ព័ត៌មាន​ក្លែងក្លាយ​អំពី​ការលាឈប់​របស់​ត្រាំ កំពុង​ធ្វើអោយ​ចលាចល​អាមេរិក​

500
ចែករម្លែក

​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​កាសែត​មាន​វ៉ាស៊ីនតោន ប៉ុ​ស្ត៍ ត្រូវបាន​ចែកចាយ​លឿន​ដូច​រន្ទះ​នៅក្នុង​រដ្ឋធានី​អាមេរិក ដែល​វា​បាន​រាយការណ៍​ថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​​បាន​លាឈប់​ពី​ប្រធានាធិបតី​អាមេរិក​។​

​កាសែត​រាប់ពាន់​ច្បាប់​ដែល​អះអាង​មិន​ពិត​ថា​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រា លាឈប់​ពី​តំណែង ត្រូវបាន​ចែកចាយ​នៅ​ពាសពេញ​រដ្ឋធានី​វ៉ាស៊ីនតោន​

​កាសែត​វ៉ាស៊ីនតោន​ប៉ុ​ស្ត៍​ពិត និយាយថា កាសែត​ដែលថា​ត្រាំ​លាឈប់​នេះ ត្រូវបាន​ចុះ​កាលបរិច្ឆេទ​ចេញផ្សាយ​ថ្ងៃ​០១​ឧសភា ឆ្នាំ​២០១៩ គឺ​វា​ដូចគ្នា​នឹង​ការ​សែត​ពិត​។​​កាសែត​ក្លែងក្លាយ​នេះ ចុះផ្សាយ​សុទ្ធតែ​អត្ថ​វាយប្រហារ​ត្រាំ និង​គេហទំព័រ​my-washingtonpost.com​ដែល​ក៏​ពោរពេញ​ដោយ​អត្ថបទ​ប្រឆាំង​លោក​ប្រធានាធិបតី​។​

​កាសែត​ក្លែងក្លាយ​នេះ​និយាយថា «​ដូ​ណា​ល់ ត្រាំ ទំនងជា​បោះបង់​សេត​វិមាន​និង​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​។​លោក​មិន​បានចេញ​សេចក្តីថ្លែងការណ៍​ផ្លូវការ​ទេ តែ​​ជំនួយការ​សេត​វិមាន​៤​រូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាងថា​ពួកគេ​បានឃើញ​ក្រដាស​មួយ​នៅលើ​តុ​ប្រធានាធិបតី​…»​។​

​វា​បាន​បន្ថែមថា ត្រាំ​បាន​ចាក​ចេញពី​វ៉ាស៊ីនតោន​ទៅកាន់​យ៉ា​ល់តា រមណីយដ្ឋាន​នៅ​តំបន់​គ្រី​មេ កន្លែង​ជំនួប​មេដឹកនាំ​សម្ពន្ធមិត្ត​សង្គ្រាមលោកលើកទី​២​។​

​ទោះជា​យ៉ាងណា ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​របស់​កាសែត​និយាយថា «​មានការ​បោះពុម្ព​កាសែត​វ៉ាស៊ីនតោន​ប៉ុ​ស្ត៍​ក្លែងក្លាយ​និង​ត្រូវបាន​ចែកចាយ​នៅ​រដ្ឋធានី​​អាមេរិក​ហើយ​យើង​ក៏​ដឹងថា​មាន​គេហទំព័រ​មួយ​ព្យាយាម​ធ្វើ​ដូច​គេ​ទំព័រ​របស់​យើង​។​វា​មិនមែនជា វ៉ាស៊ីនតោន​ប៉ុ​ស្ត៍​ពិត​ទេ ហើយ​យើង​កំពុង​ពិនិត្យ​លើ​បញ្ហា​នេះ​»​។​

​គេ​មិនដឹងថា​តើ​ស្ថាប័ន​សារព័ត៌មាន​វ៉ាស៊ីនតោន​ប៉ុ​ស្ត៍​ពិត​នឹង​ចាត់វិធានការ​យ៉ាងណា​លើ​អ្នក​នៅ​ពីក្រោយ​ព័ត៌មាន​ក្លែងក្លាយ​នេះ​។​

​សូមបញ្ជាក់ថា កាសែត​វ៉ាស៊ីនតោន​ប៉ុ​ស្ត៍​(Washington Post)​ពិត មាន​ម្ចាស់​ជា​បុរស​មាន​បំផុត​លើ​លោក គឺ​លោក​ជេ​ហ្វ បេ​ហ្សូ​ស​(Jeff Bezos)​ដែលមាន​ជម្លោះ​បើកចំហ​​ជាមួយ​លោក​ត្រាំ​៕​ដោយ​៖​វាសនា​

#