ព្រលឹងចុងសក់​! យន្តហោះ​អង់គ្លេស​បែក​កង់​ពេល​កំពុង​ចុះចត​នៅ​អេ​ស្ប៉ា​ញ​

697

​អ្នកទេសចរ​អង់គ្លេស​ភ័យ​លស់​ព្រលឹង បន្ទាប់ពី​កង់​យន្តហោះ​ផ្ទុះ​ពេល​កំពុង​ចុះចត​នៅ​អាកាសយានដ្ឋាន​មួយក្នុង​ទីក្រុង​ធើ​ណេ​រី​ហ្វ​។

​យន្តហោះ Jet2 មកពី​ទីក្រុង​ម៉ាន់​ឆេ​ស្ទើ​បាន​ចុះចត​នៅ​អាកាសយានដ្ឋាន​ខាងត្បូង​ក្រុង​ធើ​ណេ​រី​ហ្វ ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​អង្គារ ទី​២៧ មិថុនា ជាមួយ​សាក្សី​និយាយថា ពួកគេ​ឮ​សំឡេង​ផ្ទុះ​ខ្លាំង នៅពេល​កង់​យន្តហោះ​ប៉ះ​នឹង​ផ្លូវថ្នល់​។

​វា​បាន​បង្កចលាចល​យ៉ាងខ្លាំង ព្រោះ​អ្នក​ដើរលេង​កម្សាន្ត​រាប់ពាន់នាក់​បាន​ប្រឈម​ការពន្យារពេល នៅពេលដែល​ជើងយន្តហោះ​ជាច្រើន​ទៀត​ត្រូវបាន​ផ្អាក ឬ លុបចោល ពេល​ផ្លូវ​ចុះចត​ត្រូវបាន​បិទ​បណ្តោះអាសន្ន​។

ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​រួមមាន British Airways, Ryanair, Thomas Cook និង Monarch សុទ្ធតែ​រង​ផលប៉ះពាល់​ទាំងអស់ ខណៈដែល​អ្នកដំណើរ​ជាច្រើន​នាក់​មានការ​ច្រឡំបល់​ទាក់ទិន​នឹង​ស្ថានភាព​ជើងហោះហើរ​របស់​ពួកគេ​។

អ្នកដើរ​កម្សាន្ត​អាំង​ថ្ងៃ​បាន​និយាយថា មានការ​វាយតប់​គ្នា​ផ្ទុះឡើង​ផងដែរ ខណៈ​ភាព​តានតឹង​កើនឡើង​នៅ​អាកាសយានដ្ឋាន ជាមួយ​អ្នកទេសចរ​ខ្លះ​ជាប់​អស់​រាប់​ម៉ោង​៕ ដោយ ៖កញ្ញាដាលីស

យន្តហោះ​របស់​អង់គ្លេស​បែក​កង់​ពេល​ចុះចត​នៅ​ក្រុង​ធើ​ណេ​រី​ហ្វ