ព្រឹក​នេះ​សម្តេច​តេ​ជោ​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត RULE ជិត ៣​ពាន់​នាក់​

143
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ នឹង​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​បញ្ចប់​ការសិក្សា ដោយ​ជោគជ័យ​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) ប្រមាណ ២,៧៩០​នាក់ ក្នុងនោះ​នារី ១,៣៨០​នាក់​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​

​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច គឺជា​គ្រឹះស្ថាន​អប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​មួយ​របស់​រដ្ឋ ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បណ្តុះបណ្តាល​ធន ធាន​មនុស្ស​ផ្នែក​ច្បាប់ សេដ្ឋកិច្ច និង​ផ្នែក​ផ្សេងៗ​ទៀត​ដើម្បី​បម្រើឱ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​នៅ​កម្ពុជា​។

​យោងតាម​របាយការណ៍​របស់​សាកលវិទ្យាល័យ​បានឱ្យដឹងថា គិត​ចាប់ពី​ឆ្នាំ​១៩៨២ ដល់​បច្ចុប្បន្ននេះ សិក្ខាកាម និង​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ជា​ស្ថាពរ​ពី​សាកលវិទ្យាល័យ​នេះ មាន​ចំនួន​សរុប​ប្រមាណ ៥៤,៨៨៩​នាក់ នារី ២០,៤០៩​នាក់​។ ក្នុងនោះ​មាន​និស្សិត​បរទេស​ចំនួន ១៥៨ នាក់ នារី ៥៣​នាក់​។ និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​កំពុង​បម្រើ ការងារ​នៅក្នុង​ស្ថាប័ន រដ្ឋ វិស័យ​ឯកជន អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ និង​បង្កើត​អាជីវ កម្ម​ផ្ទាល់ខ្លួន​។

​របាយការណ៍​របស់​សាកលវិទ្យាល័យ បានឱ្យដឹង​ផងដែរ​ថា ក្នុងចំណោម​និស្សិត​ជ័យលាភី​ដែល​ទទួល​សញ្ញាបត្រ​នេះ មាន​និស្សិត​ប្រមាណ ៩៣,៦៩% មានការ​ងារ​ធ្វើ ក្នុងនោះ​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​មាន ៩៣,១៦% និង​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​មាន ៩៨,២៧%៕ ល​