ព្រឹក​នេះ​មេធាវី​កងយោធពល​ខេមរភូមិន្ទ ចូល​បំភ្លឺ​លើ​សំណុំរឿង​ប្តឹង​ទណ្ឌិត សម រង្ស៊ី​

293

(​ភ្នំពេញ​) ៖ លោក វង្ស ភក្តី មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​អគ្គបញ្ជាកា​រដ្ឋា​ន កងយោធពល​ខេមរភូមិន្ទ នឹង​ចូល​បំភ្លឺ​ចំពោះមុខ​លោក សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៧​នេះ ជុំវិញ​បណ្តឹង​ប្តឹង​ទណ្ឌិត សម រង្ស៊ី ពីបទ ញុះញង់​កុំឱ្យ​យោធិន ស្តាប់បង្គាប់ ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​ប្រមាថ​។​

លោក_-វង្ស_-ភក្តី_-មេធាវីតំណាងដោយអាណត្តិ-របស់អគ្គបញ្ជាការដ្ឋាន-កងយោធពលខេមរភូមិន្ទ

​បើតាម​លិខិតអញ្ជើញ​របស់ លោក សៀង សុខ បានកំណត់​ឱ្យ លោក វង្ស ភក្តី ចូល​បំភ្លឺ​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ វេលា​ម៉ោង​៩​នាទី​ព្រឹក នៅ​ជា​ន់ទី​២ បន្ទប់ «​ប​»​។ ទន្ទឹមគ្នា​នឹង​ការកោះហៅ មេធាវី​ដើមបណ្តឹង​នេះ លោក សៀង សុខ ក៏បាន​ចេញ​ដីកា​កោះហៅ​ទណ្ឌិត សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យចូល​ខ្លួន​ទៅ​បំភ្លឺ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨ ខាងមុខនេះ ក្នុងនាម​ជនសង្ស័យ​ផងដែរ ។​
​ ​
​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៧ លោក វង្ស ភក្តី មេធាវី​តំណាង​ដោយ​អាណត្តិ របស់​អគ្គមេបញ្ជាការ​នៃ​កងយោធពល​​ខេមរភូមិន្ទ បានដាក់​ពាក្យ​ប្តឹង​ទណ្ឌិត សម រង្ស៊ី ទៅកាន់​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ញុះញង់​កុំឱ្យ​យោ​​ធិ​ន​ស្តាប់បង្គាប់​ថ្នាក់ដឹកនាំ​ស្របច្បាប់ ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព​និង​ប្រមាថ​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ ។​
​ ​
​នៅក្នុង​ពាក្យបណ្តឹង បាន​រៀបរាប់​ដែរ​ថា “​នៅ​អំឡុង​ដើមខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ឈ្មោះ សម រង្ស៊ី បាន​ញុះញង់​ឱ្យ​កងកម្លាំង​កុំឱ្យ​ស្តាប់​បញ្ជា​​របស់ ប្រមុខ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត និង​បាន​ប្រមាថ​ថ្នាក់ដឹកនាំ កងយោធពល​ខេមរភូមិន្ទ ព្រមទាំង​ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព ដែល​អំពើ​នេះ​ធ្វើឱ្យប៉ះពាល់ ដល់​សន្តិសុខ​នៃ​រដ្ឋ ដែលជា​បទល្មើស​ចែង នៅក្នុង​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​អនុវត្ត​”៕​ដោយ​៖​វិបុល​/sn