ដោយ: មុនីរ័ត្ន / ភ្នំពេញ: នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នេះ ក្រសួងការពារជាតិ បានធ្វើពិធីផ្ទេរប្រគល់តំណែងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក នៅទីស្តីក្រសួង ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ការផ្ទេរប្រគល់តំណែងជូននាយឧត្តមសេនីយ៍ សៅ សុខា និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺធ្វើឡើងអនុវត្តត្រឹមត្រូវ តាមនីតិវិធី តាមច្បាប់តម្រូវ។ ហើយដោយសារតម្រូវការមួយចំនួន គឺមានអ្នកដឹកនាំខ្លះ ត្រូវទទួលភារកិច្ចតាមច្បាប់តម្រូវឈរឈ្មោះជាតំណាងរាស្ត្រ និងជិតដល់ពេលឃោសនាបោះឆ្នោត គឺត្រូវសុំច្បាប់ពិសេសមុនមួយសប្តាហ៍។ ហើយនៅពេលដែលចេញទៅត្រូវតែមានអ្នកមកជំនួស គឺអត់មានការបែកបាក់ទេ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា នៅពេលមិនទាន់ប្រកាសនិងផ្ទេរតំណែង គឺមានការរំជើបរំជួលខ្លាំង និងមានការបកស្រាយផ្សេងៗ ប៉ុន្តែវាអនុវត្តត្រឹមត្រូវ តាមនីតិវិធី។
សូមជម្រាបថា លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងប្រាប់រស្មីកម្ពុជា កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឲ្យដឹងថា ពិធីផ្ទេរប្រគល់តំណែងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក មានដូចជាៈ នាយឧត្តមសេនីយ៍ ប៉ុល សារឿល , នាយឧត្តមសេនីយ៍ គន់ គីម , នាយឧត្តមសេនីយ៍ មាស សុភា , នាយឧត្តមសេននីយ៍ សៅ សុខា និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។
ប្រភពបានឲ្យដឹងបន្តថា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានប្រគល់ភារកិច្ចធ្វើជាអគ្គមេបញ្ជាការស្ដីទី នៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន ពីនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។ ការប្រគល់ភារកិច្ចអគ្គមេបញ្ជាការស្ដីទី នៃកងយោធពលខេមរភូមិន្ទ ជូននាយឧត្តមសេនីយ៍ សៅ សុខា គឺក្រោយពីនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឈរឈ្មោះជាបេក្ខជនតំណាងរាស្ដ្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នេះ។ ការឈរឈ្មោះជាបេក្ខជនតំណាងរាស្ដ្រ គឺតម្រូវឲ្យនាយឧត្តមសេនីយ៍ ប៉ុល សារឿន ត្រូវព្យួរតំណែងសិន ព្រោះច្បាប់បានកំណត់ថា យោធា ត្រូវតែព្យួរឈ្មោះ ឬតំណែងជាមុនសិន មុនឈរឈ្មោះបោះឆ្នោត។
ចំណែកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការរងកងទ័ពជើងគោក ទទួលភារកិច្ចជានាយសេនាធិការចម្រុះស្ដីទី និងជាមេបញ្ជាការកងទ័ពជើងគោកស្តីទី គឺក្រោយពីនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងនាយសេនាធិការចម្រុះ បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ដ្រ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦។ ដូចគ្នានេះដែរ ការដែលលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឡើងពីមេបញ្ជាការរងកងទ័ពជើងគោក ទៅជាមេបញ្ជាការកងទ័ពជើងគោកស្ដីទី គឺក្រោយពីនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ដ្រ៕ ល