ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​នៅ​តាខ្មៅ​ឆ្នាំនេះ ទាក់ទាញ​ទេសចរ​ប្រមាណ​ជា ១.២​លាន​នាក់​

950
ចែករម្លែក

​ក្រសួងទេសចរណ៍​បាន​បូកសរុប​ហើយ​នៅ​របាយការណ៍​នៃ​ចំនួន​ភ្ញៀវទេសចរ​ដែល​បានមក កំសាន្ត​នៅ​បុណ្យ​ទន្លេ​នា​ក្រុង​តាខ្មៅ ខេត្តកណ្តាល​កាលពី​ចុង​សប្តាហ៍​កន្លងទៅ ។​

​តាម​របាយការណ៍​ដែល​មន្ត្រី​ក្រសួង​បានផ្តល់​ឲ្យ បាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​នៃ​ការរៀបចំ បុណ្យ​ទន្លេ​លើក​ទី​៤ ដែល​ធ្វើ​នៅ​ក្រុង​តាខ្មៅ កាលពី​ថ្ងៃទី ៩ ដល់​ថ្ងៃទី ១១ ខែមីនា កន្លងទៅ​ថ្មីៗ​នេះ ត្រូវបាន​គេ​សន្និដ្ឋានថា បានទទួល​ទេសចរ​ជាតិ​និង​អន្តរជាតិ​ចំនួន​១.២​លាន​នាក់ ។​

​ប្រភព​ដដែល ក៏បាន​វាយតម្លៃថា​បុណ្យ​ទន្លេ​ឆ្នាំនេះ​ទទួលបាន​លទ្ធផល​ល្អ​តាម​ការរំពឹងទុក ដោយ គ្រប់​កម្មវិធី​ការងារ មាន​ទាំង​ការតាំង​ពិ​ពណ៌ ផលិតផល ការលេង​របាំ​តន្ត្រី​សិល្បៈ និង​កីឡា​គ្រប់​ប្រភេទ ជាដើម​នោះ មាន​លក្ខណៈ​តុបតែង រចនា​ម៉ូត​ភ្លើង​ល្អ​ប្រណិត បរិស្ថាន​ក្រុង​តាខ្មៅ​កាន់តែ​ស្អាត​គ្មាន​សំរាម ដែល​ផ្សាភ្ជាប់​ទៅ​និង​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ទេសចរណ៍ និង​សេវាកម្ម​មានគុណ​ភាព ។​

​ទាក់ទិន​នឹង​បុណ្យ​ទន្លេ​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ កាលពី​ពិធី​បើក​ថា នេះ​គឺជា​ព្រឹត្តិការណ៍​ដើម្បី​បង្ហាញ​ពី​ភាពសម្បូរ​ណ៍​បែប នៃ​ធនធានធម្មជាតិ និង​វប្បធម៌ នៅតាម​តំបន់​ទន្លេ​នៅ​កម្ពុជា ដើម្បី​រួមចំណែក​បង្កើន​ឧត្តមភាព និង សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ។​

​តាម​ការគ្រោងទុក ក៏ដូចជា អនុសាសន៍​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​បុណ្យ​ទន្លេ​លើក​ទី​៥​នឹង​រៀបចំ​នៅ​ខេត្តកំពង់ឆ្នាំង​។​

​គួរបញ្ជាក់​ថាៈ បុណ្យ​ទន្លេ​លើក​ទី​១ ត្រូវ​បានរៀបចំ​ធ្វើឡើង​នៅ​ខេត្តក្រចេះ លើក​ទី​២ ធ្វើ​នៅ​ខេត្ត​កំពង់ ចាម លើក​ទី​៣ ធ្វើ​នៅ​ខេត្តស្ទឹងត្រែង ។ ព្រឹត្តិការណ៍​នៃ​បុណ្យ​ទន្លេ​នីមួយៗ​ជា​ព្រឹត្តិការណ៍​ជាតិ​ដែល​បាន​ឆក់​ឱកាស​ទាក់ទាញ​ទេសចរ​ជាតិ​និង​អន្តរជាតិ ឱ្យគេ​មក​កំសាន្ត ស្គាល់​នូវ​វប្បធម៌​ជាតិ ស្គាល់​នូវ​ចារឹក​សិល្បៈ តាម​ខេត្ត​ដង​ទន្លេ ស្គាល់​នូវ​ផលិតផល​ខ្មែរ ដែល​ផលិត​បាន ។​