ព្រមានមន្ត្រីបច្ចេកទេស បន្ទាប់ពីលេចចេញរឿងអាស្រូវ ឃុបឃិតជាមួយអ្នកភ្នាល់លុយ

397
ចែករម្លែក

ដោយ: រ៉ូហ្សា / ​
ភ្នំពេញ: ប្រមុខប្រដាល់គុនខ្មែរ គឺលោកឧត្តមសេនីយ៍ឯក តែម ម៉ីន បានព្រមានធ្ងន់ៗ ដល់មន្ត្រីបច្ចេកទេស ចៅក្រម អាជ្ញាកណ្ដាល របស់លោកថា បើមានកំហុស ទោះបីជា សមាជិកគណៈកម្មាធិការប្រតិបត្តិ ក៏លោកត្រូវតែដាក់ពិន័យដែរ ។

កំហុសលើកទី១ ពិន័យ ៦ សប្ដាហ៍ លើកទី២ ដាក់ពិន័យ ៦ខែ លើកទី៣ នឹងកាន់តែ ធ្ងន់ជាងនេះ ហើយគ្មានលើកទី៤ ទេ បើមានមានកំហុសលើកទី៤ គឺបញ្ឈប់តែម្ដង ។ លោកថ្លែងបែបនេះ នៅក្នុងអង្គប្រជុំប្រចាំត្រីមាសទី២ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នេះ ។

លោកឧត្តមសេនីយ៍ឯក តែម ម៉ីន

លោកប្រធានសហព័ន្ធ បានបញ្ជាក់ថា លោកបានទទួលព័ត៌មាន កាន់តែច្រើនឡើងៗ ពីករណីចៅក្រម ផ្ដល់សញ្ញាពីការចាញ់ – ឈ្នះ ដល់ក្រុមអ្នកលេងលុយ មុនពេល ប្រកាសលទ្ធផល ។ ចៅក្រមខ្លះ ធ្វើជាទៅបន្ទប់ទឹក ឬទៅជក់បារី តែតាមការពិត គឺទៅទូរស័ព្ទ ទាក់ទងជាមួយ អ្នកភ្នាល់លុយតែប៉ុណ្ណោះ ។ លោកព្រមានថា កុំថា លោកមិនដឹង ត្រូវរៀបចំឥរិយាបទឡើងវិញ ប្រយ័ត្នជាប់ទណ្ឌកម្ម ។ ពេលវេលា បោសសំអាត បានមកដល់ហើយ ។ បើលោកបន្តយោគយល់នោះ សហព័ន្ធ នឹងកើត ភាពច្របូកច្របល់ គ្មានសណ្ដាប់ធ្នាប់ឡើយ ។

លោក ហេង សុឃន ដែលជាអនុប្រធាន ក៏បានបន្ទោស ចំពោះមន្ត្រីសហព័ន្ធដែរ ដែលខ្លះជាមន្ត្រីរាជការទៀត បែរជាលេងភ្នាល់ ដាក់អង្ករត្រឹម ២ បាវ ។ លោកបាន ចាត់ទុកថា នេះជាការប្រមាថ ដល់កីឡាប្រដាល់ លោកសំណូមពរ កុំឲ្យមានករណី បែបនេះ បន្តកើតមានទៀត ឲ្យសោះ ។

លោក ហេង សុឃន

លោក តែម ម៉ឺន ក៏បានព្រមាន ដល់មន្ត្រីផ្គូរផ្គង សូមចាប់គូ ឲ្យមានតម្លាភាព មានគុណភាព និងផ្ដល់ឱកាសដល់ បណ្ដាក្លិបតូចៗ ឬក្លិបថ្មីៗ ដើម្បីឲ្យសិស្សរបស់គេ មានឱកាសប្រកួតផង ។ កុំចាប់តែសិស្សរបស់ខ្លួនឯង វាមិនយុត្តិធម៌ ចំពោះក្លិបដទៃ ឡើយ ។

សូមបញ្ជាក់ថា នៅក្នុងការជួបជុំនេះ ប្រមុខសហព័ន្ធរូបនេះ បានពង្រឹងខ្លាំង ចំពោះ មន្ត្រីផ្គូរផ្គង ស្នងការប្រកួត ប្រធានវិនិច្ឆ័យ ចៅក្រម អាជ្ញាកណ្ដាល ក្រប់ស្ថានីយ៍ទាំង ៥ ដែលមានកម្មវិធីប្រដាល់ គឺស្ថានីយ៍ PNN ស្ថានីយ៍អាស៊ីអាគ្នេយ៍ ស្ថានីយ៍ CBS (CNC-CTN និង MYTV) បាយ័ន ប៉ុស្តិ៍លេខ៥ ។

ការបង្ហោះ តាមបណ្ដាញសង្គម (ហ្វេសប៊ុក) បន្ទាប់ពីប្រកួតចាញ់ វាជារឿងដែលធ្វើឲ្យ ខ្លួនឯង កាន់តែអាម៉ាស់ ទៅវិញទេ ព្រោះនេះ មិនត្រឹមតែជាការមិនទទួលស្គាល់ លទ្ធផលប៉ុណ្ណោះទេ តែជាការមិនទទួលស្គាល់ ពីភាពអសមត្ថភាពរបស់ខ្លួន ៕v