ព័ស្ដុ​, ពសុធា​, ពលី​, ពហុវចន​, ពហុព្យាង្គ​, ពហុការី​, ភាតរភាព​, ភយន្តរាយ​, ភរ​, ភាន់​, ភូឈួយ​, មាត្រា​, មាត្រ​, មន្ទិល​

3224
ចែករម្លែក

​ព័ស្ដុ ព័ស សំ​.; បា​. ( ន​. ) (​វ​ស្តុ​; វត្ថុ​) លំនៅ​, ទី​, ទី​កើត​, ទីតាំង​; ទ្រព្យ​, របស់​, អីវ៉ាន់​; ហេតុ​, មូលហេតុ​; រឿងនិទាន​; ចម្ការ​… ។ ព័ស្ដុតាង (​ប្រ​. ក្ល​. ភ័ស្ដុតាង​) របស់​ជា​តឹកតាង​, ជា​គ្រឿង​សម្គាល់​, ជា​សំអាង ។ ព័ស្ដុភារ ប្រ​. ក្ល​. ជា ភ័ស្ដុភារ គឺ​បណ្ណាការ​, ជំនូន (​គួរប្រើ ព័ស្ដុ​, ព័ស្ដុភារ វិញ​ត្រឹមត្រូវ​ជាង ភ័ស្ដុ​, ភ័ស្ដុភារ​) ។

​ពសុធា ពៈ​– សំ​. បា​. ( ន​. ) (​វសុធា​, វ > ព ជា ពសុធា ក៏មាន​ខ្លះ​) ផែនដី​; ពិភពលោក ។ ទាំង​ផែន​ពសុធា គឺ​ទាំង​ផែនពិភព​លោក ។

​ពលី ពៈ​- សំ​. បា​. ( ន​. ) (​ព​លិ​) ការបូជា​; សួយ​, អាករ​, ពន្ធដារ​; តង្វាយ​; សំណែន​, ការសង្គ្រោះ​, ចំណែក​បុណ្យ ។ ពលី​មាន​៥​យ៉ាង​គឺ ១- ញាតិពលី ការសង្គ្រោះ​ញាតិ​; ២- អតិថិពលី ការទទួល​ភ្ញៀវពន្លឺ​; ៣- បុព្វបេតពលី ការធ្វើ​ទាន​ឧទ្ទិស​ផ្សាយ​ចំណែក​បុណ្យ ចំពោះ​ទៅ​អ្នក​ដែល​ចែក​ឋាន​ទៅកាន់​បរលោក​មុនៗ​ហើយ​; ៤- រាជពលី ការទទួល​ភារៈ កិច្ចការ​រាជការ​មាន​បង់ពន្ធដារ​សួយ​អាការ​ជាដើម​; ៥- ទេវតាពលី ការផ្សាយ​ចំណែក​បុណ្យ ចំពោះ​ពួក​ទេវតា តាម​លទ្ធិ​ពុទ្ធសាសនា ឬ​បូជា​វត្ថុ​ផ្សេងៗ​មាន​បាយ​ចំណី​ជាដើម​ចំពោះ​ទេវតា តាម​លទ្ធិ​ដទៃ​ក្រៅពី​ពុទ្ធសាសនា (​ម​. ព​. ទាំង​៥​នុះ​ផង​) ។

​ពហុវចន ពៈ​ហ៊ុ​វៈចៈ​ន៉ៈ សំ​. បា​. ( ន​. ) (​ពហុវចន​) ពាក្យ​សម្រាប់​ប្រើ​ក្នុង​វេយ្យាករណ៍ ប្រាប់​ចំនួន​ច្រើន​, ខាង​វេយ្យាករណ៍​ភាសាបាលី រាប់​តាំងពី​ចំនួន​ពីរ​ឡើងទៅ​, ខាង​វេយ្យាករណ៍ សំស្ក្រឹត រាប់​ពី​ត្រឹម​បី​ឡើងទៅ ព្រោះ​ចំនួន​ពីរ​ហៅថា ទ្វិ​វចនៈ​; ខាង​ភាសា​ខ្មែរ​រាប់​ពី​ត្រឹម​ចំនួន ពីរ​ឡើងទៅ កំណត់​ពាក្យ​ថា ទាំងឡាយ ឬ ពួក​, ថា : មនុស្ស​ទាំងឡាយ ឬ ពួក​មនុស្ស​, ពពួកមនុស្ស​, ពពួកសត្វ​… (​ម​. ព​. វចន ឬ វចនៈ ទៀតផង​) ។

​ពហុព្យាង្គ ពៈ​ហ៊ុ​ព្យា​ង បា​. ( ន​. ឬ គុ​. ) (​ពហុ + វិ > ពិ​, ឥ > យ + អង្គ > ពហុព្យាង្គ​) សព្ទ​ដែលមាន​ព្យាង្គ​ច្រើន គឺ​សព្ទ​ឬ​សម្ដី​ដែលមាន​សូរ​ច្រើន​ម៉ាត់ តាំងពី​បី​មាត់​ឡើងទៅ : កន្ទាទូក​, កន្ទក់កន្ទេញ​, កន្ទាលត្រអាក​, កន្ទ្រាំ​ង​បាយ​-​ស​, អង្ក្រេមអង្ក្រម​, អំពិលអំពែក​,…. ជា ពហុព្យាង្គ (​បារ​. Polysyllabe ប៉ូ​លី​ហ្ស៊ិ​ល្ល៉ា​ប​)​។ ព​. ផ្ទ​. ឯក​ព្យាង្គ ឬ ព្យាង្គ​ទោ​, ទ្វេព្យាង្គ (​បារ​. Monosyllabe Dissyllabe) ។

​ពហុការី ពៈ​ហ៊ុ​កា​រ៉ី បា​.; សំ​. ( ន​. ឬ គុ​. )(​ពហុ​កា​រិ​ន៑​) អ្នកធ្វើការ​ច្រើន​; អ្នកធ្វើការ​នឿយ ហត់​ច្រើន​; បើ​ស្ត្រី​ជា​ពហុការិនី​(​ព​. កា​.) : ពហុការី​ទាំងបី​នាក់ ត្រូវ​ជឿ​ឲ្យ​ជាក់​កុំ​រវាត ខ្ញុំ​ទុក​អ្នកឯង​ដូចជា​ញាតិ ចូរ​អ្នក​កុំ​ឃ្លាត​ចេញពី​ខ្ញុំ ។

​ភាតរភាព ភាត​រ៉ៈ​ភាប បា​.; សំ​. ( ន​. ) (– + ភាវ​; ភ្រា​ត្ឫ + ភាវ​) ភាវៈ​នៃ​បងប្អូន​; សេចក្ដី​រាប់រក​គ្នា​ដូច​បង​ដូច​ប្អូន : ភាតរភាព ឬ ភាតុភាព​របស់​ពួក​មនុស្ស​, សង្គ្រោះ​គ្នា ដោយ​ភាតរភាព​, និយាយស្ដី​រកគ្នា​ដោយ​ភាតរភាព ឬ ដោយ​ភាតុភាព ។

​ភយន្តរាយ ភៈ​យ័ន​-​តៈ​រ៉ា​យ បា​. ( ន​. ) (< ភយ + អន្តរាយ​) អន្តរាយ​ដែល​គួរ​ខ្លាច​, អន្តរាយ​យ៉ាង​សម្បើម : កើតមាន​ភយន្តរាយ ។ (​ព​. កា​.) : ភយន្តរាយ អ្នកប្រាជ្ញ​ទាំងឡាយ លោក​ពោល​ប្រាប់ថា កើតមាន​ព្រោះ​កម្ម អំពើ​ពាលា បណ្ដាល​ឲ្យ​ជា ក្ដី​ទុក្ខលំបាក ។

​ភរ ( កិ​. ) ពោល​ពាក្យ​មិន​ពិត​, កុហក ។ គុ​. ឬ កិ​. វិ​. ដែល​មិន​ពិត​, កុហក : មនុស្ស​ភរ​, សម្ដី​ភរ​; និយាយ​ភរ ។ ភរភាយ ភរ​រហាច​រហ​តាមតែ​រួចពីមាត់ ។ ភរភូត ឬ ភូតភរ ភរ​ទាំងស្រុង​; ដែល​សុទ្ធតែ​ភរ ។ (​ព​. កា​.) : មនុស្ស​មេ​ភរ ចេះតែ​កម្ទរ ភរ​ឲ្យ​គេ​ស្ដាប់ ភរ​ទៅ​ភរ​ទៅ ត្រូវ​លង់​ចំណាប់ អ្នកផង​គេ​ចាប់​-​ថ្នាក់​ព្រោះតែ​ភរ ។

​ភាន់ បា​. ( កិ​. ) (​ភ​ន្ត “​ភ្ញាក់​, ភ្ញាក់ផ្អើល​; ច្រឡំ​, ស្រឡាំងកាំង​, មិងមាំង​”) ជ្រួស​, ច្រឡំ​, ទាស់ខុស​ផ្លូវខុស​ទំនង (​ភ័ន្ត មិនសូវ​ប្រើ ច្រើន​ប្រើតែ ភាន់ មក​យូរហើយ​) : ភាន់គំនិត​, ភាន់ស្មារតី​, ភាន់ដំណើរ​, ភាន់ផ្លូវ ។ ភាន់ច្រឡំ ច្រឡំ​ដោយ​ភាន់ ។ ភាន់ប្រែ កើត​ចលាចល​ភ្ញាក់ ផ្អើល​ដោយ​ធ្វើសង្គ្រាម​នឹង​គ្នាឯង ដរាប​ដល់​ប្រែ​កិច្ច​រាជការ​ផែនដី​, ប្រែ​ផែនដី ឬ​ខូច​ទឹកដី​ព្រោះ ភាន់គំនិត : ស្រុក​កើត​ភាន់ប្រែ ។ ភាន់ភាំង ភាំង​, ស្រឡាំងកាំង ព្រោះ​ភាន់ (​ម​. ព​. ភប់ ផង​) ។ ភ័ន្ត​

​ភូឈួយ ស​. ( ន​. ) មន្ត្រី​ដែលមាន​មុខងារ​ជា​អ្នកទទួលបន្ទុក ធ្វើ​កិច្ចការ​រាជការ​បន្ទាប់ ពី​មន្ត្រី​ជា​អធិបតី : ភូឈួយសេនាបតី​, ភូឈួយរដ្ឋមន្ត្រី​, ភូឈួយខេត្ត ។ សម័យបុរាណ ប្រើពាក្យ​ថា ជំទប់​, លុះ​ចំណេរ​តម​ក ប្រើពាក្យ ភូឈួយ នេះ​, សម័យ​បច្ចុប្បន្ន ប្រើពាក្យ​រង​វិញ : អភិបាលខែត្ររង​, អភិបាលស្រុករង​…​។ សម្រាប់​គណៈរដ្ឋមន្ត្រី​ប្រើ​ជា អនុរដ្ឋលេខាធិការ ។

​មាត្រា សំ​.; បា​. ( ន​. ) (​ម​ត្តា​) ការរាប់​; ការ​ថ្លឹង​, ស្ទង់​; ការ​វាស់​; ខ្នាត​រង្វាស់ យ៉ាងដូច ឈើ​រង្វាស់​, ម៉ែត្រ​ជាដើម ។ ខ្នាត​សំឡេង​អក្សរ : ស្គាល់​មាត្រា​អក្សរ ។ ប្រភេទ​សេចក្ដី ដែល​បែង​ចេញពី​ចំពូក​, ពី​មាតិកា : ចាំ​មាត្រា​ច្បាប់​, កាត់សេចក្ដី​អាង​ដល់​មាត្រា​ច្បាប់ ។

​មាត្រ មាត សំ​. ( ន​. ) (“​សព៌ាង្គកាយ​; …”) រូបរាង​, រូបស្បាត​, ទំហំ : មាត្រ​ប៉ុនគ្នា​; មាត្រ​ទូក (​សរសេរ មាឌ ក៏បាន​) ។

​មន្ទិល ( ន​. ) ដំណើរ​សៅហ្មង​, ការ​ស្មោកគ្រោក​; សេចក្ដី​ពិភាល់​, សង្ស័យ​, ដិត​ចិត្ត : មាន​មន្ទិល​, ចាប់មន្ទិល​, ជម្រះ​មន្ទិល​, អស់​មន្ទិល ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

#