ព្រឹកនេះ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញទៅកាន់​ប្រទេស​ឡាវ ​ដើម្បី​ស្នើ​ឲ្យ​ឡាវ​ដក​កងទ័ព​ចេញពី​ទឹកដី​កម្ពុជា​

317

(​ភ្នំពេញ​)៖ នៅវេលា​ម៉ោង​៧៖៣៥​នាទី​ព្រឹក ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី្ក​នៃ​កម្ពុជា អញ្ជើញ​ចាកចេញ​ពី​កម្ពុជា​ហើយ ឆ្ពោះទៅកាន់​ប្រទេស​ឡាវ ដើម្បី​ជជែក​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយនឹង​សម​ភាគី​ឡាវ​លោក​ ថោង​លន់ ស៊ី​ស៊ូ​លី​ត ។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​កម្ពុ​ជា បានបញ្ជាក់​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ស្នើឱ្យ​រដ្ឋាភិបាល​ឡាវ ដក​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​របស់ខ្លួន ចេញពី​តំបន់​ក្បែរ​អូ​អាឡៃ និង​តំបន់​អូរ​តា​ង៉ាវ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ជាប់​ព្រំដែន​នឹង​ខេត្ត​អា​តា​ពើ របស់​ប្រទេស​ឡាវ​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ស្រ៊ី ថា​ម​រ៉ុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ប្រាប់​ឲ្យ​ដឹង មុន​ឡើង​យន្តហោះ​ចាកចេញ​ពី​កម្ពុជា​ថា គណៈប្រតិភូ​អមដំណើរ​សម្តេច​តេ​ជោ នាពេលនេះ​មាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​, លោក ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​, លោក ស្រ៊ី ថា​ម​រ៉ុង​, លោក កៅ គីម​ហួន និង​សមាជិក​ជាន់ខ្ពស់​មួយចំនួនទៀត នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​វិលត្រឡប់​មកកាន់​មាតុភូមិ​វិញ នា​រសៀល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧​នេះ​។​ដោយ៖វាសនា