ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត បោះទុន​ដីធ្លី​រួមគ្នា រាប់លាន​ដុល្លារ

347

(​ភ្នំពេញ​)៖​តារាចម្រៀង​ល្បី​លំដាប់​ប្រទេស​ពីរ​ដួង​កំពុងតែ​អង្រួន​វិស័យ​ជំនួញ​ដីធ្លី​យ៉ាង​មមាញឹក គឺ​កំពូល​តារាចម្រៀង លោក ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត បាន​ចាប់ដៃគ្នា វិនិយោគ​នូវ​ទឹកប្រាក់​រាប់លាន​ដុល្លារ​។

​យោងតាម​ការ​បង្ហោះ​លើ​ផេ​ក​បុរី​ឡេង​ណា​វ៉ា​ត់​ត្រា បាន​អះអាងថា លោក​ព្រាប សុវត្ថិ និង​លោក ខេមរៈ សិរីមន្ត ក្រោយពី​ទទួលបាន​ជោគជ័យ​ក្នុង​គម្រោង​ដីធ្លី​ពុះ​លក់​រៀងខ្លួន អ្នក​ទាំងពីរ​បានសម្រេច​ចិត្ត​បោះទុន​រួមគ្នា​តែមួយ​ជាមួយ​ក្រុមហ៊ុន​ឡេង​ណា​វ៉ា​ត់​ត្រា​តែម្ដង ដោយ​គម្រោង​ថ្មី​នេះ គឺ​ធំ​ជាង​គម្រោង​មុនៗ​ទ្វេដង ហើយ​សម្រាប់​ដើមទុន​ក៏​មិនតិចជាង ២០​លាន​ដុល្លារ​។ ការ​បង្ហោះ​បញ្ជាក់ថា​អ្នក​ទាំងពីរ មិន​ត្រឹមតែ​បើក​គម្រោង​ថ្មី​ពុះ​លក់​ដីឡូត៍ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ចាយ​ទុនសង់​វីឡា​ដាក់លក់ ដែល​នេះ​គឺជា​គម្រោង​មហាសេដ្ឋី ដែល​មិន​ធ្លាប់មាន​សម្រាប់​តារាចម្រៀង​នៅក្នុង​ពិភព​សិល្បៈ​។

​លោក ឡេង ណា​វ៉ា​ត់​ត្រា បាន​ទទួលស្គាល់ថា លោក ព្រាប សុវត្ថិ និង លោក​ខេមរៈ សិរីមន្ត ពិតជា​ចំណាយ​ទុន​បើក​គម្រោង​រកស៊ី​ចូលគ្នា​ពិតមែន ដោយ​គម្រោង​ថ្មី​នេះ គឺ​មិនមាន រវាង​លោក និង លោក​ព្រាប សុវត្ថិ ឬ​រវាង​លោក និង​លោក ខេមរៈ សិរីមន្ត​ដាច់​គ្នា​ដូច​មុន នោះទេ ប៉ុន្តែ​គឺជា​គម្រោង​បោះទុន​រួមគ្នា​ទាំំ​ង​៣​បញ្ចូល​គ្នា​តែម្ដង ដើម្បីអោយ​បាន​ដើមទុន​ច្រើន ហើយ​ឈានទៅ​សង់​វីឡា​ដាក់លក់​នោះ​ផង​។ លោ​កថា​គម្រោង​លោក ព្រាប សុវត្ថិ និង​លោក​ខេមរៈ សិរីមន្ត រួមគ្នា​នោះ ស្ថិតនៅ​ម្ដុំ​ព្រៃទទឹង​លើផ្លូវ​ជាតិ​លេខ​៣​ក្បែរៗ​គម្រោង​ចាស់ ប៉ុន្តែ​ជា​គម្រោង​សង់​វីឡា និង​ពុះ​ឡូ​តិ៍​រួមគ្នា​ដោយ​គ្រាន់តែ​ដើមទុន​គឺ​យ៉ាងហោច​ក៏​២០​លាន ដុល្លារ ដោយ​មិនទាន់​បញ្ចូល​ការចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​និង​ចំណាយ​បន្ទាប់បន្សំ ដែល​មើលមិនឃើញ​នោះ​ផង​។ អ្វីដែល​សំខាន់​គឺ​គម្រោង​ធំ​នេះ មាន​ដី​រហូតដល់​ជាង​៥០​ហិកតា ហើយ​ប្រើ​ទុន​ខ្ពស់ ដែល​លោក​បាន​ហៅ​ការចូល​ហ៊ុន​របស់លោក ព្រាប សុវត្ថិ និង​លោក ខេមរៈ សិរីមន្ត ជាមួយនឹង​លោក​រួមគ្នា​ជា​បី​ហ៊ុន​នាពេលនេះ​ថា ជាការ​ជួយ​ដំណើរ​ការបើក ជំនួញ​ដីធ្លី​របស់លោក​ដើរ​លឿន​។

​នៅ​មិនទាន់​ដឹងថា​លោក ព្រាប សុវត្ថិ និង​លោក​ខេមរៈ សិរីមន្ត បោះទុន​ក្នុង​ម្នាក់​ប៉ុន្មាន​លាន ដុល្លារ​នោះទេ ប៉ុន្តែ​អ្វីដែល​លោក​ឡេង ណា​វ៉ា​ត់​ត្រា បាន​ទម្លាយ គឺ​បញ្ជាក់​យ៉ាងច្បាស់​ថា កំពូល​តារាចម្រៀង​ទាំងពីរ​មិនបាន​កាច់​កុង​គ្នា​ដូច​អ្វី​ដែលមាន​ការយល់ច្រលំ​នោះទេ​។ ផ្ទុយទៅវិញ បើទោះជា​មើល​មួយ​ភ្លែត​គឺ​អ្នក​ទាំងពីរ​ប្រកួតប្រជែង​គ្នា​ដណ្ដើម​ប្រជាប្រិយភាព និង​ទីផ្សារ​សិល្បៈ តែ​សម្រាប់​ទំនាក់ទំនង​ខាងក្រៅ​សិល្បៈ គឺ​អ្នក​ទាំងពីរ​ជា​ដៃគូ​ជំនួញ យល់ចិត្ត​គ្នា ទើប​ឈានដល់​ការ​បោះទុន​ម្នាក់ៗ​មិនតិចជាង​លាន​ដុល្លារ ជាមួយនឹង​លោក ឡេង ណា​វ៉ា​ត់​ត្រា បើក​គម្រោង​ពុះ​ឡូ​តិ៍​រួមគ្នា និង​មាន​សង់​វីឡា​លក់​ផង​ដែល​នេះ​គឺជា​ជំនួញ មិនធម្មតា​៕ ដោយ​: បញ្ញា​សាស្ត្រ​