ព្យុះ​ហ្វា​នីវាយ​ប្រហារ​ឆ្នេរសមុទ្រ​ខាងកើត​របស់​ឥណ្ឌា ដោយ​ជាង​១​លាន​នាក់​ត្រូវបាន​ជម្លៀស​

725
ចែករម្លែក

​ខ្យល់ព្យុះ​ហ្វា​នី​(Fani) បាន​បោកបក់​លើ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​ឥណ្ឌា ជា​ព្យុះ​កម្រិត​៥​ដែល​បក់បោក​លើ​ឆ្នេរ​សមុទ្រ​ដែល​គ្មាន​មនុស្ស​រស់​ជាមួយនឹង​ភ្លៀង​និង​ខ្យល់​បក់​​ក្នុង​ល្បឿន​ខ្យល់​២០៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​ក្រសួង​ឧតុនិយម​ឥណ្ឌា និយាយ​ថា​ខ្យល់ព្យុះ​ដ៏​ខ្លាំង​នៅ​ឆកសមុទ្រ​Bengal បាន​បក់បោក​លើ​រដ្ឋ​Odisha ដែល​ជិត​ឆ្នេរ​សមុទ្រ​នេះ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​៣​ខែ​ឧសភា​នេះ​។​

​អង្គភាព​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​ឥណ្ឌា និយាយថា មនុស្ស​ជិត​១,២​លាន​នាក់ ត្រូវបាន​សង្គ្រោះ​ចេញពី​តំបន់​ទំនាប​នៃ​រដ្ឋ​Odisha ហើយ​ឱ្យ​ស្នាក់​នៅ​តាម​ជំរំ​សង្គ្រោះ​​ជិត​៤.០០០​ជំរំ​។​

​លោក Bishnupada Sethi មន្ត្រី​គ្រប់គ្រង​ការផ្តល់​ជំនួយ​សង្គ្រោះ​នៃ​រដ្ឋ​នេះ និយាយ​ថា​បណ្តាញ​ទំនាក់ទំនង​នានា ត្រូវ​បាន​ដាច់​នៅ​តំបន់​មួយចំនួន​នៅក្នុង​រដ្ឋ​នេះ ​ប៉ុន្តែ មិន​មាន​អ្នកស្លាប់​ឬ​របួស ត្រូវបាន​រាយការណ៍​នោះទេ​។​

​ខ្យល់ព្យុះ​ហ្វា​នីគឺ​ជា​ព្យុះ​ដ៏​ខ្លាំង​បំផុត​ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក​នៅ​ពេល​ដែល​ខ្យល់ព្យុះ​មួយ​បាន​សម្លាប់​មនុស្ស​ប្រហែល ១០.០០០​នាក់​និង​​បំផ្លិចបំផ្លាញ​នៅ​តំបន់​ជាច្រើន​ក្នុង​រដ្ឋ​Odisha​នេះ​៕​ដោយ​៖​សុខា​/sn

​​ខ្យល់ព្យុះ​ហ្វា​នី​បាន​បោកបក់​លើ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​ឥណ្ឌា