ព្យុះកំបុតត្បូង​វាយប្រហារ​ភាគខាងត្បូង​សហរដ្ឋអាមេរិក សម្លាប់​មនុស្ស​២៣​នាក់​

380
ចែករម្លែក

​យោងតាម​សម្តី​មន្ត្រី​ក្នុង​តំបន់​បានឱ្យដឹងថា យ៉ាងហោចណាស់​មនុស្ស​ចំនួន ២៣ នាក់ បូករួម​ទាំង​ក្មេង​តូចៗ ត្រូវបាន​សម្លាប់ បន្ទាប់ពី​ព្យុះកំបុតត្បូង​មួយ​បាន​វាយប្រហារ​ទៅលើ​តំបន់​ជនបទ​លី​ខោ​ន​ធី (Lee County) ក្នុង​រដ្ឋ​អា​ឡា​បា​ម៉ា សហរដ្ឋអាមេរិក កាលពី​ថ្ងៃអាទិត្យ​ទី​៣​មីនា​។​

​លោក​មេ​ប៉ុស្តិ៍​តំបន់​លី​ខោ​ន​ធី ឈ្មោះ​ជេ ចូ​ន បាន​ប្រាប់​ទៅកាន់​សារព័ត៌មាន​ក្នុង​តំបន់​ថា ពួកគេ​នៅ​កំពុង​បន្ត​ទាញ​មនុស្ស​ចេញពី​កម្ទេច​ថ្ម ហើយ​ខ្លះទៀត​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជាមួយនឹង​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​។​

​អភិបាលរដ្ឋ​អា​ឡា​បា​ម៉ា លោកស្រី ខេ អាយ​វី (Kay Ivey) បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម Twitter ព្រមាន​ដល់​ប្រជាពលរដ្ឋ​ថា​អាច​នឹងមាន​អាកាសធាតុ​អាក្រក់​បន្ថែមទៀត​នឹង​វាយប្រហារ​ក្នុង​តំបន់​មួយ​នេះ​។​

​ទី​ភ្នា​ក់​ឧ​ទុ​និយម​ជាតិ (NWS) បាន​ចាត់ថ្នាក់​ព្យុះកំបុតត្បូង​បោកបក់​ដំបូង​មួយ​នេះ​នៅ​កម្រិត​ល្បឿន​ក្នុង​ថ្នាក់ EF-3 ដែល​មានន័យថា​កម្លាំង​ខ្យល់​មាន​កម្រិត​ល្បឿន​ដល់​ទៅ ២៦៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕ ដោយ៖ កញ្ញាដាលីស