​បានបញ្ជាក់​ថា​លោក​គិតថា នៅ​ទូទាំង​កម្ពុជា កីឡា​ប្រណាំង​គោ​អូស​រនាស់​មានតែ​ក្នុង​ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ខេត្តកំពត​ប៉ុណ្ណោះ​។ ដូច្នេះ​នេះ​ជា​ចំណែក​ដ៏​សំខាន់​ដែល​ផ្នែក​ពាក់ព័ន្ធ​ត្រូវ​សហការ និង​បញ្ជ្រាប​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​ដើម្បី​បាន​ចូលរួម​ទាំងអស់គ្នា​។ លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ប៉ុន្មាន​ខែ​មុន ​លោក​បាន​ជួប​ជាមួយ​សមាគម​ទីភ្នាក់ងា​ទេសចរណ៍ ដោយ​គេ​លើកឡើងថា​គេ​ពេញចិត្ត​ចំពោះ​រូបភាព​ទាំងនេះ ដែល​បាន​ផ្សព្វផ្សាយ​កន្លងមក​។ ប៉ុន្តែ​អ្វីដែល​សំខាន់​គេ​ត្រូវការ​ភាពច្បាស់លាស់ ពោលគឺ​ពេល​គេ​ផ្សព្វផ្សាយ​ចេញទៅ តើ​អាច​ប្រមូលផ្តុំ​បងប្អូន​សម្រាប់​សម្តែង​ការប្រណាំង​នេះ​បានដែរ ឬទេ​។ ក្នុងករណី​គ្រប់ផ្នែក​ពាក់ព័ន្ធ​សហការគ្នា​បានល្អ លោក​ជឿជាក់ថា​ពិតជា​អាចធ្វើ​បាន​។ លើសពីនោះ អ្នក​ធ្លាប់​កាន់ការ​ងារ​នេះ​យូរ​មកហើយ​ត្រូវ​ជួយ​គាំទ្រ​កម្មវិធី​នេះ​ដើម្បី​កុំឱ្យ​រាំងស្ទះ​។ ជាការ​អំពាវនាវ លោក​សូមឱ្យ​គ្រប់ផ្នែក​ពាក់ព័ន្ធ​មេត្តា​ចូលរួម​គាំទ្រ​ទាំងអស់គ្នា ពិសេស​សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ថែរក្សា​នូវ​ទំនៀមទម្លាប់​ប្រពៃណី​ល្អ​ផូរផង់​នេះ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ឱ្យបាន​ច្រើន​ដែលជា​ផ្នែក​មួយ​ជួយ​ដល់​ការរក​ប្រាក់ចំណូល​រប​ស់បង​ប្អូន​សហគមន៍​ទាំងមូល​។​

​ក្រោយ​បញ្ចប់​ការប្រកួត​នៅ​ព្រឹក​ថ្ងៃ​ដដែល លោក​សុខ យ៉ង សមាជិក​គណៈកម្មការ​រៀបចំ​ការប្រកួត​បាន​ប្រាប់​ឱ្យដឹងថា ឆ្នាំនេះ ប្រជាពលរដ្ឋ​ពី​បណ្តា​ឃុំ​នានា នៃ​ស្រុក​ទឹកឈូ​បានមក​ទស្សនាការ​ប្រណាំង​គោ​អូស​រនាស់ មាន​បរិមាណ​ច្រើនជាង​ឆ្នាំ​កន្លងទៅ​។ ជាមួយនឹង​ភាពសប្បាយ​រីករាយ អ្នកចូលរួម​ក៏បាន​បរិច្ចាគ​ថវិកា​ដោយ​ទឹកចិត្ត​ស្មោះស ដើម្បី​គាំទ្រ​កម្មវិធី​ប្រណាំង​គោ​ឱ្យ​កាន់​រស់​រវើក​ឡើង​។

​សមាជិក​ក្រុមការងារ​ដដែល​បាន​បន្តថា ព្រោះតែ​ជំនួយ​ពី​សប្បុរសជន​នានា​មាន​សន្ទុះ​កើនឡើង​ទើប​បង្កលក្ខណៈ​ងាយស្រួល​ដល់​គណៈកម្មកា​រលើ​ការចំណាយ​ផ្សេងៗ​សម្រាប់​ពិធី​ប្រកួត ពិសេស​ឧបត្ថម្ភ​ជូន​ម្ចាស់​គោ​នីមួយៗ​បាន​ច្រើនជាង​បណ្តា​ឆ្នាំមុនៗ​។

​សម្រាប់​ឆ្នាំក្រោយៗ​ទៀត លោក​សំណូមពរ​ចំពោះ​អ្នក​ដែល​បាន​ទស្សនា​ទាំងអស់​ជួយ​បញ្ជ្រាប​ដល់​បងប្អូន​សាច់ញាតិ អញ្ជើញ​មក​ចូលរួម​ដើម្បី​លើកទឹកចិត្ត និង​អភិរក្ស​ល្បែង​កីឡា​កេរដំណែល​ចាស់ព្រឹទ្ធាចារ្យ​ថែរក្សា​ទុកជា​យូរ​មកហើយ​នេះ​។ លើសពីនោះ លោក​សូម​អំពាវនាវ​ចំពោះ​ប្រជាកសិករ​ដែលមាន​គោ​ល្អៗ​មេត្តា​បន្ត​យកចិត្តទុកដាក់​ថែរក្សា និង​បង្ហាត់បង្រៀន​សម្រាប់​ចូលរួម​ប្រកួតប្រណាំង​បំណង​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ភ្ញៀវ​ជិត​ឆ្ងាយ​នា​ឆ្នាំក្រោយៗ​ទៀត​៕ ល​