ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបគ្រូពេទ្យ សម្តេចតេជោ ប្រឆាំងកូវីដ១៩ ចំនួន ៤២២ នាក់នៅវិមាន​សន្តិភាព

91
ចែករម្លែក
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបគ្រូពេទ្យ សម្តេចតេជោ ប្រឆាំងកូវីដ១៩ ចំនួន ៤២២ នាក់​នៅវិមាន​សន្តិភាព

ដោយៈតារារិទ្ធ(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​នឹងអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ ប្រមាណជាង ៤២២នាក់​នៅវិមានសន្តិភាព ។

ជំនួបសម្តេចតេជោ ហ៊ុន សែន ជាមួយក្រុមគ្រូពេទ្យសម្តេចតេជោនៅថ្ងៃនេះ​ធ្វើឡើងនៅវិមានសន្តិភាព គឺជាការផ្តល់ការណែនាំនិងលើកទឹកចិត្តដល់​ក្រុមគ្រូពេទ្យ ដែលបានស្ម័គ្រចិត្តដើម្បីសង្គ្រោះជីវិតមនុស្ស។

កាលពីពេលថ្មីៗនេះ ក្រសួងសុខា ភិបាលបានអំពាវនាវដល់អ្នកមានជំនាញ​វិជ្ជាជីវៈពេទ្យ ក៏ដូចជាសិស្ស និស្សិតដែលកំពុងសិក្សាផ្នែកវេជ្ជសាស្ត្រជួយ​ជាកម្លាំង​ប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ។

ក្រោយការអំពាវនាវនេះ សមាគមគ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោ (TYDA) ដែលមានលោក ហ៊ុន ម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាលនិងលោកស្រី ពេជ ចន្ទមុន្នី ជាអនុប្រធានក្រុមប្រឹក្សាភិបាលនោះ ក៏បានចេញមកអំពាវនាវបន្ត​ផងដែរ។

តាមរយៈការអំពាវនាវនេះ មានអ្នកប្រកបវិជ្ជាជីវៈពេទ្យ សិស្ស និងនិស្សិត ដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សា ក៏បានដាក់ពាក្យចូលរួម​សកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩ជាបន្តបន្ទាប់ ។ ក្រោយបានទទួលអ្នកស្ម័គ្រចិត្ត​ហើយនោះ សមាគមគ្រូពេទ្យយុវជនសម្តេចតេជោ ក៏បានបើកវគ្គបណ្តុះ បណ្តាល​និងបំពាក់បំប៉នបច្ចេកទេសបន្ថែមទៅលើការបង្ការ និងត្រួត ពិនិត្យការចម្លងជំងឺ​កូវីដ១៩​នេះ។

គិតមកដល់ត្រឹមថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ ១៩ ចំនួន ៩១ នាក់ក្នុងនោះស្រី២២នាក់ ប្រុស ៦៥នាក់ ។ អ្នកឆ្លងនេះរួមមាន៖ ជនជាតិចិន ១នាក់, អង់គ្លេស ៣ នាក់, កាណាដា១នាក់,ប៊ែលហ្សិក ១នាក់, បារាំង ៣៤នាក់ ,ទារកអាយុ៤ខែ ១នាក់, ម៉ាឡេស៊ី ១២ នាក់ និងខ្មែរ ៣៥នាក់។ ក្នុងចំណោមអ្នកឆ្លង ៨៧នាក់នេះ បានព្យាបាលឱ្យជាសះស្បើយចំនួន ៦នាក់ រួមមានបុរសជនជាតិចិន និងស្ត្រីជនជាតិអង់គ្លេសនិងខ្មែរ ៤ នាក់ ៕/Ha

គ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩