ព្រលឹងចុងសក់​! ឆ្លងស្ពាន​ផុត​តែ​បន្តិច រលំ​គ្រេង​

1321
ចែករម្លែក
  • 115
    Shares

​នេះ​គឺជា​ពេលវេលា​ដែល​ចង្វាក់បេះដូង​លែង​លោត ពេលដែល​ស្ត្រី​ម្នាក់​ដើរ​ឆ្លង​លើ​ស្ពាន​មួយ មុនពេល​វា​បាក់​ចូលក្នុង​ទន្លេ​តែ​បន្តិច​ប៉ុណ្ណោះ​។​

​ស្ត្រី​ម្នាក់នេះ​បាន​ប្រញាប់ប្រញាល់​ឆ្លងកាត់​ស្ពាន​បណ្តោះអាសន្ន​មួយ​នៅពេលដែល​វា​បានចាប់ផ្តើម​បាក់​បន្តិច​ម្តងៗ​។ ទិដ្ឋភាព​នេះ​ត្រូវបាន​ថត​នៅក្នុង​ទីប្រជុំជន វិ​ន​ឈី ប្រទេស​ចិន​។​

​នៅក្នុង​វីដេអូ​ដែល​ថត​ដោយ​ប្រជាជន​ក្នុង​តំបន់ អ្នកភូមិ​ជាច្រើន​ត្រូវបាន​ជម្លៀស​ទៅ​ត្រើយម្ខាង​ទៀត​នៃ​ទន្លេ​ដែលមាន​ទឹករលក​ខ្លាំង ហើយ​ស្ត្រី​ម្នាក់នេះ​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ហ៊ាន​រត់​ឆ្លងកាត់​ស្ពាន​ដែល​រកកល់នឹង​រលំ​នេះ​។​

​ក្រុម​អ្នក​ជួយសង្គ្រោះ​និង​អ្នកភូមិ​ដទៃទៀត​បាន​ស្រែក​ជំរុញ​ទឹកចិត្ត​គាត់​ឱ្យ​រត់​ឱ្យ​លឿន​នៅពេល​ពួកគេ​កត់សម្គាល់ឃើញ​ស្ពាន​ញី​ញ័រ​នោះ ចាប់ផ្តើម​រយះ​ចេញពី​គ្រឹះ​របស់​វា​។​

​តួ​ស្ពាន​នេះ​បាន​ដាច់​រសាត់​បណ្តើរៗ​រួចទៅហើយ​នៅពេលដែល​ស្ត្រី​នោះបាន​ទៅដល់​កន្លែង​សុវត្ថិភាព ស្របពេល​នោះដែរ តួ​ស្ពាន​ទាំងមូល​បាន​ធ្លាក់​ចូលក្នុង​ទឹកទន្លេ​ភ្លាមៗ​តែម្តង​។​

​យោងតាម​របាយការណ៍​បានឱ្យដឹងថា​អ្នកភូមិ​សំណាង​ម្នាក់នេះ​គេច​ផុតពី​គ្រោះថ្នាក់​ហើយ​ត្រូវបាន​គេ​និយាយថា​ជា​មនុស្ស​ចុងក្រោយ​គេ​ដែល​ឆ្លងកាត់​ស្ពាន​បណ្តោះអាសន្ន​នេះ​។​

​មន្ត្រី​ក្នុង​មូលដ្ឋាន​មួយរូប​បាន​និយាយ​អំពី​ហេតុការណ៍​នេះ​ថា “​ទឹកជំនន់​កាលពី​ខែកក្កដា​បាន​បំបាក់​ស្ពានថ្ម​បេតុង​រួចហើយ​នៅក្នុង​ទីប្រជុំ​ជននេះ​ដូច្នេះ​អាជ្ញាធរ​មូលដ្ឋាន​បាន​កសាង​ស្ពាន​បណ្តោះអាសន្ន​សម្រាប់​អ្នកភូមិ​។ ប៉ុន្តែ​ក្នុងអំឡុងពេល​ទឹកជំនន់​នៅក្នុង​សប្តាហ៍​នេះ ការកើនឡើង​កម្ពស់​ទឹកបាន​កាត់ផ្តាច់​ស្ពាន​បណ្តោះអាសន្ន​នេះ​ថែមទៀត​តែម្តង​។ គ្មាន​នរណាម្នាក់​រងរ​បួស​នោះទេ​”៕ ដោយ៖ កញ្ញាដាលីស

ស្ត្រី​មហា​សំណាង អាច​ឆ្លង​ផុត​ស្ពាន​មុនពេល​វា​បាក់​ចូល​ទន្លេ