ព្យុះ​ទី​ហ្វុ​ង​សម្លាប់​មនុស្ស​៥​នាក់​នៅ​កូរ៉េខាងជើង​និង​៣​នាក់​នៅ​កូរ៉េខាងត្បូង​

159
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​អាទិត្យ​ទី​៨​កញ្ញា​ថា ព្យុះ​ទី​ហ្វុ​ង​ដ៏​ខ្លាំង​បំផុត​មួយ ដែល​បាន​វាយប្រហារ​នៅ​ឧបទ្វីប​កូរ៉េ បាន​បណ្តាលឱ្យ​មនុស្ស ៥ នាក់​ស្លាប់​និង​របួស ៣ នាក់​ក្នុងប្រទេស​កូរ៉េខាងជើង នៅក្នុង​ការប្រកាស​ជា​សាធារណៈ​លើកដំបូង​នៃ​ចំនួន​អ្នកស្លាប់​និង​របួស ចាប់តាំងពី​ព្យុះ​នេះ​បាន​វាយប្រហារ​លើដី​គោក​កាលពី​ថ្ងៃ​សៅរ៍​។​

​មុនពេល​ទៅដល់​កូរ៉េខាងជើង ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ​លីង​លីង​បាន​វាយប្រហារ​កូរ៉េខាងត្បូង​ដោយ​សម្លាប់​មនុស្ស ៣ នាក់​និង​បណ្តាលឱ្យ​របួស ១៣ នាក់​ផ្សេងទៀត ទោះបីជា​ប្រទេស​នេះ​ហាក់​បាន​រួច​ផុតពី​ការខូចខាត​ដោយ​ល្បឿន​ខ្យល់​បក់​ខ្លាំង​ក៏ដោយ​។​

​ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ​កូរ៉េខាងជើង​ហៅ​កាត់​ថា KCNA បាន​និយាយថា ព្យុះ​ទី​ហ្វុ​ង​បាន​បណ្តាលឱ្យ​ផ្ទះ​ចំនួន ៤៦០ ខ្នង​និង​អគារ​សាធារណៈ​ចំនួន ១៥ ខ្នង​រង​ការខូចខាត​ឬ​លិចលង់​នៅក្នុង​ប្រទេស​។ KCNA បាន​និយាយថា ដី​កសិកម្ម​ចំនួន ៤៦.២០០ ហិកតា​ត្រូវបាន​កប់​ឬ​ជន់​លិច​។​

KCNA បាន​និយាយថា ព្យុះ​ទី​ហ្វុ​ង​បាន​វាយប្រហារ​កូរ៉េខាងជើង​ចាប់ពី​ម៉ោង ២ រសៀល​ថ្ងៃ​សៅរ៍​រហូតដល់​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃអាទិត្យ​។ KCNA បន្តថា ការងារ​ស្តារឡើងវិញ​កំពុងដំណើរការ​នៅក្នុង​តំបន់​រងគ្រោះ​ដោយ​ព្យុះ​ទី​ហ្វុ​ង​។​

​អ្នកសង្កេតការណ៍​នៅ​ខាងក្រៅ​បាន​និយាយថា​ព្យុះភ្លៀង​អាចជា​គ្រោះមហន្តរាយ​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​ដោយសារតែ​ប្រព័ន្ធ​បង្ហូរទឹក​អន់ថយ ការកាប់បំផ្លាញ​ព្រៃឈើ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រុឌទ្រោម​នៅក្នុង​ប្រទេស​ក្រីក្រ​នេះ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង​បាន​និយាយថា​នៅ​ទីបំផុត​កូរ៉េខាងជើង​អាច​រាយការណ៍​អំពី​គ្រោះថ្នាក់​និង​ការខូចខាត​ទាក់ទង​នឹង​ព្យុះ​ទី​ហ្វុ​ង​។​

​យោងតាម​របាយការណ៍​មុនៗ​របស់ KCNA មុន​មេដឹកនាំ​គីម​ជុង​អ៊ុន​បាន​កោះប្រជុំ​ជាបន្ទាន់​ដើម្បី​ពិភាក្សា​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ​គ្រោះមហន្តរាយ​និង​បាន​ស្តីបន្ទោស​មន្ត្រី​រដ្ឋាភិបាល​ដែល​គាត់​ពណ៌នា​ថា “​អត់​ប្រយោជន៍​ក្នុងការ​ទប់ទល់​នឹង​ខ្យល់ព្យុះ​” ដោយ​មិន​បានដឹង​អំពី​ភាព​ធ្ងន់ធ្ងរ​របស់​វា និង​គិត​ហីៗ​ធម្មតា​៕ ដោយ៖ កញ្ញាដាលីស

អ្នក​ថ្មើរជើង​ដើរកាត់​ភ្លៀង​បង្កឡើង​ដោយ​ព្យុះ​ទី​ហ្វុ​ង​លីង​លីង​កាលពី​ថ្ងៃ​សៅរ៍​ទី​៧​កញ្ញា​នៅ​ទីក្រុង​ព្យុងយ៉ាង
#