ព្រឹក​នេះ សាលាឧទ្ធរណ៍​បើកសវនាការ​រឿងក្ដី​លោកស្រី ថាក់ ឡា​នី

286

(​ភ្នំពេញ​)៖​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា នេះ ត្រូវ​បើកសវនាការ​រឿងក្ដី​លោកស្រី ថាក់ ឡា​នី អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ពាក់ព័ន្ធ​បទល្មើស​បរិហារកេរ្តិ៍​ចោទប្រកាន់​សម្តេច​តេ​ជោ​ថា ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ។​

​លោក ទូច ថា​រិ​ទ្ធិ អគ្គលេខាធិការរង​និង​ជា​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ ថ្លែងថា សវនាការ​នេះ​ដឹកនាំ​ដោយ​លោក ប្លង់ សំណាង អនុប្រធាន​សាលាឧទ្ធរណ៍ នៅ​ម៉ោង​៨​ព្រឹក ថ្ងៃទី​១០ ខែសីហា ។​

​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោកស្រី ថាក់ ឡា​នី ដាក់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​និង​ពិន័យ​៨​លាន​រៀល ព្រមទាំង​សង​សំណង​ជំងឺ​ចិត្ត​ដល់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចំនួន​១០០​រៀល ។​

​លោកស្រី ថាក់ ឡា​នី ជាប់ចោទ​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​​សង្គម ប្រព្រឹត្ត​នៅ​ភូមិ​ប៉ា​តាង ឃុំ​ប៉ា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ តាម​មាត្រា ៣០៥ មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ៕sn​