ព្រឹក​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ប្រកាស​ការចូល​កាន់តំណែង​របស់លោក សុខ ទូច ជា​ប្រធាន​រាជបណ្ឌិត្យសភា

1110
ចែករម្លែក

(​ភ្នំពេញ​) ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧ នេះ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​​ប្រកាស​ចូលកាន់​តំណែង​ជា​ប្រធាន​រាជបណ្ឌិត្យ សភា​កម្ពុជា​របស់លោក​បណ្ឌិត សុខ ទូច ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​។​
​ ​
​សូមជម្រាបថា លោក​បណ្ឌិត សុខ ទូច សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមរៈ ត្រូវបាន​ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ​កាលពី​ថ្ងៃ​​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​ប្រធាន​រាជបណ្ឌិត្យសភា​ជំនួស​លោកស្រី​បណ្ឌិត​សភាចា​រ្យ ខ្លូត ធីតា​។​
​ ​
​ក្រៅពី​ការប្រកាស​ការចូល​កាន់​តំណែង​ជា​ប្រធាន​រាជបណ្ឌិត្យសភា​របស់ លោក​បណ្ឌិត សុខ ទូច នៅមាន​មន្ត្រី​០៦​រូប​ផ្សេង ទៀត ក៏​ត្រូវបាន​ប្រមុខរដ្ឋស្តីទី សម្រេច​តែងតាំង ឋានៈ​ជា​មន្ត្រីរាជការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ផងដែរ​។​
​ ​
​មន្ត្រី​ទាំង ០៦​រូបនោះ​រួមមាន​៖

១.​លោក ច័ន្ទ សំណព្វ ត្រូវបានតែងតាំង​ជា​អនុប្រធាន​បណ្ឌិត្យសភា​ក​ម្ពុ​ជា ឋានៈ​ស្មើ​រដ្ឋលេខាធិការ​

​ទី​២.​លោក យង់ ពៅ ជា​អគ្គលេខាធិការ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ឋានៈ​ស្មើ​រដ្ឋលេខាធិការ​

​ទី​៣.​លោក ជូន ច័ន្ទ​ដា​រី ជា​អគ្គលេខាធិការរង នៃ​រាជបណ្ឌិត្យសភាកម្ពុជា ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​

​ទី​៤.​លោក លី សុធី​រ័ត្ន ជា​អគ្គលេខាធិការរង នៃ​រាជបណ្ឌិត្យសភាកម្ពុជា ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​

​ទី​៥.​លោក សូត្រ សំណាង ជា​អគ្គលេខាធិការរង នៃ​រាជបណ្ឌិត្យសភាកម្ពុជា ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ

​ទី​៦.​លោក គិ​ន ភា​ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្ដរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ឋានៈ​ស្មើ​អគ្គនាយក​៕ដោយ៖វិបុល/sn