ព្រឹក​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវជាតិ​លេខ​១

701

(​ភ្នំពេញ​) ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៣ ខែមីនា ឆ្នាំ​២០១៨​នេះ អញ្ជើញ​សម្ពោធ​​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កំណាត់​ផ្លូវជាតិ​លេខ​១​។​

​គួរ​បញ្ជាក់ថា គម្រោង​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​១ ដំណាក់កាល​ទី​៤ មាន​ប្រវែង​សរុប​៤​គីឡូម៉ែត្រ​គត់​គិត​ចាប់ពី​ទីប្រជុំជន​ត្រង់​​ចំណុច​គល់ស្ពាន​ព្រះមុនីវង្ស ត្រើយ​ខាងកើត គីឡូម៉ែត្រ លេខ​០+០០០ ដល់​គី​ឡួ​ម៉ែត្រ ៤+០០០ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​កំណាត់​ផ្លូវ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​ជប៉ុន ដែល​ក្នុងនោះ​គ្រឹះ​ផ្លូវ​មាន​កម្រាស់​រហូតដល់ ៦៥​សង់ទីម៉ែត្រ និង​ស្រទាប់​ខាងលើ​ចាក់​​បេតុង​កៅស៊ូ AC​កម្រាស់ ២០​សង់ទីម៉ែត្រ ដែល​ធ្វើ​ឲ្យ​កំណាត់​ផ្លូវ​នេះ មាន​កម្រាស់​បេតុង​កៅស៊ូ​ក្រាស់​ជាងគេ​នៅក្នុង​ព្រះរាជា​ណា​​ចក្រ​កម្ពុជា​។ លើសពីនោះ​កំណាត់​ផ្លូវ​នេះ មាន​ទទឹង​ចាប់ពី ២៥​ម៉ែត្រ រហូតដល់ ៣៩​ម៉ែត្រ ក្នុងនោះ មាន ៤​គន្លង​សម្រាប់​រថយន្ត (២​ទៅ​, ២​មក​) ២​គន្លង សម្រាប់​ម៉ូតូ (១​ទៅ​, ១​មក​) និង​ចិញ្ចើមផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង​ចាប់ពី ១​ម៉ែត្រ រហូតដល់ ៨,៥០​ម៉ែត្រ​ដែលមាន​បង្កប់​​លូ​មូល​នៅ​ខាងក្រោម​ផងដែរ ដើម្បី​រំដោះ​ទឹក កុំ​ឲ្យ​លិច​ផ្លូវ ជាពិសេស នា​រដូវវស្សា​។​

​បើទោះបី​កំណាត់​ផ្លូវ​នេះ​មាន​ប្រវែង​ត្រឹមតែ​ជាង ៤​គីឡូម៉ែត្រ តែ​បាន​បាន​ចំណាយ​ថវិកា​ជាង ២៣​លាន​ដុល្លារ​អាមេរិក​។​ក្នុងនោះ​ថវិកា​​ប្រមាណ​ជា ១៦​លាន​ដុល្លារ​អាមេរិក ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន និង​ថវិកា ៧,៨៧​លាន​ដុល្លារ​អាមេរិក​ជា​ថវិកា​ប​ដិ​​ភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ​គោលនយោបាយ និង​ផលប៉ះពាល់​៕​ដោយ​៖​វិបុល​/sn