ព្រាប សុវត្ថិ នាំ​កូនប្រុស​ទាំងបី ទៅ​ច្រៀង​នៅ​កូរ៉េ​

817

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ​តារាចម្រៀង​ល្បីៗ មួយក្រុម​បាននាំគ្នា​ចេញដំណើរ​ទៅ​ប្រទេស​កូរ៉េ​ហើយ កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​២២ កញ្ញា ២០១៨ ក្នុង​ដំណើរ​ចេញ​ច្រៀង​រាំ​នោះ គឺមាន​កំពូល​តារាចម្រៀង​ល្បី​លំដាប់​ប្រទេស លោក ព្រាប សុវត្ថិ រួម​ជាមួយនឹង​អ្នកជំនួញ​អចលនទ្រព្យ ឡេង ណា​វ៉ា​ត់​ត្រា លោក​ឧកញ៉ា​វ័យក្មេង​ឡេង រួម​ដំណើរ​ផងដែរ​។​

​ក្នុង​ដំណើរ​ចេញទៅ​ច្រៀង​រាំ ជាមួយនឹង​ការធ្វើ​ជំនួញ​ក្រៅប្រទេស​ផង​នោះ ត្រូវគេ​ដឹងថា ជាការ​រ៉ាប់រង​ចេញ​ដោយ លោក ឡេង ណា​វ៉ា​ត់​ត្រា ដែល​រាប់​រ៉ង​លើ​ការចំណាយ​ផ្សេងៗ​បូករួម​នឹង​ការ​ស្នាក់នៅ​ផងដែរ​។

​លោក​ឧកញ៉ា បាន​ប្រាប់ថា ការបង្កើត​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ធំ​មួយ​នេះ រំពឹង​យ៉ាងខ្លាំង​ថា​វត្តមាន​លោក​ព្រាប សុវត្ថិ និង​កូនប្រុស ព្រមទាំង​តារាចម្រៀង តារា​កំប្លែង និង​ពិធីករ​ល្បីៗ​ដែល​បានរួម​ដំណើរ នឹង​ធ្វើអោយ​កក្រើក​នៅក្នុង​ប្រទេស​កូរ៉េ ខណៈដែល​គម្រោង​ធ្វើ​បទឧទ្ទេសនាម​របស់លោក​ជុំវិញ​បញ្ហាដីធ្លី ក៏មាន​លោក​ព្រាប សុវត្ថិ ដែលមាន​បទពិសោធន៍​លើ​ជំនួញ​នេះ ក៏​ចូលរួម​ធ្វើ​បទឧទ្ទេសនាម​ជាមួយ​ដែរ​។​

​ចំណែក លោក​ព្រាប សុវត្ថិ ក៏បាន​អោយដឹងថា លោក នឹង​បកស្រាយ​បទ​ចម្រៀង​កាលពី​ជំនាន់​ដើម ដើម្បីអោយ​បងប្អូន​ខ្មែរ​ដែលមាន​អារម្មណ៍​នឹក​ស្រុក បាន​ស្ដាប់​ហើយ​ធូរចិត្ត​។ ជា​គម្រោង លោក​ព្រាប សុវត្ថិ ត្រូវ​ច្រៀង​២​កន្លែង គឺ​ក្នុង​ទីក្រុង​សេ​អូ​ល​មួយកន្លែង និង​នៅ​ទីក្រុង​ខ្វាង​ជូរ មួយកន្លែង ដោយ​ក្នុង​ពិធី​នោះ ក៏មាន​វេទិកា​ឧទ្ទេសនាម ពី​សំណាក់​លោក​ផ្ទាល់ ចែករំលែក​ពី​គម្រោង​អាជីវកម្ម និង​ពី​របៀប​ប្រើប្រាស់​លុយរាយ ទៅយក​លុយដុំ ជាពិសេស​ដើម្បីអោយ​បងប្អូន​ខ្មែរ ឬ​ពលរដ្ឋ​កូរ៉េ ដែល​ចង់​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំណាប់អារម្មណ៍ ងាក​មក​ធ្វើ​វិនិយោគ ដើម្បី​បង្កើត​ចំណូល​បន្ថែមទៀត​។

​សូម​រំលឹកថា តារាចម្រៀង លំដាប់​ប្រទេស​មាន តារាចម្រៀង​ល្បី លោក ព្រាប សុវត្ថិ និង​កូនប្រុស​ទាំងបី កញ្ញា រ៉ា​ប៊ី ម្ចាស់​បទ​មាន់​ស្រែ លោក ប៉ែន ចំ​រ៉ុង ម្ចាស់​បទ វ៉ៃ​ម៉ា​លុយ រួមជាមួយ​នឹង​តារា​មួយចំនួនទៀត​៕ ល​