ព្យុះ​ថ្មី​មកដល់​ក្នុងពេល​ទឹកទន្លេ​មេគង្គ​លើ​កំពុងតែ​ឡើង​ខ្លាំង​

1417
ចែករម្លែក

​ដោយ​: ប​.​ខុន / ភ្នំពេញ​: វិ​សម្ពាធ​នៅក្នុង​សមុទ្ទ​ចិន​ខាងត្បូង បាន​វិ​វត្ត​ទៅជា​កូន​ព្យុះ​ឈ្មោះ សុន​ស៊ី​ង (SONTINH) ដែលជា​ព្យុះ​ទី​៩ មានដំណើរ​ទៅរក​ដីគោក​រវាង​ព្រំប្រទល់​វៀតណាម​-​ចិន ក្នុងពេល​តំបន់​អាង​ទន្លេមេគង្គ​លើ​គ្របដណ្តប់​ដោយ​ប្រព័ន្ធ​សម្ពាធ​ទាប និង​សម្ពាធ​ទាប​សកម្ម​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ថែម​មកទៀត ដែលជា​ហេតុ​នាំ​ឲ្យ​ទឹកទន្លេ​មេគង្គ​ជន់​ឡើង​ខ្លាំង​។​

ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​៤ ត្រូវបាន​បិត​បន្ទាប់ពី​មានទឹក​លិច​ត្រង់ចំណុច​ស្ពាន​អូរ​គគី និង​ស្ពាន​ស្ទឹង​សំរោង (​ធនធានទឹក​)

​ពាក់ព័ន្ធ​ទៅនឹង​ជំនន់​ទឹកទន្លេ​មេគង្គ កាលពី​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៨ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ជូនដំណឹង​ថា ឥទ្ធិពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​កើតមានឡើង និង​កំពុងស្ថិត​លើ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទ​ន្លេ​មេគង្គ​ក្នុងប្រទេស​ថៃ និង​ឡាវ បានធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់ និង​បង្ក​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​។​

​ក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​នេះ បាន​សរសេរ​ទៀតថា ក្នុងអំឡុងពេល​ពីរ​បី​ថ្ងៃ​ខាងមុខ ទឹកទន្លេ​មេគង្គ​លើ​ក្នុងប្រទេស​កម្ពុជា​នឹង​ហក់​ឡើង​ហើយ​ចាប់ផ្តើម​ហូរ​ចូល​តាម​ព្រែក និង​តំបន់​ទំនាប​នានា ដែល​ស្ថិតនៅ​អម​សងខាង​ទន្លេមេគង្គ​លើ​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ​និង​ខេត្តកំពង់ចាម ដែល​កំពុង​ប្រកប​របរ​កសិកម្ម​នៅ​អម​សងខាង​ផ្លូវទឹក និង​តំបន់​ទំនាប​នានា មេត្តា​រួសរាន់​ប្រមូល​កសិផល​ទុកដាក់​ឲ្យ​បាន​ទាន់ពេលវេលា​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ថ្ងៃ​ទ​១៧​ខែកក្កដា​ឆ្នាំ​២០១៨​ថា វិ​សម្ពាធ​នៅ ក្នុង​សមុទ្ទ​ប៉ាស៊ីហ្វិក វា​បាន​វិ​វត្ត​ទៅជា​កូន​ព្យុះ​ទី​៩​ឈ្មោះ សុន​ស៊ី​ង ( SON TINH) ក្រោយពី​បាន​រំកិល​ចូលដល់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃទី​១៧​ខែកក្កដា​នេះ​។​

​ព្យុះ​ឈ្មោះ​សុន​ស៊ី​ង​នេះ ត្រូវបាន​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​ប្រាប់ថា តាម​ការ​ព្យាករ​វា​មានដំណើរ​ឡើងគោក​នៅ​ចន្លោះ​ព្រំប្រទល់​វៀតណាម និង​ប្រទេស​ចិន បន្ទាប់ពី​បាន​រំកិល​កាត់​កោះ​ហៃណាំ​។ ចំណែកឯ​សម្ពាធ​ទាប​សកម្ម ដែល​នៅ​ស្ថិតនៅ​ភាគ​កណ្តាល​របស់​ប្រទេស​វៀតណាម​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ច្រើន​ថែម​មកទៀត​ដល់​តំបន់​អាង​ទន្លេមេគង្គ​លើ​។​

​លោក ចាន់ យុ​ត្ថា បញ្ជាក់ថា ទឹកទន្លេ​មេគង្គ​នៅ​ខេត្តស្ទឹងត្រែង​ចាប់ផ្តើម​ហក់​ឡើង​ខ្លាំង និង​ឡើង​ថែម​ច្រើន​ថ្ងៃ​ទៀត ដោយសារ​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​មាន​ភ្លៀង​ធ្លាក់​ច្រើន​រហូតដល់​ជិត​២០០​មី​លី​ម៉ែត្រ នៅ​ខេត្ត​នគរ​ភ្នំ​។ ប្រព័ន្ធ​សម្ពាធ​ទាប​នៅតែ​គ្របដណ្តប់​លើ​តំបន់​អាង​ទន្លេមេគង្គ​លើ ទោះបី​ជាមាន​ព្យុះ​សាន់​ស៊ី​ង​បាន​កើតឡើង ក៏​នៅតែ​ដាច់ដោច​ដែរ​។​

​អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​ទៀតថា ប្រទេស​កម្ពុជា​នៅតែ​ស្ថិតក្រោម​ឥទ្ធិពល​ខ្យល់មូសុង​និរតី​ខ្លាំង​និង​ជ្រលង​សម្ពាធ​ទាប​អូស​កាត់​ពីលើ បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជាពិសេស​តំបន់​មាត់​សមុទ្ទ​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង ដែល​បង្ក​ឲ្យ​មាន​ជា​ជំនន់​ទឹកភ្លៀង​ហូរ​កាត់​ផ្លូវជាតិ​លេខ​៤ រហូតដល់​ប្រមាណ​ជាមួយ​ម៉ែត្រ​នៅ​កន្លែង​ខ្លះ​។ ស្ថានភាព​ភ្លៀង​ធ្លាក់​បែបនេះ​អាច​បន្ត​កើតមាន​មួយ​សប្តាហ៍​ទៀត​។​

​តាម​ព្រឹត្តិបត្រ​ពត៍​មាន​និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់​របស់​ក្រសួង​ធនធានទឹក សម្រាប់​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៨ បានបង្ហាញ​ឲ្យ​ឃើញថា នៅ​គ្រប់​ស្ថានីយ​ជលសា​ស្ត្រ​នៃ​ទន្លេ​ទាំង​បួន​ទឹកបាន​ជន់​ឡើង ដោយនៅ​ខេត្តស្ទឹងត្រែង​មាន​កម្ពស់​៨.១៨​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៦​ខែកក្កដា​០.៥០​ម៉ែត្រ នៅ​ក្រចេះ​ទឹក​មាន​កម្ពស់​១៧.៦៣​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១​ខែកក្កដា​០.៦៨​ម៉ែត្រ នៅ​ខេត្តកំពង់ចាម​ទឹក​មាន​កម្ពស់​១១.១៧​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៦​ខែកក្កដា ០.៤៣​ម៉ែត្រ នៅ​ចតុមុខ​ទឹក​មាន​កម្ពស់​៦.៣៧​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៦​ខែកក្កដា​០.២២​ម៉ែត្រ ទឹក​បឹង​ទន្លេសាប​នៅ​ក្រគរ កំពង់​លួង​២.៧៤​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៦​ខែកក្កដា ០.១៥​ម៉ែត្រ​។​

​តាម​ការ​ព្យាករ​ដដែល​សម្រាប់​ថ្ងៃទី​២០​ខែកក្កដា ទឹក​នៅ​ខេត្តស្ទឹងត្រែង​អាច​នឹង​ឡើងដល់​កម្ពស់​៩.៥៨​ម៉ែត្រ នៅ​ក្រចេះ​ទឹក​អាច​នឹង​ឡើងដល់​កម្ពស់​១៨.៩៧​ម៉ែត្រ នៅ​ខេត្តកំពង់ចាម​ទឹក​អាច​នឹង​ឡើងដល់​កម្ពស់​១២.១៩​ម៉ែត្រ នៅ​ចតុមុខ​ទឹក​អាង​នឹង​ឡើងដល់​កម្ពស់​៦.៩៦​ម៉ែត្រ​៕ ល​