ព្យុហ​ត្រា​យោធា​​ប្រាប់​ពី​ផែនការ​សង្គ្រាមរបស់ចិន​សំរាប់​អាម៉េរិក​និង​តៃវ៉ាន់​

1751
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​បញ្ចេញ​សាច់ដុំ​យោធា​ធំ​បំផុត​ក្នុង​ព្យុហយាត្រា​យោធា​របស់​ខ្លួន​កាលពី​ថ្ងៃ​០១​តុលា​ដើម្បី​ប្រារព្វ​ខួប​ទី​៧០​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ការបង្ហាញ​គ្រឿង​សព្វាវុធ​ទំនើបៗ​ទាំង​ជួរ​ឆ្លុះបញ្ចាំង​ផែនការ​សង្គ្រាម​របស់​ចិន ដែល​មាន​បំណង​ចាប់​យក​កោះ​តៃវ៉ាន់​ដោយ​កម្លាំង​យោធា​នៅ​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០៤៩ ជា​ខួប​នៃ​​ការគ្រប់គ្រង​ដោយ​បក្ស​កុំម្មុយនិស្ត​រយៈពេល​១​សតវត្សរ៍ និង​រារាំង​អន្តរាគមន៍​របស់​កង​កម្លាំង​អាម៉េរិក​។​

​ទាក់ទាញ​ការចាប់អារម្មណ៍​ខ្លាំង​ពី​មន្ត្រី​យោធា​នៅ​ទូទាំង​ពិភពលោក​គឺ​កាំជ្រួច​Dongfeng-17 ឬ DF-17 ដែល​ជា​កាំជ្រួច​ផ្លោង​ចម្ងាយ​មធ្យម​ប្រភេទ​ថ្មី​របស់​ចិន​។​ទម្រ​បាញ់​កាំ​ជ្រួច​DF-17 មើល​ទៅ​ដូច​កាំជ្រួច​ផ្លោង​ធម្មតា តែ​ក្បាល​គ្រាប់​របស់​វា​បំពាក់​ទៅ​ដោយ​ស្លាប​តូច​មួយ ជា​កាំជ្រួច​ថ្មី​ដែល​អាច​ហោះ​ក្នុង​ល្បឿន​លឿន​ជាង​សម្លេង​និង​ហោះ​ដូច​ជា​យាន​គ្មាន​​មនុស្ស​បើក​បន្ទាប់ពី​ផ្តាច់ចេញ​ពី​ល្វែង​ឥន្ធនៈ​របស់​វា​។​

DF-17​អាច​ហោះ​សំដៅ​គោលដៅ​ណាមួយ ក្នុងពេល​ហោះ​ក្នុង​រយៈ​កំពស់​ទាប​នៅក្រៅ​ដែន​ចាប់​នៃ​រ៉ា​ដា​របស់​សត្រូវ​។​សមត្ថភាព​ទាំង​នេះ អាច​និយាយថា​សូម្បី​តែ​ប្រព័ន្ធ​ការពារ​កាំជ្រួច​​របស់​អាម៉េរិក​ក៏​មិនអាច​ស្ទាក់​ចាប់​បាន​ដែរ​។​

​អាម៉េរិក​និង​រុស្ស៊ី​ត្រូវបាន​គេ​និយាយថា បាន​ផលិត​សព្វាវុធ​ស្រដៀង​គ្នា តែ​ការដូរ​ផ្លូង​ហោះ​មិន​ជា​ការងារ​ងាយស្រួល​ទេ ដោយសារ​តែ​ល្បឿន​លឿន​ជាង​សម្លេង ហើយ​ប្រទេស​ទាំង​ពីរ​​ក៏​មិន​ទាន់​បញ្ចេញ​សព្វាវុធ​ប្រភេទ​នេះដែរ​។​

​ឈ្មោះ​Dongfeng(​ខ្យល់​ខាងកើត​)​ជា​ពាក្យ​ក្នុង​សុន្ទរកថា​របស់​ម៉ៅ សេទុង​នៅ​ឆ្នាំ​១៩៥៧ ដែល​លោក​ចង់​និយាយ​អំពី​ខ្យល់​ពីរ​នៅក្នុង​លោក គឺ​ខ្យល់​ខាងកើត​និង​ខ្យល់​ខាងលិច​។​មេ​​ដឹកនាំ​រូបនេះ ទាយ​ថា​ខ្យល់​ខាងកើត​(​សង្គមនិយម​)​នឹង​គ្រប​លើ​ខ្យល់​ខាងលិច (​មូលធននិយម​)​។​

​ចេតនា​ពិត​នៃ​ការ​សម្ញែង​DF-17 ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​មិន​ទាន់​ច្បាស់ តែ​កាំជ្រួច​ប្រភេទ​នេះ​ប្រមាណ​១៦​ដើម​នៅ​ក្នុង​ព្យុហយាត្រា បាន​ប្រាប់​អោយដឹងថា យ៉ាងហោច​​ណាស់​ចិន​ឈាន​ដល់​ការផលិត​វា​ទ្រង់ទ្រាយ​ធំ​។​

​ការ​ដង្ហែ​ក្បួន​យោធា​នេះ​ក៏​បង្ហាញ​កាំ​ជ្រួច DF-26​។​កាំជ្រួច​ផ្លោង​ចម្ងាយ​មធ្យម​នេះ​ត្រូវបាន​គេ​ដាក់​ឈ្មោះ​ក្រៅ​ថា​«​ជន​ពិឃាត​កោះ​ហ្កាំ​» ។​ដោយ​អាច​ហោះ​បាន​៣​ទៅ​៤​ពាន់​គីឡូម៉ែត្រ​​វា​ល្មម​អាច​កំទេច​បណ្តា​មូលដ្ឋាន​យោធា​អាម៉េរិក​នៅ​កោះ​ហ្កាំ ក្នុង​ការវាយប្រហា​របង្ការ​ជាមុន​ណាមួយ​។​

​មូលដ្ឋាន​កោះ​ហ្កាំ រួម​មាន​មូលដ្ឋាន​ទ័ពអាកាស​Andersen Air Force Base​ដែល​ជា​ទីតាំង​ឈរជើង​ដ៏​ធំ​មួយ​នៃ​បញ្ជាការ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​អាម៉េរិក​។​បើ​ចិន​ព្យាយាម​ចាប់​យក​កោះ​​តៃវ៉ាន់​ដោយ​ប្រើ​កម្លាំង​ទ័ព​នៅពេល​អនាគត កាំ​ជ្រួច DF-17 និង DF-26 មាន​សារសំខាន់​ក្នុង​ការរារាំង​អន្តរាគមន៍​យោធា​របស់​អាម៉េរិក ។​

រថយន្ត​ដឹក​កាំជ្រួច​លឿន​ជាង​សម្លេង DF-17 កាត់​ទីលាន​ធៀន​អាន​មិន ក្នុងអំឡុង​ព្យុហាត្រា​កាលពី​ថ្ងៃ​០១​តុលា​

​បើ​អាម៉េរិក​ធ្វើ​អន្តរាគមន៍​យោធា ប្រទេស​ទាំង​ពីរ​នឹង​ប៉ះ​គ្នា​ខ្លាំង​បំផុត​នៅលើ​ដែន​ទឹក​និង​បណ្តា​កោះ​នៅ​ប៉ាស៊ីហ្វិក​ខាងលិច ព្រមទាំង​នៅក្នុង​អាកាស​នៅ​ទីនោះ​។​

​ព្យុហយាត្រា​យោធា​កាលពី​ពេល​ថ្មីៗ​នេះ​ក៏​បង្ហាញ​សព្វាវុធ​ផ្សេងទៀត ដូចជា​យន្តហោះ​ប្រយុទ្ធ ជាមួយនឹង​យន្តហោះ​ត្រួតត្រា​និង​ព្រមាន​ជា​មុន និង​យន្តហោះ​ចាក់​ប្រេង​ដែល​គាំទ្រ​​ពួកវា​។​

​យន្តហោះ​ប្រយុទ្ធ​ចិន​ត្រូវ​គេ​គិត​ថា​អន់​ជាង​យន្តហោះ​អាម៉េរិក ទាំង​គ្រឿង​ម៉ាស៊ីន​និង​លទ្ធភាព​បំបាំង​ខ្លួន តែ​ចិន​ទំនងជា​ប្រើ​ចំនួន​យន្តហោះ​ច្រើន​ជា​ប្រៀប​។​បើ​យន្តហោះ​ដ៏​ច្រើន​​បំពាក់​ដោយ​កាំជ្រួច​បាញ់​ពី​អាកាស​ទៅ​អាកាស​ចេញទៅ​ព្រម​គ្នា នោះ​កងកម្លាំង​អា​កាស​និង​ជើង​ទឹក​អាម៉េរិក​មិន​អាច​ធ្វើ​អី​កើត​ទេ​។​

កាំ​ជ្រួច DF-26 ឬ «​ជន​ពិឃាត​កោះ​ហ្កា​ម​»​អាច​វាយប្រហារ​បណ្តា​មូលដ្ឋានទ័ព​អាម៉េរិក​

​ដ្រូ​នក៏​អាចជួ​យកងកម្លាំង​ចិនផង​ដែរ​។​ក្រៅពី​ដ្រូ​ន ព្យុហយាត្រា​ក៏​ឆ្លុះបញ្ចាំង​អំពី​ការប្រយុទ្ធ​ទំនើប​តាមរយៈ​បង្ហាញ​យាន​ឯកទេស​សំរាប់​ចល័ត​ទ័ព​និង​យាន​ស្ទាក់​សញ្ញា​ទាក់ទង​​របស់​សត្រូវ​។​

​បើ​អាម៉េរិក​និង​ចិន​ប៉ះទង្គិច​គ្នា​ដោយ​យោធា​នាពេល​អនាគត ហើយ​អាម៉េរិក​នៅតែ​មាន​ប្រៀប​នោះ ការប្រើ​សព្វាវុធ​នុយគ្លេអ៊ែ​រ​នឹង​ជា​ជំរើស​ចុងក្រោយ​របស់​ចិន​។​

​កាលពី​អតីតកាល ចិន​ខ្វះ​កាំជ្រួច​ផ្លោង​ដែល​អាច​វាយប្រហារ​ដីគោក​អាម៉េរិក ក្នុងករណី​ផ្ទុះ​សង្គ្រាម​នុយគ្លេអ៊ែរ​ណាមួយ ។​ចិន​បាន​មានតែ​កាំជ្រួច​ដែល​អាច​វាយប្រហារ​បណ្តា​មូល​​ដ្ឋា​ន​នៅ​កោះ​ហ្កា​ម​និង​ជប៉ុន​។​ដើម្បី​ជម្នះ​ឧបសគ្គ​នេះ ចិន​បាន​ផលិត​កាំជ្រួច​DF-41​។​

​ក្នុង​ព្យុហយាត្រា​កាលពី​ថ្ងៃ​០១​តុលា​កន្លងទៅ កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​ប្រទេស​ថ្មី​DF-41​បាន​បង្ហាញខ្លួន​។​វា​មាន​ចម្ងាយ​ហោះ​១២.០០០​ទៅ​១៥.០០០​គីឡូម៉ែត្រ អាច​ផ្ទុក​ក្បាល​គ្រាប់​១០ និង​កាំជ្រួច​បញ្ឆោត​ដែល​ធ្វើអោយ​ប្រព័ន្ធ​ការពារ​អាកាស​អាម៉េរិក​ពិបាក​ដោះស្រាយ​។​

​បើ​ក្បាល​គ្រាប់​នុយគ្លេអ៊ែរ​ត្រូវបាន​បំពាក់​លើ​កាំ​ជ្រួច​DF-41 នេះ​កម្លាំង​បំផ្លាញ​របស់​វា​គឺ​ធំធេង​ណាស់​។​

​ព្យុហយាត្រា​ក៏​បង្ហាញ​គ្រាប់ Julang-2 (JL-2 )​ជា​កាំជ្រួច​ផ្លោង​បាញ់​ចេញពី​នាវាមុជទឹក​។ Julang មានន័យថា «​មហា​រលក​»​។​ចិន​ដាក់​កាំជ្រួច​JL-2 នៅលើ​នាវាមុជទឹក​នៅ​សមុទ្រ​​ចិន​ខាងត្បូង​និង​កំពុង​ផលិត​កាំ​ជ្រួច​JL-3​។​

​បើ​តាម​អ្នកវិភាគ មធ្យោបាយ​ច្រើន​ជាន់​ច្រើន​ថ្នាក់​ដើម្បី​រារាំង​អន្តរាគមន៍​យោធា​អាម៉េរិក តាមរយៈ​ប្រើ​កាំជ្រួច​បណ្តែត​លឿន​ជា​សម្លេង ដ្រូ​ន​និង​កាំជ្រួច​ផ្លោង នឹង​បំរើ​គោល​​បំណង​របស់​ចិន​ដើម្បី​ចាប់​យក​កោះ​តៃវ៉ាន់​នៅ​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខ​៕​ប្រែ​សម្រួល​ពី​asia.nikkei​ដោយ​៖​វាសនា​