ព្យុះ​វាយប្រហារ​ចិន បន្ទាប់ពី​សម្លាប់​មនុស្ស​៣៦​នាក់​នៅ​ហ្វីលីពីន​

178

ព្យុះម៉ាងឃុត បានសំរុកចូលចិនកាលពីថ្ងៃអាទិត្យ បន្ទាប់ពីវាយប្រហារហ្វីលីពីនខាងជើង ជាមួយនឹងខ្យល់ខ្លាំងនិងការធ្លាក់ភ្លៀងច្រើនដែលបានសម្លាប់មនុស្សយ៉ាងតិច៣៦នាក់ និងរាប់សិបនាក់សង្ស័យថានៅកប់ក្រោមដីបាក់នៅហ្វីលីពីន។

នៅមុនព្យុះទៅដល់ មនុស្សជិតកន្លះលាននាក់ត្រូវបានជម្លៀសចេញពីបណ្តាទីក្រុងក្នុងខេត្តក្វាងចូវរបស់ចិន ខណៈតំបន់លេងល្បែងម៉ាកាវបានបិទកាស៊ីណូជាលើកដំបូង ហើយផ្នែកឧតុនិយមហុងកុងបានព្រមានប្រជាជនអោយនៅឆ្ងាយពីកំពង់ផែVictoria Harbour។

ម៉ាងឃុត បានទៅដល់ទីក្រុងទៀសាន នៃខេត្តក្វាងចូវ នៅម៉ោងប្រមាណ៥ល្ងាច ជាមួយនឹងខ្យល់១៦២គីឡូម៉ែត្រក្នុងមួយម៉ោង។

ព្យុះវាយប្រហារហុងកុងកាលពីថ្ងៃ១៦កញ្ញា

អាជ្ញាធរនៅចិនខាងត្បូងបានចេញការព្រមានកំរិតខ្ពស់ ដោយតំបន់ដែលមានមនុស្សរស់នៅច្រើននឹងរងខ្យល់និងភ្លៀងខ្លាំង ហើយបានប្រាប់ទៅពួកមន្រ្តីអោយត្រៀមសំរាប់គ្រោះមហន្តរាយ។

ជើងហោះហើររាប់រយត្រូវបានលុបចោល ហើយរថភ្លើងល្បឿនលឿនទាំងអស់ រួមទាំងរថភ្លើងធម្មតាខ្លះ នៅក្វាងចូវ និងហៃណាន ត្រូវបានបញ្ឈប់។នៅខេត្តហ្វ៊ុយជាំងនិងផ្នែកខ្លះនៃចិនខាងត្បូង ទូកនេសាទរាប់ម៉ឺនបានវិលចូលកំពង់ផែ និងការសាងសង់នានាក៏ត្រូវបានផ្អាក។

នៅហ្វីលីពីនខាងជើង មនុស្សយ៉ាងតិច៤០នាក់ ភាគច្រើនជាកម្មកររ៉ែមាស ត្រូវបានសង្ស័យថាជាប់ក្នុងដីបាក់បង្កឡើងដោយព្យុះហើយមនុស្សយ៉ាងតិច៣៦នាក់ត្រូវបានប្រកាសថាស្លាប់ដោយឧបទ្ទវហេតុពាក់ព័ន្ធនឹងព្យុះម៉ាងឃុត៕ដោយ៖វាសនា