ព្រមាន​ចាត់វិធានការ​ចំពោះ​ជន​ណា​ដាក់លក់​អាល់កុល​ក្លែងក្លាយ​

192
ចែករម្លែក
ព្រមាន​ចាត់វិធានការ​ចំពោះ​ជន​ណា​ដាក់លក់​អាល់កុល​ក្លែងក្លាយ​

ដោយ​: ពៅ និមល​/​ភ្នំពេញ​: ជាថ្មី​ម្តងទៀត នៅ​រសៀល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល និង​អគ្គនាយកដ្ឋាន កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា ក្នុងករណី​ស្រាវជ្រាវ​រកឃើញថា ម្ចាស់​ឱសថស្ថាន ឱសថ រង ឱសថការី ក៏ដូចជា​អា​ជីក​រណា​ដែល​ចរាចរ ឬ​ដាក់លក់​ផលិតផល​អាល់កុល​ក្លែងក្លាយ នឹង​ចាត់ វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​


​ ​យោងតាម​សេចក្តីណែនាំ ស្តីពី​ការទប់ស្កាត់​ការ​ចរាចរ ចែកចាយ និង​ទិញ​ផលិតផល អេ​ទីល អាល់កុល​ក្លែងក្លាយ ឬ​មេ​តា​ណុល ប្រើប្រាស់​សម្រាប់​លាង​សំអាត​ដៃ​បង្ការ​ចម្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី (COVID-19) របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម បាន​លើកឡើងថា ក្នុង​កាលៈទេសៈ​ដែល ប្រជាពលរដ្ឋ​ទាំងអស់​កំពុងតែ​ត្រូវការ​ចាំបាច់ ផលិតផល​អាល់កុល ប្រើប្រាស់​សម្រាប់​លាង​សំអាត​ដៃ ដើម្បី​សម្លាប់​មេរោគ ពិសេស​វីរុស​កូ​រ៉ូ​ណា​ថ្មី បានកត់សម្គាល់​ឃើញថា មាន​អាជីវករ​មួយចំនួន​បាន លួច​នាំ ចូល និង​ចែកចាយ នូវ​ផលិតផល​អាល់កុល​ក្លែងក្លាយ​ជាច្រើន ដែល​មិនមាន​ស្លាក​សញ្ញា និង​ប្រភព​ច្បាស់ លាស់​។​តាមរយៈ​ការធ្វើការ​អង្កេត​របស់​មន្ត្រី​ជំនាញ​និង​យោង​លទ្ធផល​វិភាគ​របស់​មន្ទីរពិសោធន៍ អគ្គនាយក ដ្ឋា​ន​កាំកុងត្រូល​បាន​រកឃើញថា អាល់កុល​ដែល​បាននិងកំពុង​ចរាចរ​លើ​ទីផ្សារ​ទាំងនោះ ភាគច្រើន​គឺ មិនមែនជា​ប្រភេទ​អាល់កុល​ធម្មតា (​អេ​ទីល​អាល់កុល​) ដែលមាន​មុខងារ​ប្រើ​សម្រាប់​គោលបំណង​លាង សំអាត​ដៃ បង្ការ​ការចម្លង​មេរោគ​ទេ ប៉ុន្តែ​គឺជា​សា​ធាតុ​មេ​តា​ណុល​ដែលមាន​បរិមាណ​ខ្ពស់​រហូត ដល់​៨០ ភាគរយ​។​

​សកម្មភាព​ពិនិត្យ​ទំនិញ​របស់​សមត្ថកិច្ច​ជំនាញ​


​ ​ប្រភព​ដដែល​បញ្ជាក់ទៀតថា ជាទូទៅ ការលាង​សំអាត​ដៃ​ដោយ​ប្រើប្រាស់​អាល់កុល ដែលមាន កម្រិត មេ​តា​ណុល​ខ្ពស់​ដូចដែល​បាន​រកឃើញ​ទាំងនេះ អាច​ជ្រាបចូល​ទៅក្នុង​ស្បែក និង​បង្ករ​គ្រោះថ្នាក់ ធ្ងន់ធ្ងរ​ដល់​សុខភាព ជាពិសេស​អាច​ប៉ះពាល់​ដល់​លទ្ធភាព​នៃ​ការមើលឃើញ​របស់​ភ្នែក​។ បន្ថែម​លើសពី នេះ សារ​ធា​ត​មេ​តា​ណុល​នេះ អាច​បង្ករ​គ្រោះថ្នាក់​ដល់​ជីវិត ប្រសិនបើ​មាន​ការយកទៅ​ប្រើប្រាស់​លា​យ​ធ្វើ​ភេសជ្ជៈ​គ្រឿង​ស្រវឹង​ផ្សេងៗ​។ ជាមួយគ្នានេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ណែនាំ​ដល់​អាជីវករ​អ្នកលក់ និង​ប្រជាពលរដ្ឋ​ដែលជា​អ្នក​ប្រាស់​នូវ​វិធានការ​មួយចំនួន​ដូចជា​៖ រាល់​ការ​នាំចូល និង​ចែកចាយ​ផលិតផល​អាល់កុល សម្រាប់​ប្រើប្រាស់ ត្រូវដាក់​សញ្ញា មាន​បញ្ជាក់​ពី​ប្រភព អាស័យដ្ឋាន​ចែកចាយ​ឬ​ដាក់លក់ និង​មានឈ្មោះ​ផលិតផល ព្រមទាំង​កម្រិត​អាល់កុល គិត​ជា​ភាគរយ​នៃ​អេ​ទីល​អាល់កុល​ឱ្យបាន​ត្រឹមត្រូវ​។ និង​សូម​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់ មេត្តា​កុំ​ទិញ​ផលិតផល​អាលកុល ដែល​គ្មាន​ស្លាក​សញ្ញា និង​មិនមាន​បញ្ជាក់​ពី​ប្រភព​ច្បាស់លាស់ ដើម្បី​ប្រើប្រាស់​សម្រាប់​ការលាង​សំអាត កំចាត់​មេរោគ ឬ​បង្ការ​ការចម្លង​វីរុស កូ​វីដ​១៩​។​


​ ​ស្រដៀង​គ្នា​ខាងលើនេះ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​នៃ​ក្រសួងសុខាភិបាល បានបញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​ថា បច្ចុប្បន្ននេះ​មាន​ឱសថស្ថាន ឱសថស្ថាន​រង​មួយចំនួន​បាន​ទិញ​អាល់កុល​មក​លក់​ពុំមាន​ប្រភព​ច្បាស់លាស់ ដែល​មានគុណ​ភាពមិន​ត្រឹមត្រូវ​តាម​ស្តង់ដារ ខណៈដែល​ប្រជាពលរដ្ឋ​ទាំងអស់​កំពុង​ត្រូវការ​អាល់កុល​ចាំបាច់ ក្នុងការ​បង្ការ​ការចម្លង​វីរុស​កូ​វីដ នៅ​កម្ពុជា ដោយ​អាល់កុល​មួយចំនួន​មាន​លាយ​សារធាតុ​មេ​តា​ណុល ជាមួយ អេតាណុល និង​អាល់កុល​មួយចំនួនទៀត​ពុំមាន​សារធាតុ​អេតាណុល​ទេ គឺ​មានតែ​សារធាតុ មេ​តា​ណុល តែប៉ុណ្ណោះ​៕សរន

​សកម្មភាព​ពិនិត្យ​ទំនិញ​របស់​សមត្ថកិច្ច​ជំនាញ​