ព្យុះ​អៀរ​ម៉ា​កំពុង​វាយប្រហារ​ទីក្រុង ២ ក្នុង​រដ្ឋ​ផ្លរីដា ជាមួយ​ល្បឿន​ខ្យល់ ១៧៧ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​

527

​ព្យុះសង្ឃរា អៀ​ម៉ា ឥឡូវនេះ​កំពុង​វាយប្រហារ​ទីក្រុង​ហ្វ​ត​ម៉ា​យ​យើ (Fort Myers) នៅ​ឆ្នេរ​ភាគ​ខាងលិច​នៃ​រដ្ឋ​ផ្លរីដា បន្ទាប់ពី​បាន​បោកបក់​លើដី​គោក​ជា​លើក​ទី ២ កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​១០ កញ្ញា ខណៈដែល​ព្យុះ​ដ៏​សាហាវ​នេះ​បាន​បន្ត​បក់​ឡើង​មកលើ​តំបន់ឆ្នេរ​។​

​ព្យុះ​អៀ​ម៉ា​បាន​ថមថយ​មក​នៅត្រឹម​ប្រភេទ​ព្យុះ​ទី ២ នៅ​ម៉ោង ៥ ល្ងាច ថ្ងៃអាទិត្យ ខណៈដែល​វា​បោកបក់​មកលើ​ឆ្នេរសមុទ្រ ដោយ​ធ្វើដំណើរ​ពី​ទិស​ខាងជើង​ឆ្លងកាត់​ទីក្រុង​ហ្វ​ត​ម៉ា​យ​យើ​។​

​មជ្ឈមណ្ឌល​ព្យុះ​ជាតិ​បាន​និយាយថា ខ្យល់ព្យុះ​អៀ​ម៉ា មាន​ល្បឿន ១៧៧ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង គឺ​ស្ថិតនៅក្រោម​កម្រិត​ខ្យល់ព្យុះ​ធំ​តែ​បន្តិច​ប៉ុណ្ណោះ ខណៈដែល​ស្នូល​កណ្តាល​នៃ​ព្យុះ​ដ៏​គ្រោះថ្នាក់​និង​ធំ​សម្បើម​នេះ​នៅតែ​កំពុង​បោះពួយ​មកលើ​ដីគោក​នៅ​យប់​ថ្ងៃអាទិត្យ (​ព្រឹក​ថ្ងៃ​ចន្ទ​នៅ​កម្ពុជា​)​។​

​ព្យុះ​នេះ​បាន​វាយប្រហារ​ទីក្រុង​ហ្វ​ត​ម៉ា​យ​យើ និង​ណេ​ផល បន្ទាប់ពី​ធ្វើដំណើរ​ចេញពី​សមុទ្រ​នៅ​កោះ​ម៉ា​កូ វេលា​ម៉ោង ៣:៣៥ រសៀល​។​

​តំបន់​ទីក្រុង​ណេ​ផល កំពុង​ទទួលរង​គ្រោះ​ដោយ​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​ហើយ​តំបន់​ដាច់ស្រយាល​នៃ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​កំពុងស្ថិត​នៅក្រោម​ការព្រមាន​អំពី​ទឹកជំនន់​។ មជ្ឈមណ្ឌល​ព្យុះ​ជាតិ​បានឱ្យដឹងថា កម្រិត​ទឹក​នៅក្នុង​ទីក្រុង​ណេ​ផល​បាន​កើនឡើង ២,១៧ ម៉ែត្រ​ក្នុង​រយៈពេល​ត្រឹមតែ ៩០ នាទី​ប៉ុណ្ណោះ​។​

​ល្បឿន​ខ្យល់​កន្ត្រាក់ ២២៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ត្រូវបាន​កត់ត្រា​នៅ​អាកាសយានដ្ឋាន​នៃ​ទីក្រុង​ណេ​ផល នៅពេល​ព្យុះ​រក្សា​ល្បឿន​ខ្យល់​បក់​ត្រឹម​១៧៧ គីឡូ​ម៉េ​ត្រ​ក្នុង​មួយ​ម៉ោង​របស់​វា​៕ ដោយ៖ កញ្ញាដាលីស

ព្យុះ​អៀ​ម៉ា​កំពុង​វាយប្រហារ​ទីក្រុង​ហ្វ​ត​ម៉ា​យ​យើ និង ណេ​ផល របស់​រដ្ឋ​ផ្លរីដា