ព្យុះ​ហា​វី វាយប្រហារ​រដ្ឋ​តិច​សាស រំលំ​អគារ​ជាច្រើន​

959
ចែករម្លែក

​ព្យុះ ហា​វី បាន​វាយប្រហារ​រដ្ឋ​តិច​សាស ខណៈ​ព្យុះកំបុតត្បូង​ប្រភេទ​៤​ដ៏​សាហាវ​នេះ​បាន​ខ្យល់​បោកបក់​ក្នុង​ល្បឿន ២០៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បណ្តាលឱ្យ​អគារ​ជាច្រើន​បាក់​រលំ មនុស្ស​រាប់សិប​នាក់​រងរបួស ហើយ​ទុកឱ្យ​មនុស្ស​ជាង ១៥៥.០០០ នាក់​គ្មាន​ថាមពល​ប្រើប្រាស់ កាលពី​យប់​ថ្ងៃ​សុក្រ ទី​២៥ សីហា​។​

​ខ្យល់ព្យុះ​នេះ​បាន​វាយប្រហារ​ភ្លាមៗ​បន្ទាប់ពី​ម៉ោង ១០ យប់​ខណៈពេលដែល​ភ្លៀង​បាន​ពន្លិច​លិច​ផ្លូវ ដំបូលផ្ទះ​បាន​ប៉ើង​ទៅលើ​មេឃ ហើយ​អ្នករស់នៅ​តាមផ្លូវ​នៃ​ខ្យល់ព្យុះ​នេះ​ត្រូវបាន​ប្រាប់​ឱ្យ​កំណត់​អត្តសញ្ញាណ​លើ​ខ្លួន​ពួកគេ​ក្នុងករណី​ដែល​ពួកគេ​ស្លាប់​។​

​ទីក្រុង​រ៉ុ​ក​ផត ដែលមាន​ចម្ងាយ​ប្រមាណ ៥០ គីឡូម៉ែត្រ នៅ​ខាងក្រៅ​ក្រុង​ខ័​រ​ភឺស គ្រីស្ទី ត្រូវបាន​រាយការណ៍​ថា​មានការ​ខូចខាត​យ៉ាង​ធំធេង ដោយ​អគារ​មួយចំនួន​បាន​ដួលរលំ ផ្ទះសម្បែង​ជាច្រើន​ខ្នង​ត្រូវបាន​បំផ្លាញ ហើយ​មនុស្ស​ជាច្រើន​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​បណ្តោះអាសន្ន​។​

​យោងតាម​របាយការណ៍​ក្នុងស្រុក​បានឱ្យដឹងថា​សោកនាដកម្ម​មួយទៀត​បានកើត​ឡើង​នៅពេលដែល​ប៉ូលិស​ត្រូវបាន​តេ​ឱ្យទៅ​កន្លែង​បាញ់បោះ​មួយ​នៅ​ក្រុង ខ័​រ​ភឺស គ្រីស្ទី នៅពេល​កំពុងមាន​ខ្យល់ព្យុះ ជាមួយ​ជនរងគ្រោះ​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។​

​ព្យុះ​ហា​វី គឺជា​ព្យុះ​ដ៏​ខ្លាំងក្លា​បំផុត​ដែល​បាន​វាយប្រហារ​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល ១២ ឆ្នាំ​មកនេះ ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ឱ្យមាន​គ្រោះទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​ខណៈ​សេវាកម្ម​អាកាសធាតុ​ជាតិ​បាន​ព្រមាន​ថា​នេះ​គឺជា “​ការចាប់ផ្តើម​នៃ​ការលំបាក​ជាច្រើន​ទៀត ដែល​នឹង​មកដល់​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​ប៉ុណ្ណោះ​” ៕ ដោយ៖ កញ្ញាដាលីស

ព្យុះ​ហា​វី​វាយប្រហារ​រដ្ឋ​តិច​សាស​កាលពី​យប់​ថ្ងៃ​សុក្រ