ព្យុះ​ថ្មី​នឹង​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ដើមខែ​សីហា​

228
ចែករម្លែក
ទិដ្ឋភាពនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ព្រឹកថ្ងៃទី៣០កក្កដានេះ(រូបថតក្រសួងធនធានទឹក)

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​សម្ពាធ​ទាប​សកម្ម​(Active low) នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នឹង​វិ​វត្ត​ទៅជា​វិ​សម្ពាធ ឬ​ជា​ព្យុះ មាន​ទិសដៅ​ឆ្ពោះទៅរក​កោះ​ហៃណាំ​រួច​បន្តដំណើរ​ទៅដល់​ហាណូយ​ប្រទេស​វៀតណាម​និង​ចាប់​ជាប់​ជាមួយ​ប្រព​ន្ធ័​សម្ពាធ​ទាប​(ITCZ)​ដែល​អូស​កាត់​តំបន់​អាង​ទន្លេមេគង្គ​លើ​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​នៅ​ភាគ​ខាងជើង ភាគពាយព្យ និង តំបន់​តាម​ព្រំដែន​កម្ពុជា វៀតណាម តែមាន​ភ្លៀង​ធ្លាក់​ខ្សោយ​នៅ​តំបន់​ភាគ និរតី​ក្រោយ​ជួរ​ភ្នំក្រវាញ​។​


​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៩​ថា សម្ពាធ​ទាប​សកម្ម​(Active low)​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នឹង​វិ​វត្ត​ទៅជា​វិ​សម្ពាធ​(TD)​ឬ​ជា​ព្យុះ​នៅ​ល្ងាច​ថ្ងៃនេះ (២៩ កក្កដា )​ដោយមាន​ដំណើរ​ឆ្ពោះទៅរក​កោះ​ហៃណាំ​និង​បន្ត​ទៅដល់​ហាណូយ​ប្រទេស​វៀត ា​មខាងជើង ដោយ​ចាប់​ជាប់​ជាមួយ នឹង​ប្រព័ន្ធ​សម្ពាធ​ទាប​( ITCZ)​អូស​កាត់​តំបន់​អាង​ទន្លេមេគង្គ​លើ​។​


​លោក​រដ្ឋលេខាធិការ​បញ្ជា​ក់ថា បាតុភូត​ខាងលើនេះ បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ក្នុង កម្រិត​ពី​មធ្យម​ទៅ​ច្រើន​នៅ​តំបន់​អាង​ទន្លេមេគង្គ ក៏ដូចជា​នៅ​ភាគ​ខាងជើង ភាគ​ពាយព្យ និង​តំបន់​តាម​ព្រំដែន​កម្ពុជា​វៀតណាម​។ ប៉ុន្តែ​នៅ​ភាគខាងត្បូង​មាន​ភ្លៀង​ធ្លាក់​ខ្សោយ ជាពិសេស​រាជធានី​ភ្នំពេញ ខេត្តកណ្តាល​,​តាកែវ​,​កំពត​និង​ខេត្តកំពង់ស្ពឺ​ ដែល​ស្ថិតនៅ​ក្រោយ​ជួរ​ភ្នំក្រវាញ​មាន​ភ្លៀង​ធ្លាក់​ខ្សោយ​ដោយសារ​ទទួល​ឥទ្ធិពល​ហ្វឺ​ន​រយៈពេល​ខ្លី​។​


​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ កាលពី​ថ្ងៃទី​២៩​ខែកក្កដា ​បាន​ជូនដំណឹង​ស្តីពី​ស្ថានភាពអាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​២៩​ខែកក្កដា​ដល់​ថ្ងៃទី​៤​ខែសីហា ​ប្រព័ន្ធ​សម្ពាធ​ទាបអូសបន្លាយ​កាត់​ពីលើ​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ​និង​ប្រទេស​ឡាវ​ព្រម​ពេល​នៅ​ប៉ែកខាងលើ​នៃ​ក​សមុទ្រ​ចិន​ខាងត្បូង​នឹង​កកើត​ព្យុះ​ទី​៧​នឹងធ្វើ​ឱ្យ ខេត្តពោធិសាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង ក្រចេះ ព្រះវិហារ ស្ទឹងត្រែង មណ្ឌល​គិ​រី កោះកុង និងខេត្ត​ព្រះសីហនុ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​។​


​ក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា ខេត្ត​ប៉ៃលិន បាត់ដំបង សៀមរាប បន្ទាយ​មាន​ជ័យ ឧ​ត្ត​រ​មាន​ជ័​យ​និង​ខេត្ត​រតនគីរី នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​។ ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ កណ្តាល និង រាជធានី​ភ្នំពេញ អាច​នឹងមាន​ភ្លៀងធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។ ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​៤​ខែសីហា​នៅ​តំបន់​មាត់សមុទ្រ មាន​ខ្យល់​បក់បោក​ខ្លាំង​និង​រលក​សមុទ្រ​ខ្ពស់​៕​សរន​/Ha

ទិដ្ឋភាពនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ព្រឹកថ្ងៃទី៣០កក្កដានេះ(រូបថតក្រសួងធនធានទឹក)