ព្រឹក​ថ្ងៃ​២១​កក្កដា​នេះហើយ​! ធឺ​មែន ប៉ង​បញ្ចប់​អាជីព​គូប្រជែង តែ​ប៉ាក​គី​អាវ ថា​នឹង​ផ្តល់​មេរៀន​ដល់​គាត់​

858
ចែករម្លែក

​ឃី​ត ធឺ​មែន​(Keith Thurman )​ទំនង​ជា​បាន​ល្បី​ឈ្មោះ​ដោយសារ​បាន​ឡើង​សង្វៀន​ប្រកួត​ជា​មួយ​ស្តេច​ប្រដាល់​អាស៊ី​និង​ជា​ជើងឯក​ប្រដាល់​ពិភពលោក​៨​ស្ថាប័ន​ផ្សេង​គ្នា មែន​នី​​ប៉ាក​គី​អាវ តែ​ក្នុង​ការប្រកួត​នា​រាត្រី​ថ្ងៃ​សៅរ៍​ដែល​ត្រូវជា​ព្រឹក​ថ្ងៃអាទិត្យ​ទី​២១​កក្កដា​ម៉ោង​នៅ​កម្ពុជា អ្នក​ប្រដាល់​អាម៉េរិក​មិនដែល​ស្គាល់​ចាញ់​យើង ចង់​បញ្ចប់​អាជីព​ប្រដាល់​​របស់​អ្នកនយោបាយ​ហ្វីលីពីន​រូប​នេះ​ថែម​ទៀត​។​

​ធឺ​មែន (​ឈ្នះ​២៩​លើក ចាញ់​០ និង​វាយ​ដៃគូ​អោយ​សន្លប់​កណ្តាល​ទី​២២​លើក​) ក្មេង​ជា​គូប្រកួត​ដល់​ទៅ​១​ទសវត្សរ៍​ឯណោះ និង​ពិតជា​មាន​កម្លាំង​ជាង ហើយ​អាច​ថា​រហ័ស​ជា​គូ​ប្រកួត​​ថែមទៀត​ផង​។​តាមពិត​នរណា​ក៏​ដឹងថា ធឺ​មែន ជា​ជើងឯក​ប្រដាល់​ទម្ងន់​លើ​មធ្យម​(welterweight-៦៣,៥-៦៦,៧ គីឡូក្រាម​)​ដ៏​ស្វិតស្វាញ និង​បាន​សំដី​ម្នាក់​។​

​ធឺ​មែន​បាន​អះអាង​ថា​«​ខ្ញុំ​បាន​បង្កើន​សមត្ថភាព​ថ្វី​ដី​និង​ធ្វើអោយ​មាន​ការរីកចំរើន​ពេញ​មួយ​អាជីព​របស់​ខ្ញុំ ឆ្ពោះ​មក​កាន់​ការប្រកួត​នា​រាត្រី​ថ្ងៃ​សៅរ៍​នេះ​។​នេះ​ពិតជា​សុបិន​ក្លាយ​​ជា​ការ​ពិត​មែន​»​។​

​តែ​ទោះជា​យ៉ាងណា មែន​នី ប៉ាក់​គី​អាវ​(​ឈ្នះ​៦១ ចាញ់​៧ និង​វាយ​ដៃគូ​អោយ​សន្លប់​៣៩​លើក​)​និង​គ្រូបង្វឹក​របស់​លោក​យល់​ថា ការជួប​ជាមួយ​ដៃគូ​អាម៉េរិក​លើក​នេះ​គ្រាន់តែ​ជា​​ឧបសគ្គ​មួយ​ទៀត​ដែល​ត្រូវ​ខំ​ជម្នះ ជាមួយ​នឹង​ការរៀបចំ​ផែនការ​វៃឆ្លាត​និង​បទពិសោធន៍​ចិត្តសាស្ត្រ​។​

​ប៉ាក​គី​អាវ ថែមទាំង​មាន​ផែនការ​បង្រៀន​មេរៀន​ឈឺចាប់​មួយ ដល់​ជើងឯក​welterweight ប្រចាំ​ស្ថាប័ន​WBA​រូប​នេះ​ថែម​ទៀត​នៅក្នុង​សង្វៀន​នៃ​ទីក្រុង​ឡា​ស វេ​សហ្កាស​។​​លោក​បាន​និយាយ​ដូច្នេះ​ថា​« ខ្ញុំ​ចង់​បង្រៀន​គាត់ ដូច​ជា​សាស្ត្រាចារ្យ​ម្នាក់​។​ខ្ញុំ​បាន​ត្រៀម​សំរាប់​ការប្រកួត​នេះ ។​វា​ជា​ការហ្វឹកហាត់​ខ្លាំង​បំផុត ដូច្នេះ​អ្វីៗ​ត្រៀម​រួចរាល់​ហើយ​សំរាប់​​ការប្រកួត​»​។​

​តែ ធឺ​មែន ដែល​គ្រង​ខ្សែក្រវាត់​WBA​ចាប់តាំងពី​ឆ្នាំ​២០១៥​មក បាន​និយាយថា «​វា​ដល់​ពេល​ខ្ញុំ​ហើយ​។​ខ្ញុំ​នឹង​នៅតែ​ជា​ជើងឯក​ក្រោយ​ការប្រកួត​នៅ​ថ្ងៃស្អែក​។​មែន​នី ប៉ាក​គី​អាវ​​មិន​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត​ទេ »៕​ដោយ​៖​វាសនា​

អ្នក​ប្រដាល់​ទាំង​២ នឹង​ប៉ះគ្នា​នៅ​សង្វៀន MGM Grand ដោយ​ប៉ាក​គី​អាវ ត្រូវ​រំពឹងថា​នឹង​ដណ្តើម​ខ្សែក្រវាត់​ពី ធឺ​មែន តែ មិន​អាច​មើលស្រាល ធឺ​មែន ដែល វ៉ៃ​មិនដែល​​ស្គាល់​ចាញ់ និង​ក្មេង​ជា​គូប្រកួត​ដល់​ទៅ​១០​ឆ្នាំ​