ព្យុះ​រំខាន​ការធ្វើដំណើរ​នៅ​ថ្ងៃ​ឈប់​សម្រាក​នៅ​អាម៉េរិក​

278
ចែករម្លែក

​ព្យុះ​ពីរ ជាមួយនឹង​ការធ្លាក់​ព្រិល​និង​ខ្យល់​ខ្លាំង បណ្តាល​អោយ​គ្រួសារ​អាម៉េរិក​រាប់​ម៉ឺន​គ្មាន​ចរន្តអគ្គិសនី​ប្រើ​កាលពី​ថ្ងៃ​ពុធ​ទី​២៧​វិច្ឆិកា និង​រំខាន​ដល់​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​​អាម៉េរិក​ដែល​ត្រូវ​ឈប់​សម្រាក​នៅ​ថ្ងៃបុណ្យ​ថ្លែងអំណរគុណ​ដល់​ព្រះ​( Thanksgiving )​។​

​ជា​ថ្ងៃ​ដែលមាន​អ្នកធ្វើដំណើរ​មមាញឹក​បំផុត​ប្រចាំឆ្នាំ ដោយ​មនុស្ស​ប្រមាណ​៥៥​លាន​នាក់​គ្រោង​ធ្វើ​ដំណើរ​តាម​រថយន្ត​ឬ​យន្តហោះ បណ្តា​ផ្លូវ​ហាយវេ​នៅ​តំបន់​ខាងលិច​និង​មី​ត​​វេស របស់​អាម៉េរិក ត្រូវ​បិទ​ដោយសារ​ព្រិល ហើយ​យន្តហោះ​រាប់រយ​ជើង​ត្រូវ​លុបចោល​។​

​នៅ​អាកាសយានដ្ឋាន​មួយ​នៅ​ក្រុង​ដេន​វើ ដែល​រង​ការធ្លាក់​ព្រិល​កំរាស់​១​ហ្វ៊ុត​(០,៣​ម៉ែត្រ​) ការហោះហើរ​ជិត​៥០០​ជើង​ត្រូវបាន​លុបចោល និង​៥០០​ទៀត​ត្រូវ​ពន្យារពេល​។​កាលពី​យប់​ថ្ងៃ​ចន្ទ មនុស្ស​ប្រមាណ​១​ពាន់​នាក់​បាន​ដេក​ក្នុង​អាកាស​យាន ហើយ​ក្នុងចំណោម​ពួកគេ​រួម​មាន​អ្នក​ទៅ​ចូលរួម​បុណ្យ​Thanksgiving ជាមួយ​សមាជិក​គ្រួសារ​។​

អ្នកបើកបរ​រថយន្ត​ព្យាយាម​បើក​លើផ្លូប​គ្រប​ដោយ​ព្រិល​នៅ​ពេល​ខ្យល់​និង​ការធ្លាក់​ព្រិល​ដ៏​ក្រាស់​កើតមាន​នៅ​ក្រុង​ដេន​វើ​

កម្មករ​ចូក​យក​ទឹកកក​ចេញ​នៅ​អាកាសយានដ្ឋាន​មួយ​នៅ​រដ្ឋ​មីន​ណេ​សូ​តា​

​ព្យុះ​ក៏​វាយប្រហារ​រដ្ឋ​អ៊ី​រី​ហ្គឹ​នខាង​ត្បូង និង​កាលីហ្វ័រ​ញ៉ា​ខាងជើង ដោយ​ទម្លាក់​ព្រិល បង្ខំ​អោយ​បិទផ្លូវ និង​នាំ​អោយ​ចេញ​ការព្រមាន​អោយ​ប្រជាជន​នៅក្នុង​ផ្ទះ​។​ទឹកជំនន់​ភ្លាមៗ​​ក៏​ត្រូវបាន​ព្រមាន​ផងដែរ ដោយសារតែ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​។​

​ព្យុះ​និង​ខ្យល់​ខ្លាំង​ក៏​បណ្តាលអោយ​មនុស្ស​ជិត​៣​សែន​នាក់​គ្មាន​ចរន្តអគ្គិសនី​ប្រើ​នៅ​ទូទាំង​៥​រដ្ឋ រួម​មាន​នៅ​មី​ស៊ី​ហ្គឹ​ន រដ្ឋ​អូ​ហា​យ៉ូ និង​វីន​ខុន​ស៊ីន​៕​ដោយ​៖​វាសនា​