ព្រឹកស្អែក សម្តេចតេជោ អញ្ជើញ​បើកសន្និសីទចក្ខុវិស័យ ប្រទេស​កម្ពុជា ឆ្នាំ២០១៩

471
ចែករម្លែក
  • 47
    Shares
ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១៩

ដោយៈតារារិទ្ធ/ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្អែកនេះ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងអញ្ជើញ​បើក​សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៣ ឆ្នាំ២០១៩នៅសណ្ឌាគារ ហ្រ្កេត ធុក(Great Duke) ។ សន្និសីទ នេះនឹងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ អ្នក ជំនាញការក្នុងស្រុក និងក្នុងតំបន់ អ្នកសិក្សាស្រាវជ្រាវ មន្ត្រីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជន និងសង្គមស៊ីវិលជាង៣០០នាក់។

សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាប្រចាំឆ្នាំលើកទី១៣ ធ្វើឡើងក្រោមប្រធានបទស្តីពី «ការប្រែក្លាយផ្នែកឌីជីថល ឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០» ដែលជាកិច្ចសហការ​ជាដៃគូរវាងវិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និង ក្រុមហ៊ុន ជីហ្គៀ (G Gear)។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា សន្និសីទចក្ខុវិស័យ ឆ្នាំនេះ មាន​ប្រធានបទជាប់ទាក់ទងទៅនឹងស្ថានការណ៍បច្ចុប្បន្ន។ ស្របគ្នានឹងការរីក​ចម្រើន​នៃឧស្សាហកម្ម៤.០ ការប្រែក្លាយផ្នែកឌីជីថលអាចជាក្បាលម៉ាស៊ីនជំរុញ​កំណើន​ថ្មីមួយ ដែលកម្ពុជាត្រូវការ ដើម្បីសម្រេចចក្ខុវិស័យរយៈពេលវែង ក្លាយជា​ប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង មានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សន្និសីទនេះមានប្រធានបទតូចៗជាច្រើន សំដៅបំផុស ឲ្យមានការផ្លាស់ប្តូរមតិត្រង់​ទៅត្រង់មកពីវិធីចាប់យកឱកាសល្អៗ នៃការប្រែក្លាយផ្នែកឌីជីថល ដើម្បីជួយគាំទ្រ​ដល់កំណើនរយៈពេលវែង និងមាគ៌ាអភិវឌ្ឍន៍ និងការផ្តល់គំនិតពីការកសាងគ្រឹះដ៏​រឹងមាំ​មួយសម្រាប់យុទ្ធសាស្ត្រផ្នែកឌីជីថលនៅកម្ពុជា។

​សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១៩ មានគោលដៅ ផ្តល់ជាវិភាគទានដល់​ការរចនាតាក់តែង និងអនុវត្តគោលនយោបាយ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍ​ប្រទេសកម្ពុជា។ ដំណើរការនៃសន្និសីទ និង ការផ្តល់មតិផ្នែកគោលនយោបាយ​ផ្សេងៗទៀត៕សរន

#