ព្រឹកនេះ សម្តេចនាយក​រដ្ឋមន្ត្រី​អញ្ជើញ​សម្ពោធ​រោងចក្រ​ស៊ីម៉ង់ត៍​តម្លៃ​ជាង​២០០ លាន​ដុល្លារ​នៅ​ខេត្តកំពត​

327

(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ នេះ​បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ រោងចក្រ​ផលិត​ស៊ីម៉ងត៍ របស់​ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន (Chip Mong Insee Cement Corporation) ដែលមាន​តម្លៃ​ប្រមាណ ២៦២ លាន​ដុល្លារ​អាមេរិក ។​

​រោងចក្រ​នេះ​មាន​សមត្ថភាព​ផលិត​ស៊ីម៉ង់​តិ៍​រហូតដល់​៥.០០០​តោន​ក្នុង​មួយថ្ងៃ ជា​រោងចក្រ​ស៊ីម៉ង់​ដ៏​ទំនើប​និង​ធំជាងគេ​នៅ​កម្ពុជា​​ដែល​ស្ថិតនៅ​ស្រុក​ទូក​មាស​ខេត្តកំពត ។ នេះ​គឺជា​រោងចក្រ​ស៊ីម៉ងត៍​ទី​៤​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ការវិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ដ៏​ច្រើន​នេះ​មិនមែន​គ្រាន់តែ​ជាការ​ធ្វើ​ពាណិជ្ជកម្ម​នោះទេ ក៏ប៉ុន្តែ​នឹង​ផ្តល់​ការងារ​ប្រមាណ ៤០០ កន្លែង​ដល់​ប្រជាជន​កម្ពុជា​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​របស់​ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន​បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​នេះ​បាន​នាំយក​អ្នក​​ជំនាញ​មកពី​បរទេស​ដែលមាន​បទពិសោធន៍​ប្រមាណ​៤០​ឆ្នាំ ចំនួន​១០​ភាគរយ​ដើម្បី​មកជួយ​បង្ហាត់បង្រៀន​កូន​ខ្មែរ​ទាំងអស់​ឲ្យ​ចេះ​​ពី​វិធីសាស្ត្រ​ក្នុងការ​ផលិត​នូវ​ស៊ីម៉ង់ត៍​ខ្នាត​អន្តរជាតិ ដើម្បី​ទុកជា​ចំណេះ​ផ្ទាល់ខ្លួន​មក​អភិវឌ្ឍ​ប្រទេស​កម្ពុជា ។ ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន មានការ​តាំងចិត្ត​យ៉ាង​មុតមាំ​ទៅលើ​ការអភិវឌ្ឍ​គុណភាព និង សមត្ថភាព​ធនធានមនុស្ស​ដែលជា​មូលដ្ឋាន​​សំខាន់​សម្រាប់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​។​
​ ​
​តាម​របាយការណ៍​រប​ស់​ក្រសួង​រ៉ែ និង ថាមពល​រហូតមកដល់​ពេលនេះ​វិនិយោគិន​បានស្នើ​សុំ​នូវ​ទីតាំង​ដ៏​មាន​សក្ដានុពល​សម្រាប់​​ការវិនិយោគ​រោងចក្រ​ស៊ីម៉ងត៍​ចំនួន ៥ ក្រុមហ៊ុន​រួចមកហើយ នៅ​ខេត្តកំពត​ចំនួន ៤ និង ខេត្តបាត់ដំបង​ចំនួន ១ ។

​បច្ចុប្បន្ន​ក្រុមហ៊ុន​ស៊ីម៉ងត៍​ពីរ​គឺ​ក្រុមហ៊ុន K Cement ដែល​បាន​វិនិយោគ ១៨០ លាន​ដុល្លារ និង​ក្រុមហ៊ុន Cambodia Cement Chakrey Ting Factory ដែល​បាន​វិនិយោគ ៩៩ លាន​ដុល្លារ​កំពុង​ផ្គត់ផ្គង់​ដល់ទី​ផ្សារ​រួចហើយ​ខណៈ​ក្រុមហ៊ុន​ស៊ីម៉ងត៍​ថៃ​ប៊ុន​រ៉ុង ដែល​វិនិយោគ ៤៥ លាន​ដុល្លារ​កំពុង​សាកល្បង​ចង្វាក់​ផលិតកម្ម ។​

​ក្រុមហ៊ុន​ស៊ីម៉ងត៍​ពីរ​គឺ​ក្រុមហ៊ុន​ស៊ីម៉ងត៍​ឥន្ទ្រី ជីប ម៉ុង វិនិយោគ​២៦២​លាន​ដុល្លារ និង​ក្រុមហ៊ុន ស៊ីម៉ងត៍​ខ្យង Battambang Conch Cement Co.,Ltd វិនិយោគ ៦០ លាន​ដុល្លារ​គ្រោង​នឹង​ដំណើរការ​នៅក្នុង​ឆ្នាំនេះ​។​

​រោងចក្រ​ផលិត​ស៊ីម៉ង​តិ៍​របស់​ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន ដែលមាន​សមត្ថភាព​ផលិត​ចំនួន ៥០០០ តោន​ក្នុង​មួយថ្ងៃ​ដែល​នឹង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ជា​លើកដំបូង​បន្ទាប់មក​នាំចេញ​ទៅ​ទីផ្សារ​ប្រទេសជិតខាង​ដូចជា ថៃ វៀតណាម និង​ឡាវ​។​
​ ​
​ក្រុម​អ្នករកស៊ី​ខាង​វិស័យ​សំណង់​បាន​បង្ហាញថា​កម្ពុ​ជាមាន​តម្រូវការ​ស៊ីម៉ង​តិ៍​ច្រើន​ដែលមាន​ទំហំ ២០ ទៅ ៣០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​ហើយ​តម្រូវការ​ស៊ីម៉ង​តិ៍​នឹង​បន្ត​កើនឡើង​ដោយសារ​សេដ្ឋកិច្ចកម្ពុជា​បន្ត​មាន​ភាព​រីកចម្រើន និង​មាន​អ្នកវិនិយោគ​អន្តរជាតិ​​ចូល​មកជា​បន្តបន្ទាប់ ៕​ដោយ​៖​តារា​រិ​ទ្ធ​/sn