ព័ត៌មាន​បន្ថែមៈ​ចាប់ខ្លួន​ប្រធាន​-​អនុប្រធាន និង​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្តពោធិ៍សាត់​រឿង​ទារលុយ​១០​ម៉ឺន​ដុល្លារ​

2048
ចែករម្លែក
​ចាប់ខ្លួន​ប្រធាន​-​អនុប្រធាន និង​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្តពោធិ៍សាត់​រឿង​ទារលុយ​១០​ម៉ឺន​ដុល្លារ​

ដោយៈ មុនី​រ័ត្ន​/ ​ភ្នំពេញៈ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឬ​អ​.​ប​.​ព​(ACU)​បាន​ចាប់ខ្លួន​ប្រធាន​,​អនុប្រធាន​និង​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្តពោធិ៍សាត់​ពាក់ព័ន្ធ​ការឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ទារលុយ​ពី​ប្រជាពលរដ្ឋ​១០​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​ចេញ​ច្បាប់​សាងសង់​។ ការចាប់ខ្លួន​មន្ត្រី​ទាំងនេះ បានធ្វើ​ឡើង​ក្នុង​ភោជនីយដ្ឋាន​មួយកន្លែង​នៅ​ក្រុង​ពោធិ៍សាត់ និង​នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩​។​


​ការចុះ​ចាប់ខ្លួន​មន្ត្រី​សុរិយោដី​ខេត្តពោធិសាត់​ទាំងបី​នាក់​នេះ គឺ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​
​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ការចាប់ខ្លួន​ប្រធាន​មន្ទីរ និង​អនុប្រធាន បានធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​មហាលាប នៅក្នុង​ក្រុង​ពោធិ៍សាត់ ខណៈពេលដែល​អ្នក​ទាំង​ពីរ និង​ម្ចាស់​ដី​ជួបគ្នា​ដើម្បី​ប្រគល់​លុយ​។ ហើយ​មន្ត្រី​ម្នាក់ទៀត ចាប់ខ្លួន​នៅក្នុង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្តពោធិសាត់​។​


​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ថា ប្រធាន អនុប្រធាន និង​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្តពោធិ៍សាត់ ដែល​ចាប់ខ្លួន មានដូចជាៈ ១. លោក លៀម ប៊ុន​រឿ​ម ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្តពោធិ៍សាត់​។ ២. លោក ជាង វុទ្ធី អនុប្រធាន​មន្ទីរ​ទទួល​ការងារ​សំណង់ និង​៣. លោក តែ ប៊ុន​ថេ​ង មន្ត្រី​សុរិយោដី​ខេត្ត​។​


​លោក​ទេសរដ្ឋមន្ត្រី​ឱម​យ៉ិនទៀង​បាន​បញ្ជាក់ថា​ការចាប់ខ្លួន​នេះ​គឺ​ដោយសារ​មន្ត្រី​ទាំងបី​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​អំពើពុករលួយ​ទារ​ថ្លៃ​សេវា​ពី​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់​។​
​ដោយឡែក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឲ្យ​ដឹង​តាម​សារ​អេឡិចត្រូនិក​នៅក្នុង​គ្រុប​តេ​ឡា​ក្រាម “​សភា​ព្រោកប្រាជ្ញ​” ថា ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តពោធិ៍សាត់ បាន​ទារលុយ​គេ​បួន​ម៉ឺន​ដុល្លារ គេ​មិន​ព្រម​បង្ក​ការលំបាក​ខ្លាំង ទាល់តែ​គេ​មក​អង្វរ ទារ​គេ​ដល់​១០​ម៉ឺន​ដុល្លារ​ទើប​ចេញ​ច្បាប់​សាងសង់​ឲ្យ​គេ ហើយ​ត្រូវ​កក់​ភ្លាម ៥០ % (៥​ម៉ឺន​ដុល្លារ​)​។ កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ គេ​កក់ ៥​ពាន់​ដុល្លារ នៅ​បន្ទប់​ការិយាល័យ​ប្រធាន​តែម្តង ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា កក់​ឲ្យ​៤​ម៉ឺន​៥​ពាន់​ដុល្លារ​ទៀត​បង្គ្រប់ ៥០% នៅ​ភោជនីយដ្ឋាន​មហាលាភ ទើប​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នាំខ្លួន​មក​តែម្តង​៕​សរន​