ព័ត៌មាន​ពិស្តារ​បន្ថែម​ករណី​សង្ស័យ​ពុល​នៅ​ក្រចេះ៖ ក្រសួងសុខាភិបាល បង្ហាញ​លទ្ធផល​ពិសោធន៍​ដោយសារ​ពុល​ស្រា ស​

1210
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​-​មេសា​/​ភ្នំពេញៈ ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ករណី​ពុល នៅ​ខេត្តក្រចេះ ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស ស្លាប់​ចំនួន​១៣​នាក់ និង​មាន​អ្នកជំងឺ​ជាង​២០០​នាក់​គឺ​ដោយសារ ប្រជាពលរដ្ឋ​ទទួល​ទាន​ស្រាស​។​ប៉ុន្តែ​ករណី​ពុល​ទឹក​រក​មិនទាន់​ឃើញ​នៅឡើយ​ទេ​។​ករណី​ពុល​ស្លាប់ នេះ​កើត​នៅ​ភូមិ​ស្រែ​នន ភូមិ​អាល​ច ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

ពលរដ្ឋដែលធ្លាក់ខ្លួននៅក្រចេះ

​បើតាម​លោក ឈ្នាង សុ​វុត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ថា គិត​ត្រឹម​ម៉ោង​ជាង ១០ ព្រឹក ថ្ងៃទី​៧ ខែឧសភា ចំនួន​អ្នកស្លាប់​ឡើងដល់ ១៣ នាក់​ហើយ​។​ប្រជា ពលរដ្ឋ​រងគ្រោះ មាន​រោគសញ្ញា ដូចជា ឈឺពោះ ក្អួតចង្អោរ អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ និង​ថប់ដង្ហើម រហូត​បណ្តាល​ឲ្យ​ស្លាប់ និង​ជនរងគ្រោះ​ជាច្រើន​នាក់​ផ្សេងទៀត ត្រូវបាន​ដឹកបញ្ជូន ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត និង​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​រាជធានី​ភ្នំពេញ​។​

​យោងតាម​សេចក្តីប្រកាស​ព័​ត៌​មា​របស់​ក្រសួងសុខាភិបាល ស្តីពី​ករណី​ពុល​ស្រា និង​សង្ស័យ​ពុល​ទឹក នៅ​ខេត្តក្រចេះ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​៧​ខែឧសភា​បាន​បញ្ជាក់ថា​លទ្ធផល​នៃ​ការពិនិត្យ​របស់​មន្ទីរ​ពិសោធន៍​​ជាតិ​សុខាភិបាល​លើ​សំណាក​ស្រា​មួយចំនួន​ដែល​ក្រុមការងារ​បាន​ផ្ញើ​មកពី​ភូមិ​ពាក់ព័ន្ធ បាន​បង្ហាញ​ថា ស្រា​ទាំងនោះ មាន​ផ្ទុក​ជាតិ​មេ​តា​ណុល​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ពុល​។ ដោយឡែក ការវិភាគ​សំណាក​ទឹក ដែល​ផ្ញើ​មកពី​ភូមិ​ពាក់ព័ន្ធ ពុំទាន់​ទទួលបាន​លទ្ធផល​នៅឡើយ​។

​ក្រសួងសុខាភិបាល បាន​បន្តថា វិធាន​ការដែល​បានដាក់​ចេញ​របស់​អាជ្ញា​ធរ​មូលដ្ឋាន រួមមានៈ ១.​បញ្ឈប់​ការបិត និង​លក់​ស្រា ស ក្នុង​មូលដ្ឋាន​។ ២.​បំរាម​ប្រជាជន ក្នុងភូមិ កុំ​ឲ្យ​ប្រើប្រាស់​ទឹកអូរ ក្នុង​តំបន់​សង្ស័យ និង​ជួយ​ដឹក​ទឹកស្អាត​ផ្គត់ផ្គង់​ដល់​អ្នកភូមិ​។ ៣.​អប់រំ​អនាម័យ​រស់នៅ និង​ហូប​ស្អាត ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​។​

​តាម​របាយការណ៍​រប​ស់​ក្រុមការងារ​ជំនាញ​ថ្នាក់កណ្ដាល និង​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​គិត ត្រឹម​ម៉ោង ៥:៣០ ព្រឹក​ថ្ងៃទី ៧ ឧសភា​នេះ បាន​ឲ្យ​ដឹងថា ករណី​ពុល នៅ​ភូមិ​ស្រែ​នន និង​ភូមិ​អាល​ច ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី មាន​អ្នកជំងឺ​សរុប ១៤៩​នាក់ ស្រី​៧៣​នាក់​។ ក្នុងនោះ អ្នកស្លាប់​មាន​ចំនួន ១១ នាក់ ដែលមាន​អាយុ​ចាប់ពី ២៤​ឆ្នាំ ដល់ ៧៣​ឆ្នាំ​។​

​ចំណែក​លោក ប៉ែន លី​ណាត អភិបាលរង​ខេត្តក្រចេះ បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រលប់​ថ្ងៃទី​៧ ឧសភា​ថា លទ្ធផល​ជារួម មាន​ករណី​គ្រោះថ្នាក់ ២៨០​នាក់ ក្នុងនោះ​មាន​ស្រី ១៦២​នាក់​និង​បាន ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​សរុប​មាន​ចំនួន​២៣៤​នាក់ និង​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ចំនួន​១៤​នាក់​។

​លោក​បាន​បញ្ជាក់ថា ចំពោះ​ករណី​ស្លាប់ មកដល់ពេលនេះ មាន​ចំនួន​១៣​នាក់ ក្នុងនោះ​ស្រី ៨ នាក់ ហើយ​ករណី​ស្លាប់​នេះ​គឺ​ស្លាប់​នៅផ្ទះ​ប្រជាពលរដ្ឋ​មាន​ចំនួន​៦​នាក់​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ​ចំនួន​១​នាក់​និង​ស្លាប់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ចំនួន​២​នាក់​ហើយ​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​កាល់ម៉ែត ចំនួន ២ នាក់ និង​ស្លាប់​តាមផ្លូវ​ចំនួន ២ នាក់​។​

​លោក​បាន​បន្តថា​ក្រុមការងារ​ក្រសួងសុខាភិបាល​បានដាក់​ការសង្ស័យ​ខ្លាំង​គឺ​បណ្តាលមកពី​ការពុល​មេ​តា​ណុល នៅក្នុង​ស្រា ស អ្នកស្លាប់​សុទ្ធ​តែមាន​រោគសញ្ញា​ស្រវាំងភ្នែក ងងឹតភ្នែក ថប់ដង្ហើម អ្នកស្លាប់​សុទ្ធ តែមាន​ប្រវត្តិ​ផឹក​ស្រាស ៕​មន​