ព្រលានយន្តហោះ​ខេត្តសៀមរាប​ថ្មី​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំក្រោយ​ ​

1867
ចែករម្លែក
  • 18
    Shares

(​ភ្នំពេញ​)៖ នៅ​ទីបំផុត​ដំណឹង​ពី​ការសាងសង់​ព្រលានយន្តហោះ​ថ្មី ក្នុង​ខេត្តសៀមរាប​កាន់តែច្បាស់​លាស់​ហើយដោយ​ព្រលាន​នេះ​នឹង​ចាប់​​ផ្តើម​សាងសង់​ឆ្នាំ​ក្រោយនេះ ដោយសារ​កិច្ចព្រមព្រៀង និង​និតិ​វិធី​ច្បាប់​នានា​រវាង​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​វិនិយោគ​បានបញ្ចប់​រួចរាល់​​ហើយ​។​
​ ​
​លោក​ស៊ិន ចាន់​សិរី​វុត្ថា​ ​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​១៤ សីហា​នេះ​ថា ព្រលានយន្តហោះ​ដែលមាន​ទីតាំង​ស្ថិតក្នុង​ស្រុក​សូត្រ​និគម ខេត្តសៀមរាប ស្ថិតនៅលើ​ផ្ទៃដី ប្រមាណ​៧៥០​ហិកតា​នឹង​ចាប់ផ្តើម​សាង​​សង់​នៅ​ឆ្នាំក្រោយ​នេះហើយ ព្រោះ​អ្វីៗ​ស្ថិត​តែ​ក្នុងដំណាក់កាល​ច​ចារ​រវាង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​វិនិយោគ​ព្រលានយន្តហោះ​កម្ពុជា SCA​ប៉ុណ្ណោះ​។ លោក​បន្តថា បច្ចុប្បន្ន​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ឋិ​វិនិយោគ​ព្រលាន​នេះ គឺ​ក្រុមហ៊ុន​YUNAN Development Group បានចាប់ផ្តើម​ឈូស​ពង្រា​ប​ដី និង​ដោះមីន​បណ្តើរៗ​ហើយ​។​

​រូបគំនូរ​នៃ​ព្រលានយន្តហោះ​ថ្មី​ខេត្តសៀមរាប​


​ ​
​លោក​បន្តថា ព្រលានយន្តហោះ​នេះ នឹង​សាងសង់​ជា​ពីរ​ដំណាក់កាល​ដោយ​ដំណាក់កាល​ទី​១ គ្រោង​ចំណាយ​ថវិកា​៥០០​លាន​ដុល្លារ​ដែល​​អាចអោយ​ចុះចត​យន្តហោះ​ខ្នាត​មធ្យម​សម្រាប់​យន្តហោះ​ខ្នាត​4E និង​ដំណាក់កាល​ទី​២ ទើប​អាច​ចុះចត​យន្តហោះ​ខ្នាត​យក្ស​បាន ហើយ​ដំណាក់កាល​ចុងក្រោយ​នេះ គ្រោង​ចំណាយ​ថវិកា​ជាង​៣០០​លាន​ដុល្លារ​បន្ថែមទៀត​។

​លោក​បន្តថា ការសាងសង់​ព្រលានយន្តហោះ​នេះ​អាច​ចំណាយពេល​ពី​៣​ទៅ​៥​ឆ្នាំ ដើម្បី​បញ្ចប់​ទាំង​ដំណាក់កាល​ទី​១​និង​ដំណាក់កាល​ទី​២​។​
​ ​
​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក​ហូ វណ្ឌី​បាន​ថ្លែងថា ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​បាន​កើនឡើង​នៅ​គ្រប់​តំបន់​ក្នុង​​បណ្តា​ប្រទេស​អាស៊ាន ហើយ​កម្ពុជា​ក៏​កំពុង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​កាន់តែច្រើន​ផងដែរ ហេតុនេះ​ការសាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ ពិតជា​សក្តានុពល​មួយ​សម្រាប់​កម្ពុជា​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​នានា ពិសេស​ភ្ញៀវ​ទេសចរណ៍ និង​អ្នកជំនួញ​ចិន​ដែល​​បាននិងកំពុង​កើនឡើង​យ៉ាងគំហុក​នៅ​កម្ពុជា​។​លោក​បន្តថា ពេល​ព្រលានយន្តហោះ​ថ្មី​ដំណើរការ ចេញ​ជា​រូបរាង​នឹង​អាច​អនុ​ញ្ញា​ត្ត​​ឲ្យ​យន្តហោះ​ខ្នាត​ធំៗ​ចុះចត​បាន ព្រោះ​គំរោង​របស់​អ្នកវិនិយោគ​ចិន​ចូលមក​វិនិយោគ​គឺមាន​គោលដៅ​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​​មកពី​ជុំវិញ​ពិភពលោក​។​
​ ​
​លោក​ហូ វណ្ឌី​បាន​បន្តថា ព្រលានយន្តហោះ​ថ្មី​នេះ ក៏​ជាការ​ភ្ជាប់​ជាមួយ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ដែល​បាន​អភិវឌ្ឍន៍​កាន់តែ​ល្អប្រសើរ​ពី​រដ្ឋាភិបាល ដើម្បី​ភ្ជាប់​ទៅកាន់​រមណីយដ្ឋាន​ទេសចរណ៍​ល្បីៗ​នៅ​ជុំវិញ​តំបន់​នេះ ដូចជា ប្រាសាទ​អង្គរ ប្រាសាទព្រះវិហារ ប្រាសាទ​កោះ​កេ​រ្ត៍​និង​ប្រាសាទ​សម្បូរ​ព្រៃ​គុក ដែល​ទើបបាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​វប្ប​ធ៌​ម​ពិភពលោក កាលពីពេល​ថ្មីៗ​នេះ​ផងដែរ​៕​ដោយ​ច្រាយ ចំណាន​/sn