ពេល​ពលរដ្ឋ​មាន​គ្រោះអាសន្ន​គ្រប់​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ស្ទុះស្ទា​ជួយ​ជាបន្ទាន់​

342
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​រាល់ពេល​ប្រជាពលរដ្ឋ​ជួប​គ្រោះអាសន្ន​ដោយ​ករណី​ណាមួយ​គ្រប់​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​និង​ស្ទុះស្ទា​ជួយ​ឱ្យទាន់​វេលា​។​ថ្លែង​ក្នុង​ពិធី​ប្រគល់​រថយន្ត​ពន្លត់​អគ្គិភ័យ រថយន្ត​សង្គ្រោះ​និង​រថយន្ត​បូមទឹក​ដល់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​សាលាក្រុង​កំពត​កាលពី​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៩​។​

​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថា​មនុស្ស​ម្នាក់ៗ​តែងមាន​ភាព​តក់ស្លុត​បាក់​ស្មារតី​ពេល​ជួប​គ្រោះអាសន្ន​ដោយ​យថាហេតុ​ណាមួយ​ដូចជា​ករណី​ភ្លើង​ឆេះ​ផ្ទះ​ជាដើម​។​ក្នុងស្ថានភាព​បែបនេះ​ការ​រួមគ្នា​ជួយសង្គ្រោះ​ទាន់ពេលវេលា​នោះ​មិន​ត្រឹម​អំពើ​បុណ្យ​កុសល​ប៉ុណ្ណោះ​ទេ​តែ​ជា​ចំណែក​សំខាន់​ក្នុងការ​កាត់បន្ថយ​វិបត្តិ​សង្គម​ព្រោះ​បង្ការ​បាន​នូវ​ការបាត់​បង់ជីវិត​មនុស្ស​ឬ​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​របស់​ពួកគាត់​។

​លោក​អភិបាលខេត្ត​បាន​បន្តថា​ដូច្នេះ​រាល់ពេល​ទទួល​ព័ត៌មាន​អំពី​ហេតុការណ៍​ដែល​អាច​នឹង​បង្កក្តី​អន្តរាយ​ត្រូវ​ប្រញាប់​ស្ទុះស្ទា​រួមគ្នា​ជួយសង្គ្រោះ ទោះ​នៅទីណា ឬ​វេលា​ណាមួយ​ក៏ដោយ​។ ម្យ៉ាងទៀត រថយន្ត​ទាំងនេះ​ក៏​មិនមែន​ត្រឹមតែ​ជា​គោលដៅ​សម្រាប់​ហេតុការណ៍​អគ្គីភ័យ​មួយ​មុខ​ទេ​គឺ​ត្រូវ​ត្រៀម​ជួយ​គ្រប់​ការងារ​ទាំងអស់​។​

​ដូចជា​ការដឹកជញ្ជូន​ទឹក​ចែក​ប្រជាពលរដ្ឋ​ពេល​ជួប​គ្រោះរាំងស្ងួត​ប្រើប្រាស់​ក្នុងការ​បាញ់ស្រោច​សួនច្បារ​តាម​ទីសាធារណៈ​នានា​ជាដើម​។​ជាមួយនេះ​ការថែទាំ​ជា​ករណី​សំខាន់​ជៀសវាង​ពេល​ត្រូវ​ប្រើប្រាស់​ក្នុង​ភាព​បន្ទាន់​បែរជា​រថយន្ត​ខូច​មិនអាច​ដំណើរការបាន​នោះ​។​

សូមបញ្ជាក់ថា​រថយន្ត​ទាំងបី​គ្រឿង​ដែល​លោក​អភិបាលខេត្ត​ប្រគល់ជូន​អង្គភាព​ទាំងបី​ជា​អំណោយ របស់​រដ្ឋបាលខេត្ត​ក្យុ​ង​គី​នៃ​សា​ធាណ​រដ្ឋ​កូរ៉េ​តាមរយៈ​អង្គការ​មនុស្សធម៌​ហ្គោ​អែន​ឌូ​។​ក្នុងនោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រគល់ជូន​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​រថយន្ត​សង្គ្រោះបន្ទាន់​ប្រគល់ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​រថយន្ត​បូមទឹក​ប្រគល់ជូន​សាលាក្រុង​កំពត​៕S/​