ព្រឹក​នេះ​! សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ សាកលវិទ្យាល័យ​ក្រចេះ​

1534
ចែករម្លែក

​ដោយ​: តារា​រិ​ទ្ធ / ក្រចេះ​: សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា​នេះ បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ សាកលវិទ្យាល័យ​ក្រចេះ ដែលមាន​ទីតាំង​ស្ថិតនៅ ក្រចេះ​ក្រុង ខេត្តក្រចេះ​។​

​បើតាម​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹងថា ការបង្កើត​ឲ្យ​មាន​សាកល​វិទ្យាល័យ​នេះ គឺជា​ជំហាន​មួយ ឈាន​ឆ្ពោះទៅ​សម្រេចបាន នូវ​គោលដៅ​ពង្រឹង និង​អភិវឌ្ឍ​ធនធានមនុស្ស​កម្ពុជា ស្របតាម​យុទ្ធសាស្ត្រ​អាទិភាព របស់​រាជរដ្ឋាភិបាល ដែល​ជំរុញ​លើកទឹកចិត្ត ដល់​ការបង្កើត និង​អភិវឌ្ឍន៍​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា នៅតាម​បណ្តា​ខេត្ត​នានា ក្រោម​ពាក្យស្លោក «​ខេត្ត​មួយ សាកលវិទ្យាល័យ​រដ្ឋ​មួយ​»​។​

​សាកលវិទ្យាល័យ​ក្រចេះ​នេះ មាន​ទម្រង់​ដូច​ទៅនឹង សាកលវិទ្យាល័យ​ផ្សេងទៀត នៅ​កម្ពុជា ប៉ុន្តែ​នឹង​អនុវត្ត​ការងារ​ជា​ជំហានៗ ពី​តូច​ទៅ​ធំ ដោយ​ផ្តោតលើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ជា​ជំហាន​ដំបូង សាកល​វិទ្យាល័យ នឹង​ផ្តោត​សំខាន់ ទៅលើ​ការបណ្តុះបណ្តាល​ផ្នែក​កសិកម្ម ក​សិ​-​ឧស្សាហកម្ម ទេព​កោ​ល​ស្យ​ជនបទ ភាសាបរទេស និង​ព័ត៌មានវិទ្យា ដែល​អាច​និយាយបានថា ជា​ផ្នែក​មួយ លើកកម្ពស់​ការអប់រំ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​។​

​លោក​រដ្ឋមន្ត្រី​អប់រំ បាន​បន្ថែមថា ការបណ្តុះបណ្តាល​នៅទីនេះ នឹងមាន​គ្រប់​ថ្នាក់ និង​កម្រិត ចាប់ពី​ថ្នាក់​បរិញ្ញា​បត្ររង រហូតដល់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នាពេល​អនាគត តាមរយៈ​កិច្ចសហប្រតិបត្តិការ ជាមួយ​សាកលវិទ្យាល័យ​ល្បីៗ ក្នុង​តំបន់ និង​អន្តរជាតិ​។​

​ជំនួយ​របស់​ចិន ក្នុង​ការកសាង​សាកលវិទ្យាល័យ​ក្រចេះ រួមមាន​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​នេះ ក្រោមរូបភាព​ហិរញ្ញប្បទាន​ឥត​សំណង់ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចំនួន​៦០​លាន​យ័ន ស្មើនឹង​ប្រមាណ​១០​លាន​ដុល្លារ​អាមេរិក​។​

​សូម​រំលឹកថា សាកលវិទ្យាល័យ​ក្រចេះ ត្រូវបាន​ប្រារព្ធ​ពិធី​បញ្ចុះបឋមសិលា​សា​ង​សង់ នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​លោក គាត ឈន់ ក្នុងឋានៈ​ជា​ប្រធាន​អង្គការ​មូលនិធិ​ឧ​ត្ត​ម​សិក្សា​ក្រចេះ និង​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​៕ ល​